ក្រុងទុយនីស៊ី: ពេល​ព្រះអាទិត្យ​ចាប់ផ្ដើម​រះ​ឡើង ប្រជាជន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ទុយនីស៊ី ប្រញាប់ប្រញាល់​ទៅ​ទិញ​ទឹក​លម៉ើ ឡេកមី ដាក់​កែវ ឬ​ដប ដែល​សម្រាប់​លក់​នៅ​ទីឋាន​ដ៏សែនឆ្ងាយ​ពី​រុក្ខជាតិ​នេះ​។

នៅ​ម៉ោង ៧ ព្រឹក​លើ​បរិវេណ​រង្វង់មូល Ain Slam ដ៏មមាញឹក​ក្នុង​ទីក្រុង​ឆ្នេរ Gabes កង់ រថយន្ដ និង​ឡាន​ទាហាន​បាន​មក​ប្រមូល​ផ្ដុំគ្នា​ព័ទ្ធជុំវិញ​បុរស ៣ ​នាក់​ដែល​អង្គុយ​លើ​កៅអី​ជ័រ​លក់​ភេសជ្ជៈ​ច្រក​ដប​។

ពលរដ្ឋ​ទុយនីស៊ី​ជាច្រើន​ចូលចិត្ដ​ទទួលទាន​ទឹក​លម៉ើ​សម្រាប់​អាហារ​ពេលព្រឹក​ដូចជា​លោក អាក្រាម ដែល​ដើរ​ប្រញាប់​ទៅ​កាន់​រង្វង់​មូល​សម្រាប់​អាហារ​ពេលព្រឹក​របស់​ខ្លួន​។ លោក​និយាយ​ថា​៖ «​យើង​កើត​មក​ស្គាល់​ទឹក​លម៉ើ ឡេកមី តែ​ម្ដង​»​។

អ្នកចម្រៀង​អាយុ​ខ្ទង់ ៣០​ ​ឆ្នាំ​រូបនេះ​បាន​បន្ដថា​៖ «​ជីតា និង​ឪពុក​ខ្ញុំ​បាន​ផលិត​ភេសជ្ជៈ​នេះ កូនស្រី​អាយុ​ ១ ​ឆ្នាំ​កន្លះ​របស់​ខ្ញុំ ចេះ​ផឹក​វា​ទៅ​ហើយ ហើយ​ចំពោះ​ខ្ញុំ ខ្ញុំ​ថែម​ទាំង​បាន​សរសេរ​ចម្រៀង​មួយ​បទ​អំពី​ទឹក​លម៉ើ ឡេកមី នេះ​ទៀត​ផង​»​។

លោក​អះអាង​ថា​អ្នក​ឡើង​យក​ទឹក​លម៉ើ​ប្រាកដ​ជា​ត្រូវមាន​ជំនាញ និង​មិន​ផ្ដោតលើ​ការរក​ប្រាក់ចំណេញ​រហូត​ដល់​ងាប់​ដើម​លម៉ើ​ឡើយ​។

នៅ​បរិវេណ​រង្វង់​មូល Ain Slam ទឹក​លម៉ើ​ច្រក​ដប​ចំណុះ ១,៥ ​លីត្រ​មាន​តម្លៃ​លក់​ប្រមាណ ២,៥ ​ឌីណា (៣៥០០ ​រៀល​)​។

ទឹក​លម៉ើ​ច្រក​ដប ១,៥ ​លីត្រ​មាន​តម្លៃ​ប្រមាណ ២,៥ ​ឌីណា​។ រូបថត AFP

ក្នុង​ចំណោម​អ្នក​ប្រកបរបរ​ឡើង​ដើម​លម៉ើ​ជាច្រើន​នាក់ លោក រីដា អូមរ៉ាំង មូសសា បាន​ហៅ​ខ្លួនឯង​ជា «​រាជបុត្រ​ដើម​លម៉ើ​»​។

