កំពង់ចាម៖ នា​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ក្រុម​គ្រួសារ និង​សាច់ញាតិ​ជួបជុំ​គ្នា​ដោយ​ការ​ទន្ទឹង​រង់ចាំ​ស្វាគមន៍​សមាជិក​ថ្មី​ចំពោះ​វត្ដមាន​ទារិកា ដែល​នឹង​ចាប់​កំណើត​ក្នុង​ផ្ទៃ​ម្ដាយ​ខ្មែរ​អ៊ិស្លាម នៅ​ឯ​ផ្ទះ​ផ្ទាល់​ខ្លួន​នៃ​ខេត្ដ​កំពង់ចាម។

ក្ដី​រំភើប​រីករាយ​ដ៏​អន្ទះសា បាន​ប្រែក្លាយ​ជា​អារម្មណ៍​តក់ស្លុត ស្ទើរ​គាំង​អស់​ស្មារតី ពេល​ទារិកា​ប្រសូត​មក​មាន​មុខ​មាត់​ចម្លែក​បំផុត ដែល​ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ភូមិ​រត់​មក​មើល​យ៉ាង​ឈូឆរ។

ជ្រក​ក្រោម​ដំបូល​ផ្ទះ​តោកយ៉ាក ទារិកា​នេះ​មាន​កែវ​ភ្នែក ២ ក្នុង​រង្វង់​ភ្នែក​តែ ១ ស្ថិត​នៅ​ចំ​កណ្ដាល និង​ច្រមុះ​ដុះ​ចេញ​ពី​ថ្ងាស​លើ​ភ្នែក។

មើល​ឃើញ​ស្ថានភាព​កូន​ដ៏​ចម្លែក​បែប​នេះ និង​អារម្មណ៍​រន្ធត់​ចិត្ដ​ជា​ពន់ពេក ឪពុក​ចាប់​លើក​ត្រកង​បី​កូន​ផង ដាក់​ចុះ​ផង និង​រត់​ឆ្លេឆ្លា​រក​អ្នក​ភូមិ​ជួយ។

លោក ស្លៃម៉ាន ម៉ាត់ស្រេន ជា​អ្នក​ជិតខាង​ដ៏​ស្និទ្ធ​បំផុត​នៃ​ក្រុម​គ្រួសារ​ប្រសូត​កូន​ដ៏​ចម្លែក​នេះ ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក និង​ផ្ដល់​ព័ត៌មាន​ផ្សេងៗ​ជំនួស​ក្រុម​គ្រួសារ​នេះ ដោយសារ​ពួក​គេ​គ្មាន​លទ្ធភាព​សម្បូរ​តែ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ចាស់​សម្រាប់​ទំនាក់ទំនង។

លោក ម៉ាត់ស្រេន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា៖ «ពេល​កើត​មក​ភ្លាម [នៅ​ម៉ោង ១០ ព្រឹក] ទារិកា​នេះ​បាន​យំ និង​កណ្ដាស់​បន្តិចបន្តួច​ដែរ ហើយ​រាងកាយ​ដៃ​ជើង ​គឺ​ធម្មតា​ទាំង​អស់​លើកលែង​តែ​ភ្នែក​ស្ថិត​នៅ​ចំ​កណ្ដាល និង​មាន​ប្រស្រី ២ ក្នុង​ភ្នែក​តែ​មួយ​ដែល​ប្រហោង​ទន់ៗ​ទ្រវែង​មួយ​ទំនង​ជា​ច្រមុះ​ដុះ​លើ​ថ្ងាស»។

លោក​បាន​បន្ដ​ថា៖ «ខ្ញុំ​ក៏​បាន​ទៅ​អញ្ជើញ​គ្រូពេទ្យ​មក​មើល​ដែរ។ ប៉ុន្ដែ​សូម្បី​គ្រូពេទ្យ​ក៏​គាត់​មិន​សូវ​ហ៊ាន​មើល ហើយ​ក៏​មិន​ហ៊ាន​អះអាង​ថា ភាព​មិន​ប្រក្រតី​នេះ​កើត​មក​ពី​អ្វី​ដែរ»។

ឮ​សំឡេង​កណ្ដាស់​តែ​ម្ដង​ពីរ​ដង ទារិកា​ចម្លែក​នេះ​ក៏​ស្ងាត់​ឈឹង​រៀង​រហូត។ ឆាក​ជីវិត​ជា​កូនស្រី​ក្រោម​ផ្ទៃ​ម្ដាយ អេល វ៉ារីយះ អាយុ ៣៥ ឆ្នាំ និង ឪពុក​ឈ្មោះ ម៉ាត់ សឡេះ អាយុ ៣៧ ឆ្នាំ បាន​អស់​និស្ស័យ​នឹង​គ្នា​ត្រឹម​រយៈពេល ៤ ម៉ោង​ប៉ុណ្ណោះ។

នៅ​វេលា​ម៉ោង ២ រសៀល ទារិកា​មិន​ទាន់​មាន​ឈ្មោះ​នេះ​បាន​ដាច់​ដង្ហើម​ឈឹង និង​បាន​បន្សល់​ទុក​នូវ​ភាព​អាឡោះអាល័យ​របស់​ឪពុកម្ដាយ ដែល​មិន​ទាន់​បាត់​ឈឺ​ចាប់​នូវ​ស្នាម​របួស​នៃ​ការ​ផ្ដល់​កំណើត​ផង​នោះ។

