ភ្នំពេញ៖ គ្រាន់​តែ​តារា​​ចម្រៀង​ស្រី​​កញ្ញា បាន មុន្នីល័ក្ខ ឆ្លៀត​ប្រកប​របរ​អនឡាញ​បន្ទាប់​បន្សំ​ លក់​ផ្លែ​ឈើនានា​​​តាម​រដូវ​កាល​​ ដើម្បី​រក​ប្រាក់​ទ្រទ្រង់​​​ជីវភាព​គ្រួសារ​ខ្លួន​នោះ ក៏​ស្រាប់​តែ​មាន​លេច​ឮ​​​​ដំណឹង​​​​ថា ​​កញ្ញា​កំពុង​ធ្លាក់​ខ្លួន​មក​​លក់​ទុរេន​ ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​បណ្តាញ​សង្គម​​។

បើ​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​ ព្រោះ​តែ​ជំងឺ​កូវីដ​ ១៩ មិន​ត្រឹម​តែ​បាន​​ធ្វើ​​ឱ្យមាន​​ផល​​​វិបាក​​ទៅ​ដល់​​ខ្ទង់​ចំណូល​នៃ​​ជីវភាព​គ្រួសារ​​គ្រប់​​មជ្ឈដ្ឋាន​​​ទេ​ សូម្បី​តែ​​ក្រុម​​សិល្បករ-សិល្បការិនី​មួយ​ចំនួន ​​ដែល​​​ប្រភព​​​ចំណូល​​អាស្រ័យ​​​លើ​សិល្បៈ​​​នោះ​ ក៏​ជួប​​បញ្ហា​ស្រដៀង​គ្នា​ដែរ​។​

ជាក់​ស្តែង​ពេល​ថ្មីៗ​នេះ ឃើញ​តារា​ចម្រៀង​​រាង​​ល្អិត សាច់​ស​ខ្ចី​ ​​សម្រស់​ស្អាត​កញ្ញា​ បាន មុន្នីល័ក្ខ តែងតែ​​​បង្ហោះ Live វីដេអូ​​​លក់​ផ្លែ​ទុរេន ផ្លែ​សាវម៉ាវ និង​ផ្លែឈើ​ផ្សេងៗ តាម​រដូវកាល​នោះ ក៏​​រង​ដំណឹង​​បែប​រិះគន់​​ថា៖ «ធ្វើ​ជា​តារា​ចម្រៀង​ ដល់​​ថ្នាក់​មក​ដើរ​លក់​ទុរេន!»។​

ក្រោយ​ពី​បាន​ឃើញ​អ្នក​សិល្បៈ​ដូច​គ្នា​ គឺ​កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ថត​រូប​អ្នក​ដែល​ថា ដូច​ខាង​លើ​ភ្ជាប់​នឹងពាក្យ​ខ្លី​ថា «យីស!»​ និង​Tag ឈ្មោះ​ឱ្យ​បាន​ឃើញ​មក​នោះ កញ្ញា បាន​ មុន្នីល័ក្ខ ក៏​សម្តែង​នូវ​​ការ​​​ហួស​ចិត្ត​ផង​ដែរ​ សម្រាប់​​អ្នក​និយម​រិះគន់​អ្នក​សិល្បៈ​តាម​បណ្តាញ​​សង្គម​ហ្វេសប៊ុក​។​

កញ្ញា បាន មុន្នីល័ក្ខ បាន​តប​សារ​ថា៖ «​ខម៊ិន​ ទាំង​ព្រឹក​ហ្មង​បង ​សុំ​យោបល់​ហ្វេនៗ ​ម្នាក់​មួយ​ម៉ាត់​​មក! ​​ធ្លាក់​ខ្លួន ឬ​មិនធ្លាក់​ខ្លួន​គឺ​ខ្ញុំ​​ទេ​​បង​ ដែល​ដឹង​ច្បាស់​បង​ប្រុស! ជា​មុខ​​របរ​​​សុចរិត​​មិន​មែន​​​ទៅ​ឆក់​ប្លន់​គេ​ទេ​បង បង​កុំ​ទៅ​ថា​ឱ្យ​អ្នក​ផ្សេង​អ៊ីចឹង​​ណា​បង​​ សម្រាប់​ខ្ញុំ​ គឺ​​មិន​​អី​ទេ​បង​ ខ្ញុំ​មិន​ខឹង​ទេ។ អរគុណ​សម្រាប់​ពាក្យ​នេះ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រឹតតែ​ចង់​រក​ស៊ី​បន្ថែម​ទៀត»។​