ពេលនេះ​បុរស​ខ្ទង់ ៦០ ​ឆ្នាំ​បាន​ប្រមូល​ផល​ទឹក​លម៉ើ​តាំងពី​ចេះ​រៀន​ទិចនិក​នេះ​ពី​សាច់ញាតិ​ក្នុង​តំបន់ ណាហាល់ ទីក្រុង Gabe នៅពេល​ដែល​លោក​មាន​អាយុ ១៤ ​ឆ្នាំ​។

លោក​បាន​និយាយ​ថា​៖ «​អ្នក​ដែល​មិនចេះ​ស្រឡាញ់​ដើម​លម៉ើ មិនមែន​ជា​អ្នក​រស់នៅ​ក្រុង Gabes នោះទេ​។ បន្ទាប់ពី​ព្រះ​ជា​ម្ចាស់​យើង​គឺ​នៅ​មាន​ដើម​លម៉ើ នេះ​ហើយ​»​។

ឈរ​ចំទើត​ខ្ពស់​លើ​ដើម​លម៉ើ​កម្ពស់ ៨ ម៉ែត្រ បបូរមាត់​បៀម​កន្ទុយបារី​ជាប់ លោក មូសសា ទើបបាន​បញ្ចប់​ការប្រមូលផល​ទឹក​លម៉ើ​ដែល​កៀប​ហូរ​ស្រក់​ពេញ​ ១ ​ថ្ងៃ​។

ដើម្បី​ប្រមូល​ទិន្នផល​ទឹក​លម៉ើ ១៥ លីត្រ​លោក​ត្រូវ​ឡើង​ដើម​លម៉ើ​ដោយ​អត់​មាន​ជំនួយ​អ្វី​ទាំងអស់ គ្រាន់តែ​កាប់​គន្លាក់​តាម​ដើម​ដ៏ខ្ពស់​នោះ ដើម្បី​ជាន់ឡើង​តែ​ប៉ុណ្ណោះ​។

លោក​មាន​ការប្រយ័ត្នប្រយែង​ក្នុង​ការកាប់​បង្ហូរទឹក​លម៉ើ​ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​ទឹក​។

លោក​ព្រមាន​ថា​៖ «​ប៉ុន្ដែ​អ្វី​ដែល​មិនត្រូវ​ប៉ះពាល់​នោះ​គឺ​គម​លម៉ើ បើ​មិន​អ៊ីចឹង​ទេ ដើម​វា​នឹង​ងាប់​»​។

លោក​មាន​លម៉ើ ២៥ ​ដើម តែ​ការប្រមូលផល​ទឹក​លម៉ើ​នីមួយៗ​ទើបតែ ២ ​ឆ្នាំ​កន្លះ​ដោយ​ការផលិត​បាន​ទិន្នផល​ប្រមាណ ៨ ​ពាន់​លីត្រ​ប្រចាំឆ្នាំ​។ ដោយ​ទុក​ឲ្យ​រុក្ខជាតិ​សម្រាក លោក​ត្រូវ​ផ្អាក​ការយក​ទឹក​លម៉ើ​ចំនួន​ ៤ ​ឆ្នាំ​ទើប​ចាប់ផ្ដើម​ការប្រមូលផល​សាជាថ្មី​ម្ដងទៀត​។

លោក មូសសា ព្រមាន​ថា​ការបំពុលបរិស្ថាន​ពី​រោងចក្រ​គឺជា​ការគំរាមកំហែង​ដល់​រុក្ខជាតិ​ទាំងនេះ តែ​ពេល​នេះ​វាសនា​អ្នក​ឡើង​លម៉ើ​ត្រូវ​បាន​ធានា​។ លោក បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​បង្រៀន​កូនប្រុស​បន្ដ​កិច្ចការ​នេះ​។ ដូច្នេះ ប្រពៃណី​ដូនតា​នឹង​នៅ​តែ​ស្ថិតស្ថេរ​គង់វង្ស​»៕ HR