ភ្នំពេញ៖ ខណៈ​​​រដូវ​​​បុណ្យ​​ចូល​​​​វស្សា​តាម​គន្លង​ទំនៀម​​ទម្លាប់​នៃ​ព្រះពុទ្ធ​សាសនា ដែល​​​មាន​ថេរ​វេលា​ ៣ ​ខែ ​គិត​ចាប់​​ពី​ថ្ងៃ ​១ រោច ខែ​អាសាឍ​​នេះ​ត​ទៅ​​ ហើយ​តាម​ការ​ចំណាំ​ទី​​អារាម​នីមួយៗ ​​ក៏​មាន​ការ​ហែ​ទីងមោង​​​​ផង​ដែរ ដើម្បី​​ញ៊ាំង​​ឲ្យ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ពិធី​បុណ្យ​​ចូល​វស្សា​​​មាន​សភាព​​សប្បាយ​រីករាយ​ទៅ​នឹង​​ការ​ធ្វើ​បុណ្យ​​ទាន​ជាមួយ​ព្រះសង្ឃ​។

កាល​​ពី​​ដើម​ ពេល​មាន​​ការ​​​ហែ​ទីងមោង​ម្តងៗ​ នៅ​តាម​​ទី​​ភូមិ​​ឋាន​នានា​ ​ធ្លាប់​តែ​ជា​ការ​លង​បន្លាច​ក្មេងៗ​ តាម​ដងផ្លូវ​ ឲ្យ​​​រត់​ប្រញាយ​ចេញ​ និង​លាក់​ខ្លួន​​ពួន​​អាត្មា រហូត​មាន​ភាព​បាក់​​ស្បាត​ក៏​មាន​ ដោយសារ​តែ​​មាន​មុខ​មាត់​អាក្រក់ ឬ​កាច​សាហាវ​ គួប​ផ្សំ​​​នឹង​ឥរិយាបថ​នៃ​​​អ្នក​ចូល​ឡក​ផង​នោះ។ តែ​​ដល់​​សម័យ​ឥឡូវ​នេះ ហាក់​​ខុស​ប្លែក​ពី​មុនៗ​​ឆ្ងាយ​ណាស់​​​ ដោយសារ​គេ​ឃើញ​​​ក្រុម​កុមារា​កុមារី​​​បែរ​ជា​មាន​ការ​ចូល​​​ចិត្ត​ ហើយ​​រត់​ប្រញាយ​​​​ចូល​​ទៅ​ក្បែរ​ ថត​​រូប​​លេង​​​​ជាមួយ​ទៅ​វិញ​ ​ព្រោះ​​ការ​​ច្នៃ​មុខ​មាត់​ទីង​មោង​​ទាំង​នោះ​​មាន​ភាព​​គួរ​​ឲ្យ​​ក្នាញ់​ ស្រស់​ស្អាត​ មិន​ចាញ់​មុខ​​មាត់​តារា​​ភាពយន្ដ​ពិតៗ​​នោះ​​ឡើយ​ ដែល​នេះ​គឺ​ជា​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសប់​នៃ​សិល្បករ​។

ឆ្នាំ​២០២០​ នេះ លោក ហេង សុភ័ណ្ឌ បាន​រំលេច​មុខមាត់ និង​​ទីងមោង​ រូប​តួ​កុន​កូរ៉េ​ ​ខ្មែរ ឬ​ឥណ្ឌា​ ​កុមារាកុមារីឃើញ​ប្លែក​អារម្មណ៍ ​ប្រញាយរត់​ចូល​ថតរូបជាមួយ លែងខ្លាចដូចសម័យមុន​ៗរត់ចេញ​។ រូបថត សហ​ការី

បើ​​​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Panha So របស់​សិល្បករ​ ធ្វើ​ទីងមោង​ដ៏​ល្បី​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល​ លោក​​ ហេង សុភ័ណ្ឌ បាន​បង្ហោះ​រូប​ និង​សារ​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​អភិវឌ្ឍ​​រូប​ទីង​មោង​សម័យ​ថ្មី​​ថា៖ «ទីងមោង​ ​សម្រាប់​​ហែ​ឆ្នាំ​នេះ កុំ​ភ្លេច​​​​​ជួប​គ្នា​ឆាប់ៗ​នេះ​ណា​ពុកម៉ែ​បង​ប្អូន​ទាំង​អស់​គ្នា​​។ យើង​បាន​​​តុបតែង​យ៉ាង​ស្រស់ស្អាត និង​ទាក់​ទាញ​​ចំណាប់​អារម្មណ៍​ទៀត​ផង ទីងមោង​ស្អាតៗ​នេះ​ប្រហែល​​ជាក្មេងៗ ឬ​បងប្អូន​ ដែល​ធ្លាប់​តែ​ខ្លាច​ពី​មុន លែង​ខ្លាច​​ទៀត​ហើយ។​ សូម​ជម្រាប​ជូន​​ដំណឹង​ទៅ​ដល់​បងប្អូន​ទាំង​អស់គ្នា ​ដែល​ចង់​មក​ចូលរួម​ ក្នុង​ពិធី​ដង្ហែ​ទៀន​ព្រះវស្សា​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​​​​មុខ​នេះ ​សូម​បងប្អូន​ទាំង​អស់​មេត្តា​ពាក់​ម៉ាស់ និង​លាង​ដៃ​ជាមួយ​​នឹង​អាល់កុល​​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​គ្រប់ៗ​​ពេលវេលា​​ ដើម្បី​​បង្ការ​ និង​​​​​​ទប់ស្កាត់​ជំងឺ​កូវីដឋ​១៩ ទាំង​អស់​​គ្នា​ សូម​ចូលរួម​ដោយ​សេចក្តី​រីករាយ និង​សប្បាយ​ចិត្ត​ទាំង​អស់​គ្នា​ណា៎»។​

