ភ្នំពេញ៖ ទម្រង់របាំច្នៃប្រឌិតដែលផ្អែកលើក្បាច់បុរាណខ្មែរ សម្តែងដោយ នាដកាជប៉ុន ហ៊ីតុមិ យ៉ាម៉ាណាកា នឹងមានក្នុងកម្មវិធីមហោស្រពសិល្បៈខ្មែរ-ជប៉ុន នៅដើមខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នៅសាលសម្តែងសិល្បៈនៃផ្សារទំនើប Noro Mall។
ស្ត្រីជប៉ុនវ័យចំណាស់បន្តិច ហ៊ីតុមិ យ៉ាម៉ាណាកា តាំងពីក្មេងរហូតធំពេញវ័យធ្លាប់បានស្គាល់តែអ្វីជាវប្បធម៌របស់ជប៉ុនខ្លួនឯង និងវប្បធម៌នៃបណ្តាបស្ចិមប្រទេសនោះ ក៏បង្ហើបឱ្យដឹងពីដើមចម ដែលនាំឱ្យខ្លួនរៀនរបាំបុរាណខ្មែរនិយាយថា៖ «ខ្ញុំចូលចិត្តខ្លាំងប្រភេទរបាំបែបមានឥទ្ធិពលផ្នែកស្មារតី។ កាលពីក្មេង ខ្ញុំជាក្មេងមានជំងឺច្រើនក៏បានស្វែងយល់ពីទម្រង់របាំជប៉ុន ហើយក៏បានដឹងដែរថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបរាងកាយយើង ដោយសារតែបានហាត់របាំនេះ។ ក្រោយមកនាងខ្ញុំក៏បានលង់ចិត្តស្រឡាញ់នូវរបាំបុរាណខ្មែរ ព្រោះជារបាំមានលក្ខណៈសមសួន និងជារបាំមានឥទ្ធិពលផ្នែកស្មារតី ដែលនាំឱ្យខ្ញុំមានអារម្មណ៍គិតថា ខ្លួនឯងកំពុងតែធ្វើសមាធិពេលហាត់របាំនេះ»។
នាដកា ហ៊ីតុមិ យ៉ាម៉ាណាកា ដែលបានហាត់របាំបុរាណខ្មែរតាំងពីឆ្នាំ ១៩៩៧ មកនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនោះ ក៏បានបង្ហើបទៀតថា៖ «នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំក៏បានបង្រៀនពីវប្បធម៌ជប៉ុនឈ្មោះ Yomiuri និងរបាំបុរាណខ្មែរ តាមរយៈសាលាឈ្មោះ Sakarak។ ខ្ញុំក៏បានបង្កើតរបាំរបុរាណខ្មែរ ដែលមានឥទ្ធិពលនៅក្នុងអក្សរសិល្ប៍ជប៉ុន នៅសាកលវិទ្យាល័យ Ibaraki Christian University។ លើសពីនេះ ខ្ញុំនៅតែបន្តស្ម័គ្រចិត្តបើកថ្នាក់សម្តែងរបាំបុរាណខ្មែរនេះជាប្រចាំ ដើម្បីអភិរក្សថែរក្សាតម្លៃវប្បធម៌ខ្មែរ។ នាថ្ងៃអនាគត ខ្ញុំក៏នៅតែចង់បន្តការច្នៃរបាំបែបចម្រុះវប្បធម៌ខ្មែរ-ជប៉ុន នេះ»។
ដោយសារតែក្តីស្រឡាញ់ខ្លាំងពីទម្រង់ និងឥទ្ធិពលផ្នែកស្មារតីនៃសិល្បៈរបាំបុរាណខ្មែរ ទើបជំរុញឱ្យស្ត្រីជនជាតិជប៉ុនម្នាក់នេះ ចំណាយពេលច្រើនឆ្នាំ ដើម្បីហាត់រៀនរបាំនោះ រហូតបានចេះស្ទាត់ជំនាញ និងបានច្នៃប្រឌិតជារបាំថ្មី ១ ដែលផ្អែកលើមូលដ្ឋាននៃរបាំបុរាណនេះទៀតផង ដោយសម្តែងនៅកម្ពុជាដំបូងឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសិន មុននឹងនាំយកទៅសម្តែងនៅប្រទេសជប៉ុន ជាស្រុកកំណើតខ្លួននារយៈពេល ៣-៤ ឆ្នាំ ចុងក្រោយនេះ៕