ភ្នំពេញៈ ចាប់តាំងពីអភិវឌ្ឍខ្លួនឲ្យក្លាយជាតារាចម្រៀងអូរីជីណល និងបានឈានជើងចូលមកប្រឡូកវិស័យសិល្បៈបានប្រមាណជាង ២ ឆ្នាំ តារាម៉ូដែល និងសម្តែងស្រីរូបស្រស់សោភាមានឈ្មោះពិតថា ជុំ រចនាពេជ្រ ហៅកញ្ញា បេប៊ី កំពុងតែពង្រាយមន្តស្នេហ៍ និងស្រូបបានទីផ្សារលើវិថីសិល្បៈច្រើនស្អេកស្កះទៅហើយនោះក្តី ក៏គេឃើញនាងឆ្លៀតទៅបើករបររកប្រាក់កាក់ល្អិតបន្ថែមទៀត។
មុខរបរដែលតារាសម្តែងស្រី និងពិធីការិនីនៅ ប៉ុស្តិ៍ CTN ដែលមានហុងស៊ុយលើវិថីសិល្បៈ និងទើបតែបង្ហាញពីភាពមានបានតាមរយៈការហ៊ឺហាជិះរថយន្តទំនើបម៉ាក Range Rover តម្លៃជាង ៥ ម៉ឺន ដុល្លារ ហើយក៏ល្បីថានាងទើបទិញផ្ទះវីឡាជាង ២០ ម៉ឺន ដុល្លារ ទៅហើយនោះបានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ពីមូលហេតុមកបើករបរលក់ម្ជូរថា៖ «ចេះតែឆ្លៀតទៅបង កុំឲ្យទុកពេលទំនេរឥតប្រយោជន៍ ហើយតាមពិតនេះជាការជួយផ្សព្វផ្សាយដល់បងស្រីជីដូនមួយខ្ញុំតែប៉ុណ្ណោះ ដែលលក់នៅម្តុំរង្វង់មូលផ្សារដើមថ្កូវ ព្រោះថា នេះក៏ជាគំនិតបំផុសចង់ឲ្យគាត់លក់ដូរដែរ»។
ទោះទើបតែបានឈានជើងចូលមកប្រឡូកវិស័យសិល្បៈប្រមាណ ២ ឆ្នាំមែនក្តី តែប្រជាប្រិយភាពរបស់តារាស្រីម៉ូដែល និងសម្តែងស្រស់សោភា សាច់សខ្ចីល្វក់ ដែលមានឈ្មោះពិតកញ្ញា ជុំ រចនាពេជ្រ ហៅកញ្ញា បេប៊ី ក៏កំពុងតែមានរាសីឡើងនឹងអាជីពជាពិធីការិនី និងបានប្រែក្លាយខ្លួនឯងឲ្យទៅជាតារាចម្រៀងមួយរូបទៀត សម្រាប់ពង្រីកទីផ្សារសិល្បៈខ្លួនឲ្យកាន់តែធំទូលាយអាចកើបលុយកាន់តែច្រើន។ កញ្ញា បេប៊ី ធ្លាប់បង្ហើបឲ្យដឹងថា៖ «ជាការពិតមែនហើយបង! គឺនាងខ្ញុំបានចំណាយនូវធនធានផ្ទាល់ខ្លួន ដើម្បីផលិតបទចម្រៀងជាប្រភេទអូរីជីណលបានចំនួន ៤ បទ ដែលចេញផ្សាយតាមបណ្តាញសង្គម និង Youtube រួចហើយដែរ»។
កញ្ញា បេប៊ី បានបន្តឲ្យដឹងថា៖ «ការធ្វើឲ្យខ្លួនឯងមកក្លាយជាតារាចម្រៀង ១ រូបទៀតនេះ ដោយសារតែនាងខ្ញុំចូលចិត្តច្រៀងរាំខ្លាំង ហើយគិតថា ខ្លួនឯងអាចអភិវឌ្ឍខ្លួនទៅកាន់វិស័យចម្រៀងនេះបាន។ ដូច្នេះ ក៏សម្រេចបង្កើតជាស្នាដៃបទចម្រៀងអូរីជីណលដំបូងមាន ៤ បទ ដែលមាន ៣ បទជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ និង ១ បទទៀតគឺបែបមនោសញ្ចេតនា។ ចម្រៀងទាំង ៤ បទរបស់ខ្ញុំនោះ រួមមាន ដូចជាបទ «បូតសណ្តែក» បទ «សង្សារ ខ្ញុំកូរ» បទ «ប្រចណ្ឌ» និងបទ «បបូរមាត់សេះ» ដែលនាងខ្ញុំបានបង្ហោះចូលទៅតាម Youtube ជាង ១ ខែមកហើយដែរ»។
បើតាមមជ្ឈដ្ឋានទូទៅភាគច្រើនពុំសូវបានស្គាល់ ឬធ្លាប់ស្តាប់ចម្រៀងរបស់តារាម៉ូដែល និងសម្តែងស្រី ខណៈកញ្ញា បេប៊ី ក៏អះអាងថា ខ្លួនមានតំណែងជាពិធីការិនីនៅទូរទស្សន៍ CTN ដែរនោះ បើស្តាប់មើលទៅនាងហាក់ដូចជាមានមោទនភាពខ្លាំងពីភាពលូតលាស់ និងដុះដាលខ្លាំងលើវិស័យចម្រៀង និងល្បីថាមួយកម្មវិធីតន្ត្រីនាងមានតម្លៃខ្លួនមិនក្រោម ១ ពាន់ដុល្លារឡើយ។ អ៊ីចឹងហើយបានជាកញ្ញា បេប៊ី បង្ហើបប្រាប់បន្ថែមថា៖ «ចាប់តាំងពីបានប្រឡូកក្នុងវិស័យចម្រៀងនេះមក នាងខ្ញុំក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តយុវវ័យ ហើយក៏ទទួលបានឱកាសទៅសម្តែងក្នុងកម្មវិធីតន្ត្រីនានាតាមស្រុកខេត្តនានា ដែលសឹងតែគ្រប់ខេត្តក្រុងអស់ទៅហើយដែរមកទល់នឹងពេលនេះ»៕