ក្រុងប៉ារីស: តារាភាពយន្ដចិនចុះចម្ការបេះផ្លែទំពាំងបាយជូរផ្ទាល់ កាលពីថ្ងៃអង្គារ នៅក្រុង Bordeaux ដែលនាងបានឈានជើងប្រឡូកក្នុងឧស្សាហកម្មស្រាទំពាំងបាយជូរបារាំងកំពុងមានតម្រូវការខ្ពស់ឯស្រុកចិន។
អ្នកនាង ហ្សាវ វៃ ឬ ត្រចៀកកាំ បានទិញក្រុមហ៊ុនស្រាទំពាំងបាយជូរ Chateau Monlot ក្នុងតំបន់ Saint-Emilion ភាគនិរតីប្រទេសបារាំង កាលពីឆ្នាំ ២០១១ ស្របពេលដែលជនជាតិចិនបន្ដសម្រុកទិញដីនៅបារាំង។
ដៃកាត់ផ្លែទំពាំងបាយជូរមួយចង្កោម ត្រចៀកកាំ បាននិយាយនៅខាងក្រៅវិមានសតវត្សរ៍ទី ១៧ ដែលត្រូវបានសាងឡើងលើដីធ្លាប់គ្រប់គ្រងដោយស្ដេច Louis XIII ថា៖ «ខ្ញុំចង់ឲ្យ Chateau Monlot ជាស្រាទំពាំងបាយជូរល្អ តំណាងឲ្យតំបន់ Bordeaux»។
ឱកាសជោគជ័យរបស់នាងអាចមានច្រើនជាងអ្នកដទៃ ព្រោះនាងមានក្រុមការងារ Jean-Claude Berrouet ជាអ្នកផលិតស្រាក្រហមដ៏ល្បី Petrus ដ៏មានតម្លៃបំផុតមួយក្នុងពិភពលោក។
ក្រុមហ៊ុន Monlot បានផលិតស្រាជាង ៣៥០០០ ដបក្នុង ១ ឆ្នាំសម្រាប់លក់នៅបារាំង កាណាដា ចិន ជប៉ុន និងសិង្ហបុរីផងដែរ៕