ភ្នំពេញៈ បន្ទាប់ពី​ស្នាដៃ​បង្កើត​ហ្គេម​ជាច្រើន​ត្រូវ​បាន​ប្រិយមិត្ត​គាំទ្រ ក្រុមហ៊ុន​ផលិត​ហ្គេម Direxplay ដែល​បង្កើត​ឡើង​ដោយ​បងប្អូន​ខ្មែរ​ ៤ ​នាក់​បាន​និង​កំពុង​ងាក​មក​ផលិត​ហ្គេម​អនឡាញ​តម្រូវ​តាម​ចំណូលចិត្ត​អ្នក​លេង​នា​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​ដោយ​មិន​ភ្លេច​ច្នៃ​បញ្ចូល​វប្បធម៌​ប្រពៃណី​សិល្បៈជាតិ​ចូល​ទៅ​ហ្គេម​នោះ​ឡើយ​។

នៅ​ដើម​ខែ​មីនា​កន្លង​ទៅ Direxplay បាន​បញ្ចេញ​ស្នាដៃ​ហ្គេម​ថ្មី​មួយ​ដ៏គួរ​ឲ្យ​ទាក់ទាញ​គឺ​កំហឹង​អ្នក​ប្រយុទ្ធ (Wrath of Fighter) ដែល​ជា​ប្រភេទ​ហ្គេម​វាយ​គ្នា ដោយ​បញ្ចូល​តួអង្គ​ហនុមាន និង​សម្លៀកបំពាក់​រំលេច​វប្បធម៌ អរិយធម៌​ខ្មែរ​។ កំហឹង​អ្នក​ប្រយុទ្ធ​គឺ​ទទួល​បាន​ការនិយម​ចូលចិត្ត​យ៉ាង​ច្រើន​ដោយ​គិត​មក​ដល់​ពេល​នេះ​មាន​អ្នក​ទាញ​យក​មកលេង​មាន​ចំនួន​ជាង ៦២ ០០០​។

ទន្ទឹម​នឹង​ការងាក​មក​ចាប់​អារម្មណ៍​ពី​ការផលិត​ហ្គេម Offline មក Online វិញ​ប្រធាន​ក្រុម Direxplay លោក ឈួម ពិសិដ្ឋ បាន​ប្រាប់​ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «concept នៃ​ហ្គេម​គឺជា​ការសប្បាយ​។ ទី​ ១ ហ្គេម offline ហ្នឹង​គាត់​លេង​តែ​មួយ​ភ្លែត គាត់​លេង​ចប់​វគ្គ​គឺ​គាត់​ឈប់​លេង​ហើយ​។ តែបើ​ហ្គេម Online គាត់​ភ្ជាប់​ជាមួយ​អ្នកលេង​ផ្សេង​ទៀត​គឺ​មាន​ន័យ​ថា​ការលេង​ហ្គេម​កាន់​តែ​បាន​យូរ អត់​ងាយ​ធុញ​ទេ​។ គាត់​ចូល​មក​ប៉ះ​អ្នក​លេង​ថ្មី​រហូត គាត់​លេង គាត់​ឆាត​ជាមួយ​មិត្ត​ក្នុង​ហ្គេម​។ គាត់​មាន​វិធី​លេង​ថ្មីៗ មិនមែន​លេង​ជាមួយ​ម៉ាស៊ីន​គឺ​លេង​ជាមួយ​មនុស្ស​»​។

លោក ឈួម ពិសិដ្ឋ ប្រធាន​ក្រុម Direxplay​។ រូបថត ជា វណ្ណារ័ត្ន

ទន្ទឹម​នឹង​នេះ Direxplay ក៏​កំពុង​ធ្វើការ​លើ​គម្រោង​ហ្គេម​អនឡាញ​ ១ ​ទៀត ដែល​ដំណើរ​រយៈពេល ៣ ​ឆ្នាំ​មក​ហើយ​គឺ​ហ្គេម​ពន្លឺ​ក្នុង​យុគ​ងងឹត (Light in the Dark Age) ដែល​ជា​ហ្គេម​មាន​ចំណុច​ពិសេស និង​ប្លែក​ពី​ហ្គេម​មុន​។ ឥឡូវ​នេះ Direxplay បាន​សម្រេច​កិច្ចការ​បាន​ប្រហែល ៧០ ទៅ ៨០ ភាគរយ​រួចមក​ហើយ​ដោយ​គ្រោង​នឹង​បញ្ចេញ​ហ្គេម​នេះ​នៅក្នុង​ឆ្នាំ​ ២០១៩ នេះ​។

