កំពង់ឆ្នាំង : ប្រអប់​ជើង​ខ្វេរ​ទាំង​គូ​របស់​កុមារា​កុមារី​ដែល​មាន​កំភួន​គ្មាន​សាច់ដុំ អាច​គ្រាន់​តែ​ជួយ​ធ្វើ​ដំណើរ​បំផ្លាស់ទី​ទាំង​ដៃ​ត្រូវ​ច្រត់​ព្រះធរណី​វារ​ផ្ទាល់​នឹង​ដី ដែល​ធ្វើឲ្យ​ខ្លួនប្រាណ និង​សម្លៀកបំពាក់​ចាស់ៗ​ស្រាប់​ដិ​តដាម​ធូលី​ដី​យ៉ាង​កខ្វក់​រៀងរាល់​ថ្ងៃ​។

តាំងពី​ចាប់​កើត​ដឹងក្ដី​មក​បងប្អូន​ប្រុស​ស្រី​ទាំង​ ២ គ្មាន​វាសនា​អាច​ឈរ​ដោយ​ប្រើ​ជើង​ទាំង​គូ​របស់​ខ្លួន និង​ក្រោក​ដើរ​ដូច​ក្មេង​ដទៃ​ឡើយ​។ មួយ​ថ្ងៃៗ​ពួកគេ​វារ​បំផ្លាស់​ទី​ជុំវិញ​បរិវេណ និង​លេង​នៅ​លើ​ដី​តាំងពី​ព្រលឹម​ទល់​ព្រលប់ មាន​តែ​សម្លាញ់​ជើង ៤ ជា​គ្នា​។

កុមារា​បង សួន ពិសាល អាយុ​ ១៧ ​ឆ្នាំ​ប្រសូត​មក​ខ្វេរ​ប្រអប់ជើង ពិការ​ជើង​ទាំង​ ២ ដើរ​មិន​រួច និង​ថែមទាំង​និយាយ​មិន​ចេញ ខណៈ​ប្អូនស្រី សួន ខេមរា អាយុ​ ១៤ ​ឆ្នាំ​ក៏​មាន​សភាព​ខ្វេរ​ប្រអប់ជើង ដើរ​មិន​រួច តែ​អាច​និយាយ​បាន​តិចៗ​រស់នៅ​ជាមួយ​ដូនចាស់​អាយុ ៧០ ​ឆ្នាំ​ក្នុង​ភូមិ​ជ្រៃកោង​កើត ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គី​មានជ័យ ខេត្ដ​កំពង់ឆ្នាំង​។

ព្រះតេជគុណ​ព្រះនាម ស បញ្ញារិទ្ធិ ម្ចាស់​ហ្វេសប៊ុក​លោក​ម្ចាស់ គុណធម៌ ដែល​បាន​បង្ហោះ​វីដេអូ​ពី​ការលំបាក​របស់​បងប្អូន​ប្រុស​ស្រី​ទាំង​ ២ បាន​មាន​សង្ឃដីកា​ថា​៖ «​រាល់ថ្ងៃ​ពួកគាត់​យក​ដី​ធ្វើ​ជា​គ្រែ​តែម្ដង​ដោយ​ពួកគាត់​វារ​នៅ​តែ​លើដី​។ ខ្លួន​ប្រឡាក់ប្រឡូស កខ្វក់​ប្រាណ​។ ទាល់តែ​យប់ ទើប​ពួកគាត់​ត្រូវ​បាន​បី​ឡើង​លើ​ផ្ទះ​សម្រាក​។ ពួកគាត់​រស់នៅ​ជាមួយ​ដូនចាស់​អាយុ​ ៧០ ​ឆ្នាំ និង​ញោមប្រុស​ម្នាក់​ទៀត​អាយុ ៨០ ​ឆ្នាំ ជា​អ្នក​នៅ​មើលថែ​ចៅ​ទាំង​ ២ ​នាក់​»​។

ព្រះតេជគុណ បន្ដ​ថា​៖ «​ប្អូនប្រុស គាត់​ពិការ​ជើង​ហើយ និង​អត់​ចេះ​និយាយ ព្រមទាំង​ស្ដាប់​មិន​បាន​នោះ​ទេ​។ ចំពោះ​ប្អូនស្រី គាត់​ដើរ​អត់​រួច​ដូច​គ្នា តែ​គាត់​អាច​ស្ដាប់​បាន និង​និយាយ​បាន​ខ្លះ​»​។