រំពេច​នោះ ក៏​មាន​អ្នក​គាំទ្រ​​បែប​​និយាយ​កាន់​ជើង​នឹង​តារា​​ចម្រៀង​ស្រី​ អតីត​ច្រៀង​នៅ​ផលិតកម្ម ​We​ Production និង​បច្ចុប្បន្ន​​នេះ​ កំពុង​ជ្រក​នៅ​​ទ្រនំ​ថ្មី​ផលិតកម្ម​ថោន កញ្ញា បាន មុន្នីល័ក្ខ ភ្លាមៗ​​​ផង​ដែរ។ មាន​​ហ្វេន​តប​សារ​ថា៖ «​មនុស្ស​​ស្រី​ចេះ​រកស៊ី​ គឺ​ល្អ​ខ្លាំង​ណាស់ ចង់​គេ​​រក​ស៊ី​លក់​អ្វី​ក៏​ដោយ​ ឱ្យ​តែ​គេ​លក់​របស់​ហ្នឹង​វា​ត្រូវ​​ មាន​​​អ្វី​​ត្រូវ​ខុស គេ​លក់​ទុរេន​សោះ​ហ្នឹង!​ ពាក្យ​ថា​ធ្លាក់​ខ្លួន​ គឺ​គ្មាន​សល់​អី​សោះ ​បើ​គាត់​ធ្លាក់​ខ្លួន ​មាន​ដើម​ណា​មក​ទិញ​ទុរេន​​លក់ ស្មាន​​ចំណាយ​ដើម​​តិច​លក់​បាន​មែន​? ចេះ​តែ​មាន​ហ្មង​​ សំខាន់​គេ​មិនមែន​ទៅ​យក​របស់​អ្នក​ឯង​​​ណា!»។​

គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​ថា ​កាល​​ពី​​ដើម​​​ឆ្នាំ ២០២០ ​គ្រាន់​តែ​​​ដូរ​ទ្រនំ​ថ្មី​ភ្លាម ​តារា​ចម្រៀង​ស្រី​រាង​ល្អិត​ សំឡេង​​​ធ្ងន់​ កញ្ញា បាន មុន្នីល័ក្ខ ក្តាប់​​ឱកាស​​បន្ថែម​​​​​លើ​វិថី​សិល្បៈ ​ដោយសារ​ផលិតកម្ម​ថោន​ ​បាន​​​ជ្រើស​កញ្ញា​ជា​​តួឯក​ស្រី​​​ក្នុង​​​កុន​ភាគ​រឿង «​​ព្រហ្មលិខិត​ដុះ​ស្លាប» ជាមួយ​តួ​ប្រុស​​តារា​​​ចម្រៀង​​​លោក​ ម៉ៅ ហាជី​។

កញ្ញា បាន មុន្នីល័ក្ខ ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ យ៉ាង​ខ្លី​​​​​​ថា​៖ ​«​​​នាង​ខ្ញុំ​​ពិត​​ជា​ ទទួល​បាន​តំណែង​ជា​តួឯក​មែន សម្រាប់​កុន​ភាគ​រឿង​​ «ព្រហ្មលិខិត​ដុះ​ស្លាប» ​តែ​​​​​រឿង​នេះ​ មិនមែន​​​មាន​​​ន័យ​​ថា​ ​នាង​ខ្ញុំ​ទើប​​​ចាប់​ផ្តើម​ថត​​កុន​ នា​ពេល​នេះ​នោះ​ទេ​ គឺ​ថា​​​នាង​ខ្ញុំ​ធ្លាប់​ថត​កុន​ភាគ-​ដំបូង​ កាល​​​ពី​ពេល​ ​៤-​​៥ ឆ្នាំ​មុន​ រួច​​​មក​​​ហើយ​​ផង​ដែរ​»៕​​​