ប្រធាន​ក្រុម​វ័យ​ ៣០ ​ឆ្នាំ​ខាង​លើ​នេះ​បញ្ជាក់​ថា​៖ «​សាច់រឿង​ក្នុង​ហ្គេម​យើង​ដកស្រង់​ចេញ​​ពី​ឈុត​មួយ​នៅក្នុង​រឿង​មហាភារត​គឺ​ឈុត​កូរ​សមុទ្រ​ទឹកដោះ​ដើម្បី​យក​ទឹកអម្រឹត តែ​មិនមែន​យើង​ដកស្រង់​មក​ទាំងអស់​ទេ អ៊ីចឹង​ច្នៃ​បំបែក​ចេញពី​មហាភារត​។ សាច់រឿង​បន្ត​ទៀត​គឺ​នៅ​ខ្ទង់​ជាង​ ១០០០ ​ឆ្នាំ​ក្រោយមក​ភពមនុស្ស​បាន​ធ្លាក់​ចូល​ក្នុង​​យុគងងឹត​ដែល​ត្រូវ​ពពួក​បិសាច​រំខាន​យាយី​យើង ដែល​ជា​អ្នក​លេង​ជា​តួអង្គ​គឺ​ត្រូវ​ទៅ​រំដោះ​ពិភពលោក ឬ​ជួយសង្គ្រោះ​លោក​ឡើងវិញ​»​។

ក្រៅពី​ដក​ស្រង់​ចេញ​ពី​រឿង​មហាភារតយុទ្ធ សូម្បីតែ​ទីកន្លែង និង​តួអង្គ​បិសាច ក៏​ត្រូវ​បាន​ច្នៃ​ចេញ​ពី​ប្រភព​តាម​ជំនឿ​ខ្មែរ​ផងដែរ​។ ក្រុម​អ្នក​ផលិត​ហ្គេម​មាន​សមាជិក​បងប្អូន​បង្កើត ៤ នាក់​នេះ​ចង់​ឲ្យ​អ្នក​លេង​ជុំវិញ​ពិភពលោក​ជ្រួតជ្រាប​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ ដែល​បញ្ជូល​ក្នុង​ហ្គេម​នោះ​។

ជាមួយ​ជោគជ័យ​តាមរយៈ​ហ្គេម​ផ្សងព្រេង សុខ និង​សៅ​ (Sok and Sao''s Adventure) ហ្គេម Jailbreak ពី​ខ្សែភាពយន្ត​ខ្មែរ វណ្ណកម្ម​ផលិតករ​អ៊ីតាលី រឿង Jailbreak ជាដើម​នោះ​ប្រធាន​ក្រុម Direxplay លោក ឈួម ពិសិដ្ឋ បាន​បង្ហាញ​ពី​អារម្មណ៍​ទាក់ទង​នឹង​ការផលិត​ហ្គេម​របស់​ខ្លួន​ថា​៖ «​យើង​ធ្វើ​ហ្គេម​តាំងពី​ឆ្នាំ​ ២០១៤ មក​សម្ទុះ​នៃ​ការគាំទ្រ​ស្នាដៃ​របស់​ប្រជាជន​ខ្មែរ​មាន​ការកើនឡើង​។ យើង​ជឿ​ថា​ទៅ​មុខ​យើង​នឹង​ទទួល​បាន​ការគាំទ្រ​យើង​ខំប្រឹង​អភិវឌ្ឍ​នូវ​ស្នាដៃ​របស់​យើង​។ យើង​ទទួល​ស្គាល់​ថា​យើង​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​អ៊ីចឹង​យើង​រីករាយ​ទទួល​នូវ​មតិយោបល់​ទាំងអស់​»៕

វីដេអូ៖