ក្រុង​តេអេរ៉ង់៖ ពួក​គេ​បាន​ដុត​នំ ដែល​ប្រជាជន​អ៊ីរ៉ង់ ​ហៅ​ថា​ជា «​បារ៉ាកាត់ (តុ​ប្រសិទ្ធ​)» ​ហើយ​នំ​នេះ​ជា​​អាហារ​​​ពេល​ព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច​ ដោយ​​នំបុ័ង​ដុត​បែប​បុរាណ​នេះ​​ គឺ​ជា​​អាហារ​ដ៏​សំខាន់​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​អ៊ីរ៉ង់​។

យើង​អាច​រក​ទីតាំង​ដុត​នំ​បាន​​យ៉ាង​ងាយ​នៅ​តាម​ទីប្រជុំជន​នៃ​ប្រទេស​អ៊ីរ៉ង់​ ដែល​​សម្បូរ​​មនុស្ស​ឈរ​​តម្រង់​ជួរ​រហូត​​ទៅ​ដល់​ចិញ្ចើម​ផ្លូវ ​ឬ​គ្រាន់​តែ​ដើរ​តាម​ក្លិន​នំបុ័ង​ដែល​ទើប​តែ​ដុត​រួច​ថ្មីៗ​ក៏​បាន​។

ជា​​ការងារ​ចម្បង​​របស់​បុរស​​​​នៅ​​សាធារណរដ្ឋ​អ៊ិស្លាម​ អ្នក​ដុត​នំតែង​ក្រោក​ពី​ដំណេក​​មុន​ពេល​ថ្ងៃ​រះ ខណៈ​ពេល​ដែល​មនុស្ស​​គ្រប់​គ្នា​កំពុង​​លង់​លក់​នៅ​​ឡើយ​។

គ្រង​ឈុត​ស​ រួម​ទាំង​មួក​ក៏​ពណ៌​ស​ផង​នោះ ពួក​គេ​​​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ច្រក​ល្ហក​នៅ​ទូទាំង​ប្រទេស ​ហើយ​ពួក​គេ​ភាគ​ច្រើន​​គឺ​ជា​​ជនជាតិ​ដើម​អាហ្សើស​ ឃើដស៍ និង​លូស​​។

អ្នក​ដុត​នំ​តែង​តែ​​ធ្វើ​ចលនា​យ៉ាង​​រស់​រវើក​ ​និង​ឥត​ឈប់ឈរ​ ដែល​ហាក់​បី​ដូចជា​កំពុង​រាំ​នៅ​ពី​​​មុខ​ឡ​ចំហាយ​ឧស្ម័ន​។

បុរស​គ្រង​ឈុត​ស​​​ម្នាក់​យក​ម្សៅ ​១ ដុំ រួច​លុញ​ឲ្យ​សំប៉ែត មុន​ពេល​ដាក់​ដុត​​​ព្យួរ​ទៅ​នឹង​ជញ្ជាំង​​ផ្នែក​ខាង​ក្នុង​នៃ​ឡ​ភ្លើង​ដោយ​ប្រើប្រាស់​ដង្កៀប​​វែង​សម្រាប់​ចាប់​នំចេញ និង​ចូល​។ ពេល​​​ឆ្អិន​ល្មម​ហើយ អ្នក​ដុត​នំ​ក៏​ប្រើ​ដង្កៀប​​វែង​ដដែល​នោះ​ដើម្បី​​យក​នំប៉័ង​ចេញ​ហើយ​​ព្យួរ​វា​នៅ​លើ​ជញ្ជាំង​ ឬ​ក៏​តម្រៀប​គរ​វា​ឡើង។​

​អ្នកដុតនំជា​មុខ​របរ​ដាច់មុខ​របស់​បុរសៗ​អុីរ៉ង់​។ រូបថត AFP

ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ពួក​គេ​ ​គឺ​ជា​គំនរ​នៃ​នំបុ័ង​សំប៉ែត​​ ​ដែល​មាន​​សណ្ឋាន​ ​និង​ទំហំ​ខុសៗ​គ្នា​​ចំនួន​ ៤ ប្រភេទ​ គឺ បាបារី ឡាវ៉ាស សាងហ្គាក និង​តាហ្វធូន​។ ​

ប៉ុន្តែ​នំបុ័ង​ទាំង​នោះ​ព្យួរ​ទុក​មិន​បាន​​យូរ​ទេ ​ព្រោះ​អតិថិជន​នាំ​គ្នា​ឈរ​ចាំ​ត្រៀបត្រា​នៅ​ជិត​ច្រកចូល​ត្រៀម​នឹង​ទិញ​ទាន់​​នៅ​ក្តៅ​ៗ។

