ក្រុងហ្សាការតា៖ ឥណ្ឌូនេស៊ីកំពុងប្រឈមនឹងកំណើនទារកថ្មីៗ ដែលអាចបានកើនអត្រាកំណើតជាង ៤០ ម៉ឺននាក់ ដោយអត់គ្រោងទុក ខណៈបិទទ្វារដោយសារកូរ៉ូណា កាត់បន្ថយលទ្ធភាពគ្រប់គ្រងអាត្រាកំណើត។ នេះបើយោងតាមទីភ្នាក់ងារផែនការគ្រួសារជាតិ បានឲ្យដឹងថ្មីៗនេះ។
គ្លិនិកសុខភាពតូចៗបានបិទទ្វារបណ្ដោះអាសន្ន ខណៈវេជ្ជបណ្ឌិត និងឆ្មបបានកំណត់ចំនួនអ្នកជំងឺដោយសារប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានបិទផ្នែកខ្លះនៃប្រទេសកាលពីសប្ដាហ៍មុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
ទីភ្នាក់ងារបានឲ្យដឹងថា បញ្ហានេះកាន់តែមានការលំបាកសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ីក្នុងការគ្រប់គ្រងអត្រាកំណើតអំឡុងពេលនៅផ្ទះ។
ប្រធានគណៈកម្មការផែនការគ្រួសារ និងចំនួនប្រជាពលរដ្ឋជាតិឥណ្ឌូនេស៊ី (BKKBN) លោក ហាស្ដូ វ៉ាដូយ៉ូ បានប្រាប់ទីភ្នាក់ងារ AFP ថា៖ «មានមនុស្សជាច្រើន ដែលបានស្ម័គ្រគោរពតាមបទបញ្ជារដ្ឋាភិបាលឲ្យស្នាក់នៅតែផ្ទះ លុះត្រាតែមានភារកិច្ចបន្ទាន់។ ខ្ញុំគិតថា មនុស្សជាច្រើនមិនគិតថា ការពន្យារកំណើតជាកិច្ចការចាំបាច់ឡើយ»។
ទីភ្នាក់ងារបានឲ្យដឹងថា នៅដើមឆ្នាំក្រោយឥណ្ឌូនេស៊ីជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតលំដាប់ទី ៤ ក្នុងលោកអាចទទួលកំណើតទារកថ្មី ៤២ ម៉ឺននាក់លើសពីការរំពឹងទុក។
តួលេខនេះផ្អែកលើ ១០ ភាគរយ នៃប្រជាជន ២៨ លាននាក់នៅទូទាំងប្រទេស ដែលជួបបញ្ហាគ្រប់គ្រងកំណើត។ ទារកប្រមាណ ៤,៨ លាននាក់ ប្រសូតប្រចាំឆ្នាំនៅឥណ្ឌូនេស៊ី នៅក្នុងប្រទេសដែលមានប្រជាជនជាង ២៦០ លាននាក់។
រដ្ឋាភិបាលបានឲ្យដឹងថា ការកើនឡើងនេះអាចមានចំនួនច្រើនលើសលប់ពីចំនួនត្រូវគ្រប់គ្រងរវាងអត្រាមាតុភាព និងអត្រាមរណៈទារក។
លោក វ៉ាដូយ៉ូ បានណែនាំផងដែរថា៖ «បើយើងគ្រោងយកកូន ពេលនេះមិនមែនជាឱកាសល្អទេ ហើយសូមមេត្ដាកុំឈប់ប្រើវិធីពន្យារកំណើតអំឡុងពេលនេះ»៕ AFP/HR