ភ្នំពេញៈ នា​ថ្ងៃ​មង្គលការ​តារាចម្រៀង​ស្រី​កំពូល ឱក សុគន្ធកញ្ញា និង​លោក អ៊ឹង សុខលី ដែល​ជា​ប្អូនប្រុស​បង្កើត​ថៅកែ​ផលិតកម្ម​ហង្សមាស​កាលពី​ពាក់​កណ្តាល​ខែ​នេះ​បាន​ជះឥទ្ធិពល​បោកបក់​ខ្លាំង​លើ​គូស្នេហ៍​អ្នកសិល្បៈ​ ២ ​គូ​ឲ្យ​នៅ​មិន​ស្ងៀម ហើយ​រុញ​គ្នា​ទៅ​មុន ទៅក្រោយ​រក​ពេលា​ចូល​រោង​ជ័យ​បន្ទាប់ គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​មហាជន​។

គូស្នេហ៍​អ្នកសិល្បៈ ២ ​គូ​នោះ​គឺ កញ្ញា ទេព បូព្រឹក្ស និង​លោក ងួន ចាន់ដេវីត និង​តារាចម្រៀង​ស្រី​អូរីជីណល អេដា និង​គូស្នេហ៍​កាត់​ ៣ ​សាសន៍​លោក អេលែន តាន់ ដោយ​ម្ខាងៗ​ប្រើ​ពាក្យ​ស៊កសៀត​គ្នា​ឲ្យ​ទៅ​រក​ពេលា​ចូល​រោងជ័យ បន្ទាប់ពី​មង្គលការ​របស់ ឱក សុគន្ធកញ្ញា​។

ដោយឡែក​ក្រោយពី​សម្ព័ន្ធ​ស្នេហ៍​មាន​ដំណើរការ​យ៉ាង​រលូន​ល្អ ចាស់ទុំ​ទាំង​សង​ខាង​ក៏​ដឹងឮ​ថែម​ទាំង​ហ៊ាន​ប្រើ​ពាក្យ​ហៅ​គ្នា​ថា បង និង​អូន ពេញៗ​មាត់ ប្រៀប​ដូច​ប្តី​ប្រពន្ធ​រៀបការ​ថ្មីថ្មោង​ទៅ​ហើយ តារាចម្រៀង​ដែល​កាន់តែ​សិចស៊ី និង​កែខៃ​រាងកាយ​កាន់តែ​ប្លែកៗ​ជាង​មុន​កញ្ញា ទេព បូព្រឹក្ស និង​តារាចម្រៀង​ប្រុស​លោក ងួន ចាន់ដេវីត ក៏​បាន​នាំ​គ្នា​សន្សំ​ថត Pre-Wedding នៅឯ​ដែន​កោះ​ប្រទេស​ម៉ាល់ឌីវ​រួច​មក​ហើយ​ដែរ​។

តាម​ការសង្កេត​ឃើញ​ថា​អ្នក​ទាំង​ ២ មាន​ភាពចុះ​សម្រុង​គ្នា​គឺ​ចាប់​តាំងពី​ផលិតកម្ម​ហង្សមាស​បាន​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​សហការ​ផលិត​បទចម្រៀង​រួម​គ្នា​មក​គឺ​ថា​កញ្ញា ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត មិន​ត្រឹម​តែ​ជា​ដៃគូ​ចម្រៀង​ស៊ីចង្វាក់​គ្នា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​បង្ហួស​ផ្សារភ្ជាប់​បេះដូង​យ៉ាង​ស៊ីជម្រៅ​រហូត​ក្លាយ​ជា​គូស្នេហ៍​ដ៏ស្អិតល្មួត​ទៀត​ផង​។

កញ្ញា ទេព បូព្រឹក្ស ក៏​បញ្ជាក់​ថា​៖ «​ក្រោយពី​ពួកយើង​បាន​ស្រឡាញ់​គ្នា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​ចាស់ទុំ​ដឹងឮ​ទាំង​សង​ខាង​ហើយ​ឈាន​មក​ក្លាយ​ជា​គូសង្សារ​យល់​ចិត្ត​គ្នា យើង​សុំ​ចិត្ត​រក្សា​តែ​ត្រឹម​​ជា​គូស្នេហ៍​សិន​គឺ​មិន​ទាន់​ចង់​រហ័ស​ទៅ​រៀបការ​នោះ​ទេ​។ ម្យ៉ាងវិញ​ទៀត​ពួកយើង​ទាំង ២ គឺ​សុទ្ធ​តែ​នៅ​មាន​វ័យក្មេងៗ​ផង​គឺ​ត្រឹម​ជាង ២០ ឆ្នាំ ប៉ុណ្ណោះ ដូច្នេះ​នាង​ខ្ញុំ​គិត​ថា​ចង់​ទុក​ពេល​ត្រឹម​ជា​គូសង្សារ ដើម្បី​ស្វែងយល់​គ្នា​ឲ្យ​ច្រើន​ឆ្នាំ​ទៀត​សិន ចាំ​សម្រេច​គិត​រឿង​រៀបការ​គឺ​តិច​បំផុត​ក៏ ៥ ឆ្នាំ​ទៀត ឬ​អាច​ដល់ ១០ ឆ្នាំ​ទៀត​ក៏​ថា​ចំពោះ​រឿង​ពេលា​រៀបការ​នោះ​» ។

មួយរយៈ​ចុងក្រោយ​នេះ​គឺ​ថា​ជារឿយៗ​សង្កេត​ឃើញ​គូស្នេហ៍​អ្នកសិល្បៈ​ដូច​គ្នា តែងតែ​ប្រើ​រូបមន្ត​សន្សំ​ទ្រព្យធន​រួម​គ្នា​នាពេល​នៅ​ជា​គូសង្សារ​នឹង​គ្នា ហើយ​ក៏​ហ៊ាន​ដាក់​ទុន​រួម​គ្នា​ទៅ​ទិញ​ផ្ទះ​វីឡា​រួម​គ្នា ដើម្បី​ទុក​ជា​ទ្រនំ​រួម​ស្នេហ៍ ក្រោយពេល​រៀបការ​ផង​ដែរ​តួ​យ៉ាង​ដូចជា​កញ្ញា សួស វីសា និង​គូស្នេហ៍​លោក ថមមី កញ្ញា ណូម័រ និង​វីជេ​លោក សុភា ថែម​ទាំង​មាន​អ្នកនាង ឱក សុគន្ធកញ្ញា ជាដើម​។

ខណៈ​គូស្នេហ៍​វ័យក្មេង​ដែល​ទើប​តែ​មាន​វ័យ ២៤ ឆ្នាំ​ដូចគ្នា​គឺ​កញ្ញា ទេព បូព្រឹក្ស និង​លោក ងួន ចាន់ដេវីត ក៏​គេ​ឃើញ​មាន​ការដាក់ទុន​រួម​គ្នា​ខ្លះៗ​ដែរ​ដូចជា រថយន្ត​ទំនើប ឬ​ទូរស័ព្ទ​ទំនើប​។ តែ​គម្រោង​ទិញ​ផ្ទះ​រួម​គ្នា​ត្រូវ​បាន​កញ្ញា ទេព បូព្រឹក្ស បង្ហើប​ថា​៖ «​រឿង​ទិញ​ផ្ទះ​រួម​គ្នា​នោះ យើង​ក៏​ចង់​ដែរ តែ​ពេល​នេះ​យើង​មិន​ទាន់​ហ៊ាន​គិត​រឿង​នោះ​ទេ ដោយសារ​តែ​ស្ថានភាព​ពួកយើង​នាពេល​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​»៕