ដោយ​មើល​ឃើញ​ពី​ទុក្ខលំបាក​របស់​កុមារ​ទាំង​ ២ ដែល​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​របង​ផ្ទះ និង​តែងតែ​វារ​នៅ​លើ​ដី​រៀងរាល់​ថ្ងៃ​តាំងពី​ព្រឹក​ព្រលឹម​ទល់​ព្រលប់​ព្រះតេជគុណ​ដែល​រមែង​បំពេញ​បុណ្យ​កុសល​តាមរយៈ​ទង្វើ​សប្បុរសធម៌ មាន​តែ​ពាក្យ​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​ដែល​មាន​ចិត្ដ​សទ្ធា​ជ្រះថ្លា​ជួយ​កុមារ​ទាំង​ ២ ​ទៅ​តាម​លទ្ធភាព​។

ព្រះតេជគុណ ស បញ្ញារិទ្ធិ មាន​សង្ឃដីកា​ក្នុង​វីដេអូ​ឃ្លីប ៣,២៧ នាទី​ថា​៖ «​អាត្មាភាព​! សូម​អំពាវនាវ​ដល់​បងប្អូន​ជួយ​ទាំង​ថវិកា ឬ​គ្រឿង​ឧបភោគបរិភោគ ជាពិសេស យើង​ត្រូវការ​រទេះរុញ​ជា​ចាំបាច់​»​។

ឆ្លើយតប​នឹង​ការស្នើសុំ​ពី​ព្រះតេជគុណ​ចិត្ដ​បុណ្យ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​បាន​បង្ហាញ​នូវ​ក្ដី​អាណិតអាសូ​ចំពោះ​កុមារ​ពិការ​ទាំង​ ២ ​នាក់​បងប្អូន ខណៈ​អ្នក​ខ្លះ​ក៏​បាន​ចូលរួម​ផ្ដល់​ថវិកា​មួយ​ចំនួន​តាមរយៈ​ព្រះសង្ឃ​អង្គ​នេះ​ផង​ដែរ​។

ព្រះតេជគុណ​មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​មាន​ញាតិ​ញោម​ក្រៅប្រទេស​ឃើញ​ហើយ​អាណិតអាសូរ​ក៏​បាន​ផ្ដល់​ថវិកា​ទិញ​រទេះ​ឲ្យ​កុមារ​ពិការ​ទាំង​ ២»​។

ឆ្លើយ​ជំនួស​អារម្មណ៍​កុមារ​ទាំង​ ២ ដែល​ពុំ​ធ្លាប់​បាន​ជិះរទេះ​រុញ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ម្ដង​សោះ ព្រះតេជគុណ បញ្ញារិទ្ធិ បាន​បន្ដ​ថា​៖ «​ពួកគាត់​ប្រាកដ​ជា​សប្បាយ​ចិត្ដ​រួម​ទាំង​ក្រុមគ្រួសារ​ផង​ដែរ​ពីព្រោះ​តាំងពី​កើត​មក​ពួកគាត់​រស់នៅ​លើ​ដី វារ​នៅ​លើ​ដី​អ៊ីចឹង​រហូត​។ វា​មិន​ស្រួល​ទេ​។ អាត្មា​គិត​ថា​រទេះ​ជួយ​ឲ្យ​ពួកគាត់​រស់នៅ​ស្រួល​ជាង​មុន​»​។

ម្ចាស់​ហ្វេសប៊ុក លោក​ម្ចាស់ គុណធម៌​បន្ថែម​ថា​៖ «​គួរ​ឲ្យ​សង្វេគ​បំផុត​នោះ​គឺ​នៅ​ខែវស្សា ប្អូនប្រុស​នេះ​ត្រូវ​គេ​ចង​គាត់ តែ​ប្អូនស្រី​ឥត​សូវ​អី​ប៉ុន្មាន​ទេ ពីព្រោះ​ប្អូនប្រុស​អត់​ចេះ​ស្ដាប់​ទេ​។ ខែវស្សា​មាន​ទឹក​លិច​ច្រើន​ល្ហល្ហាច​។ បើ​មាន​រទេះ វា​មាន​ការងាយស្រួល​ច្រើន​ហើយ​យើង​អាច​រុញ​គាត់​ទៅ​ណា​មក​ណា​ក៏បាន​»​។

ព្រះតេជគុណ ស បញ្ញារិទ្ធិ ក៏​បាន​បង្ហោះ​លេខ​ទំនាក់ទំនង ប្រសិន​បើ​សម្បុរ​ជន​ណា​ចង់​ផ្ដល់​ថវិកា ឬ​គ្រឿងឧបភោគ​បរិភោគ​ដល់​កុមារ​ពិការ​ទាំងនេះ សុំ​ទាក់ទង​លេខ​ទូរស័ព្ទ ០១២ ៣១ ៣៥ ១៩ ឬ ០៩៨ ៣១ ៣៥ ១៩៕