លោក ម៉ាត់ស្រេន បាន​ឱ្យ​ដឹង​ថា៖ «ដោយ​កត្ដា​ជីវភាព​ក្រីក្រ​ពេក ស្ដ្រី​ជា​ម្ដាយ​ធ្លាប់​ទៅ​ពិនិត្យ​អេកូ​តែ​ម្ដង​គត់ ដែល​គ្រូពេទ្យ​បាន​ប្រាប់​ថា មិន​មាន​សញ្ញា​ខុស​ប្រក្រតី​ណា​មួយ​លើ​ទារិកា​ទេ»។

ទោះ​និស្ស័យ​រវាង​ឪពុកម្ដាយ និង​កូន​បាន​បញ្ចប់​ត្រឹម​រយៈពេល​ខ្លី​ជាមួយ​ពិធី​បុណ្យសព​លា​គ្នា​យ៉ាង​ណា​​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​យំ​អាល័យ​កូន ដោយ​លោក ម៉ាត់​ស្រេន បាន​ប្រាប់​ថា ឪពុកម្ដាយ​នៅ​តែ​ស្រឡាញ់​កូន ថ្វី​ដ្បិត​តែ​កូន​មាន​ស្ថានភាព​បែប​ណា​ក៏​ដោយ។

លោក ម៉ាត់ស្រេន និយាយ​ទាំង​អួល​ដើមក​នឹក​អាណិត​ដល់​ស្ថានភាព​គ្រួសារ​នេះ​ថា៖ «ពួក​គាត់​លំបាក​ទីទ័ល​មែន​ទែន គាត់​គ្មាន​ស្រែ​ចម្ការ​អ្វី​ទេ។ ខោអាវ​ដែល​ស្លៀកពាក់​ក៏​តោកយ៉ាក​មើល​មិន​យល់។ សព្វ​ថ្ងៃ​រស់​ដោយសារ​តែ​អ្នក​ភូមិ​ឱ្យ​ម្នាក់​បន្តិច»។

​ផ្ទះ​របស់​ឪពុក​ម្ដាយ​ទារិកា​ចម្លែក​ក្នុង​ខេត្ដ​កំពង់ចាម​។ រូបថត សហ​ការី

លោក​អះអាង​ថា៖ «ដំបូង​ឡើយ​បុរស​ជា​ប្ដី​រកស៊ី​លើ​ទូក ដាក់​មង​តាម​ព្រែក។ ប៉ុន្ដែ​ឥឡូវ​គាត់​ធ្វើ​អី​លែង​ចេញ ព្រោះ​ភ្នែក​ស្រវាំង​ដោយសារ​ទៅ​ស៊ី​ឈ្នួល​គេ​ត្រាយ​ព្រៃឈើ​វាត់​ត្រូវ​ភ្នែក ៣-៤ ឆ្នាំ​ហើយ​មិន​មាន​អ្នកណា​ជួយ​គាត់​ទៀត​ទេ ពី​ព្រោះ​គាត់​មើល​មិន​សូវ​ច្បាស់»។

កាន់​តែ​អកុសល​ថែម​ទៀត​នោះ គ្រួសារ​ក្រីក្រ​ដែល​មាន​កូន ៥ នាក់​នេះ បាន​ជួប​វិបត្ដិ ដោយសារ​កូន​ទី៤ ប្រសូត​មក​ក៏​បាន​ស្លាប់​រយៈពេល ១០ ថ្ងៃ​ក្រោយ។ ចំណែក​ឯ​កូន​ទី៥ នេះ​ក៏​ជួប​ហេតុការណ៍ និង​បាន​ស្លាប់​ត្រឹម​រយៈពេល ៤ ម៉ោង ខណៈ​កូន​ទាំង ៣ ទើប​តែ​មាន​អាយុ​ចន្លោះ​ពី ៣ ទៅ ៦ ឆ្នាំ​ប៉ុណ្ណោះ។

ជា​ចុង​ក្រោយ​បុរស​អ៊ិស្លាម លោក ម៉ាត់ស្រេន បាន​អំពាវនាវ​ថា ៖ «ខ្ញុំ​សូម​សំណូមពរ​ឱ្យ​សប្បុរសជន​ក្នុង​ហ្វេសប៊ុក ឬ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គាត់​តាម​លទ្ធភាព​ដែល​អាច​ជួយ​គាត់​បាន ពី​ព្រោះ​ពួក​គាត់​ពិត​ជា​លំបាក​ខ្លាំង​មែនទែន»។

ដោយសារ​ឪពុកម្ដាយ​គ្មាន​ទូរស័ព្ទ​ទាក់ទង លោក ម៉ាត់ស្រេន ផ្ដល់​លេខ​ទូរស័ព្ទ​ជំនួស​សម្រាប់​អ្នក​មាន​បំណង​ជួយ​ដល់​គ្រួសារ​នេះ​តាមរយៈ​លេខ ០៩៦ ២៧៧ ៧៨ ៨។

គ្រួសារ​ទារិកា​ចម្លែក​រស់នៅ​ក្នុង​ភូមិ​ទួល​ពោធិ៍ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ នៃ​ខេត្ត​កំពង់ចាម៕