ឆ្នាំ​២០២០​ នេះ លោក ហេង សុភ័ណ្ឌ បាន​រំលេច​មុខមាត់ និង​​ទីងមោង​ រូប​តួ​កុន​កូរ៉េ​ ​ខ្មែរ ឬ​ឥណ្ឌា​ ​កុមារាកុមារីឃើញ​ប្លែក​អារម្មណ៍ ​ប្រញាយរត់​ចូល​ថតរូបជាមួយ លែងខ្លាចដូចសម័យមុន​ៗរត់ចេញ​។ រូបថត សហ​ការី

គួរ​បញ្ជាក់​ផង​​ដែរ​ថា ​ការ​ធ្វើ​ទីង​មោង​មួយ ប្រសិន​បើ​មេឃ​មាន​​​អំណោយ​ផល​ល្អ​ ឬ​​មាន​កម្តៅ​ថ្ងៃ​ល្អ​ គេ​ត្រូវ​ចំណាយ​រយៈពេល​​ចន្លោះ​ពី ១០ ​ ទៅ ១៥ ថ្ងៃ ទើប​ធ្វើ​វា​បាន​​។ ប៉ុន្តែ​​ប្រសិន​បើ​ មិន​មាន​​កម្តៅ​ថ្ងៃ​គ្រប់គ្រាន់​​​ទេ​នោះ នឹង​​ត្រូវ​ចំណាយ​ពេល​​រហូត​​ដល់​ទៅ​ ១ ខែ​។ ចំពោះ​ខ្នាត​​ទីងមោង​វិញ​​មាន ​​៣ ខ្នាត​ ​គឺ​​ទំហំ​​តូច​​សម្រាប់​ក្មេងៗ ១ ​គូ​មាន​​​​តម្លៃ ៦០ ម៉ឺន​រៀល ទំហំ​កណ្តាល ​សម្រាប់​មនុស្ស​ធំ​ ១ ​គូ​​មាន​តម្លៃ​ ​១ លាន​ ១០ ម៉ឺន​រៀល និង​ទំហំ​ធំ​ ១ គូ​ មាន​តម្លៃ ១ លាន ៤០ ម៉ឺន​រៀល​។​

យ៉ាង​​ណា​ការ​ធ្វើ​ទីងមោង​នេះ បាន​បន្ត​ ​និង​ក្លាយ​ជា​មុខ​របរ​​​ប្រកប​ចិញ្ចឹម​ជីវិត​របស់​គ្រួសារ​​មួយ​​ ស្ថិត​នៅ​ភូមិ​ឫស្សី​ស្រុក ឃុំ​ខ្ពប ស្រុក​​ស្អាង ខេត្ត​កណ្តាល ​​របស់​​គ្រួសារ​លោក​ ហាក់ ហេង ដែល​ប្រកប​​​រយៈពេល​ជិត ៣ ទសវត្សរ៍​មក​ហើយ​ដែរ ខណៈ​​​គិត​ចាប់​ពី​ឆ្នាំ ​២០១០​ មក ​លោក​ក៏​​បាន​ផ្ទេរ​ចំណេះ​​ដឹង​នេះ ​មក​ឲ្យ​កូន​ប្រុស​ ២ ​នាក់ ​របស់​លោក​ដែរ​គឺ​លោក ហេង សុភ័ណ្ឌ និង​ ហេង គីមផេង។ ឥឡូវ​​​​នេះ របរ​ធ្វើ​ទីង​មោង​របស់​​​គ្រួសារ​​​លោក​​ កំពុង​​តែ​ទាក់ទាញ​​​ចំណាប់​អារម្មណ៍​​​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ ជាពិសេស​ការ​​ធ្វើ​ទីងមោង​​មាន​​មុខ​មាត់​ឃ្យូតៗ​ ស្អាត​​ដូចជា​​តួកុន​ខ្មែរ កូរ៉េ និង​​ឥណ្ឌា របស់​កូន​ប្រុស​លោក​​ទាំង ២​ តែ​ម្តង ​ខណៈ​​សម្រាប់​ទីងមោង​ មុខ​មាត់​បែប​អាក្រក់ ឬ​យក្ស​ជាដើម​នោះ​ជា​ស្នាដៃ​លោក​ ហាក់ ហេង​។​

សម្រាប់​អ្នក​ចូល​ចិត្ត ឬ​ចង់​បាន​​ទីងមោង​ឃ្យូតៗ​ នោះ​អាច​ទៅ​​កាន់​ផ្ទះ​លោក ហាក់ ហេង​ មាន​​ទីតាំង​ជាប់​ស្ពាន​ឃុំ​ខ្ពប​ ស្ថិត​នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល ឬ​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ 097 6669923 / 098 423 657 និង​​ហ្វេសប៊ុក​ឈ្មោះ​ Panha So ក៏​បាន​៕

​ទីងមោងសម័យ​ថ្មី​មាន​ច្រើន​ខ្នាត និងទម្រង់​មុខ​ប្លែកៗ​ ដែល​ច្នៃ​តាមសម័យ​កាល​របស់​លោក​ ហេង សុភ័ណ្ឌ​ នៅ​ស្រុកស្អាង​។ រូបថត សហ​ការី