នំប៉័ង​សំប៉ែត​ថ្មីៗ​របស់​​​អ៊ីរ៉ង់​ ​ជា​ធម្មតា​ត្រូវ​បាន​ទទួល​ទាន​ជាមួយ​ឈីសហ្វេតា​​ និង​ទឹក​​តែ​ផ្អែម​សម្រាប់​អាហារ​ពេល​ព្រឹក ​ឬ​ជាមួយ​នឹង​ខេ​បាប​​ សម្រាប់​អាហារ​ថ្ងៃ​ត្រង់​។

ក្នុង​ចំណោម​នំ​ប្រពៃណី​ទាំង ​៤ ​ប្រភេទ​នេះ​ សាងហ្គាក ​ពេញ​និយម​បំផុត និង​​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​នំប៉័ង​ប្រចាំ​ជាតិ​​អ៊ីរ៉ង់​។ វា​ត្រូវ​បាន​ផលិត​ចេញ​ពី​ម្សៅ​​ធញ្ញជាតិ និង​​​រោយ​​គ្រាប់​ល្ង​ ហើយ​​ពេល​ខ្លះ​គ្រាប់​អាភៀន​​តាម​ចំណង់​ចំណូល​ចិត្ត​​របស់​អតិថិជន​។

វីរុស​កូរ៉ួណា​ ក៏​បាន​ជះ​ឥទ្ធិពល​​ដល់​វិជ្ជាជីវៈ​របស់​អ្នក​ដុតនំ​ដូច​​អ្នក​ដទៃ​ទៀត​ដែរ ​ហើយ​ជា​លទ្ធផល​ប្រាក់​ចំណូល​របស់​ពួក​គេ​ក៏​បាន​ថយចុះ​។

ដើម្បី​ធានា​ពី​អនាម័យ ​អ្នក​ធ្វើ​នំ​​ម្នាក់​​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​​អនាម័យ​​តឹងរ៊ឹង​ ដែល​​ចេញ​ដោយ​​ក្រសួង​សុខាភិបាល ​រួម​ទាំង​ការ​រក្សា​គម្លាត​សង្គម ​និង​ការ​​ប្រើប្រាស់​បណ្ណ​ធនាគារ​ជំនួស​​សាច់​ប្រាក់​។

​លោក មូហាមេដ មីហ្សាខានី អាយុ ៤១ឆ្នាំ ជា​អ្នក​ដុត​នំ​ប៉័ង​សំប៉ែត​នៅក្រុង​តេអេរ៉ង់​​​។ រូបថត AFP

លោក​ មូហាមេដ មីហ្សាខានី ​ អ្នកដុត​​នំ​ អាយុ​ ៤១ ឆ្នាំ ​បាន​និយាយ​ថា៖​​ «យើង​មាន​ការ​លំបាក​ច្រើន​​អំឡុង​ពេល​រដូវ​​តម​រ៉ាម៉ាដន​។ អ្នក​មក​តម្រង់​ជួរ​កាន់​តែ​​ច្រើន ហើយ​មនុស្ស​ជាច្រើន​មិន​គោរព​តាម​វិធានការ​​សុវត្ថិភាព​»។

ក្រសួង​សុខាភិបាល​បាន​រាយការណ៍​កាល​ពី​ខែ​មករា ​ថា ​ជា​មធ្យម​ប្រជាជន​អ៊ីរ៉ង់​ម្នាក់​ ​ទទួល​ទាន​នំប៉័ង​ ៣១០ ក្រាម​ក្នុង ​១ ថ្ងៃ។ ក្រសួង​បាន​ឲ្យ​ដឹង​ថា​៖ «នំប៉័ង ​គឺ​ជា​អាហារ​មូលដ្ឋាន​​ ​និង​​ចម្បង​របស់​​ប្រជាជន​យើង»។

លោក មីហ្សាខានី ​បន្ដ​ថា​៖ «ថ្មីៗ​នេះ អង្ករ​កាន់​តែ​ឡើង​ថ្លៃ ដែល​យើង​គ្មាន​លទ្ធភាព​ទិញ​ហូប​ប្រចាំ​ថ្ងៃ។ យើង​ភាគ​ច្រើន​ហូប​ត្រឹម​នំ​ដុត​​​»៕ AFP/RS