ក្រុងណៃរ៉ូប៊ី: សំណាញ់​មង​ពេញ​លើ​ទូក​ ប្រជានេសាទ​មួយ​ក្រុម​ជជែក​ និង​សើច​យ៉ាង​ក្អាកក្អាយ ខណៈ​ក្រសែភ្នែក​ក្រឡេក​សំដៅ​បឹង​វិចតូរៀ និង​រុក្ខជាតិ​បៃតង​មីរដេរដាស​ពាសពេញ​ផ្ទៃ​ទឹក​។ ប៉ុន្ដែ​សំណើច​របស់​ពួកគេ​ប្រែ​ក្លាយ​ជា​ក្ដីបារម្ភ ពេល​ព្រះអាទិត្យ​ចាប់ផ្ដើម​អស្តង្គត​។

កម្រាលព្រំ​បៃតង​ដ៏ក្រាស់ឃ្លឹក​បាន​វាតទី​លើ​ឆក​គីសូមូ​ម្ដង​ទៀត​ដោយ​បាន​អណ្ដែត​មក​ភ្ជិត​ផ្លូវទឹក​ចេញ​ទៅ​កាន់​វាល​ល្វឹងល្វើយ​បំផុត​នៃ​តំបន់​អាហ្វ្រិក​។

ក្រសារ​ជើងវែង​រំលេច​សម្រស់​លើ​ផ្ទៃ​បឹង​ដែល​មមាញឹក​ចាប់​ចំណី​លើ​វាល​កំប្លោក តែ​ប្រជានេសាទ​ប្រែ​ជា​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​ត្រួសត្រាយ​រុក្ខជាតិ​ទាំង​នេះ​តាម​របៀប​ណា​?

ប្រជានេសាទ​កេនយ៉ាជួប​ការលំបាក​ក្នុង​ការបំផ្លាស់ទី​លើ​បឹងវិចតូរៀ​។ AFP

លោក មូរីក អូម៉ុនឌី អាយុ ៤០ ឆ្នាំ​ជា​ប្រធាន​សមាគម​ប្រជានេសាទ គីឈីនជីអូ នៅ​ផ្នែក​ម្ខាង​នៃ​ឆ្នេរ​គីសូមូ និយាយ​ថា​៖ «​បើ​យើង​ទៅ​នេសាទ​ពេល​នេះ យើង​នឹង​ជាប់គាំង​លើ​បឹង​កំប្លោក​។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​រង់ចាំ​ខ្យល់​បក់​វា​ចេញ​។ កាលពី​មុន​យើង​ព្យាយាម​ពុះពារ​ឆ្លងកាត់​ចង្វាក់​កំប្លោក តែ​វា​ពិតជា​ពិបាក​ខ្លាំង ហើយ​មាន​ហានិភ័យ​ខ្លាំង​ផង​ដែរ​។ មាន​ម្ដង​នោះ​យើង​ត្រូវ​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​សង្គ្រោះ​អ្នកនេសាទ​ជាប់​កំប្លោក​»​។

កំប្លោក រុក្ខជាតិ​អណ្ដែត​លើ​ផ្ទៃ​ទឹក​មាន​ដើមកំណើត​មកពី​អាមេរិក​ខាង​ត្បូង ដែល​បាន​ក្លាយ​ជា​សត្រូវ​លើ​ផ្ទៃ​ទឹកសាប​សកល​ដោយ​វា​បាន​ធ្វើ​ដំណើរ​ពាសពេញ​ពិភពលោក​ដោយ​ឯកឯង និង​មាន​វត្ដមាន​លើ​បឹង​វិចតូរៀ ដំបូង​ក្នុង​ទសវត្សរ៍​ឆ្នាំ​​ ១៩៩០​។

តាំងពី​ពេល​នោះ​វា​ធ្វើឲ្យ​ប្រជានេសាទ​ពិបាក​បំផ្លាស់ទី​លើ​បឹង​ដែល​ប៉ះពាល់​សេដ្ឋកិច្ច​អ្នកស្រុក​ទៀត​។

ឆ្នាំ​ ២០១៣ ឧស្សាហកម្ម​នេសាទ​កេនយ៉ា​លើ​បឹង​វិចតូរៀ ហុច​ទិន្នផល​ត្រី ១៤ ម៉ឺន​តោន ភាគច្រើន​ជា​ត្រី​ភើចយក្ស នុយស និង​ទីឡាព្យ៉ា​។ តែ​ឥឡូវ​អ្នកក្រ​ចង់​ទិញ​ត្រី​ទីឡាព្យ៉ាចិន​មាន​តម្លៃ​ថោក​ជាង​»៕ HR