ក្រុមរ៉ូម៖ រោម​បក្សី​រមែង​រំលេច​នូវ​សម្រស់​ស្រស់​ឆើតឆាយ​បន្ថែម​ចំពោះ​សម្លៀក​បំពាក់​បែប​ហ្វាសសិន​​តាំង​ពី​បុរាណ​កាល​មក ចាប់​ពី​​ម្ចាស់​ក្សត្រី​ ម៉ារី អង់តូអ៊ីណែត រហូត​ដល់ ឡេឌី ហ្គាហ្គា ហើយ​បុរស​​អ៊ីតាលី​វ័យ​ខ្ទង់ ៨០ ឆ្នាំ​ម្នាក់ ​នៅ​​បន្ដ​​ប្រពៃណី​ដ៏​ពេញ​និយម​​​នេះ​ទៀត​។

លោក ហ្គែននី ប្រាសស្យានី អាយុ ៨៩ ឆ្នាំ ដែល​មក​ហាង​របស់​លោក​រៀង​រាល់​ថ្ងៃ​នៅ​ឃុំ​សាន់តូ ស្ដេហ្វាណូ ទីស៊ីណូ ចម្ងាយ​ប្រមាណ ៣០​ គីឡូម៉ែត្រ ភាគ​ខាង​លិច​ក្រុង​មីឡាន និង​មាន​បំណង​បន្ដ​រំលេច​នូវ​ប្រពៃណី​រោម​បក្សី​ចម្រុះ​ពណ៌​ថែម​ទៀត​។

លោក​បាន​និយាយ​ថា​៖ «​រោម​បក្សី​​​ជា​ចំណូល​ចិត្ដ​ពិសេស​របស់​ខ្ញុំ​​»។

លោក ប្រាសស្យានី មាន​បំណង​ចង់​ចូល​និវត្ដន៍​ក្រោយ​ពី​បំពេញ​ការងារ​លើ​​ឧស្សាហកម្ម​​ហ្វាសសិន​ពេញ​មួយ​ជីវិត​ ដែល​លោក​ផ្ដោត​លើ​រោម​បក្សី​ជា​ចម្បង។ កំពូល​អ្នក​ឌីហ្សាញ​អត់​ខ្វល់ខ្វាយ​អ្វី​ផ្សេង​ក្រៅ​ពី​ការ​ច្នៃ​ម៉ូដ​រោម​បក្សី​​​រូប​នេះ បាន​ប្រើប្រាស់​ស្នាដៃ​ច្នៃម៉ូដ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​​កំពូលៗ​ក្នុង​លោក និង​គ្រង​ដោយ​តារា​​ល្បី​ៗ ដូចជា អេនជេលីណា ជោលី, សេលីន ដាយអន, ណាអូមិ ខេមប៊េល និង​ចេន្នីហ្វ័រ ឡូប៉េស។

រោម​បក្សី​ត្រូវ​បាន​ច្នៃ​ជា​សម្លៀក​​បំពាក់​ហ្វេសសិន​​ដ៏​ប្រណីត​នៅអីុតាលី​​។ រូបថត AFP

រោម​បក្សី ​គឺ​ជា​កិច្ចការ​ជំនួញ​របស់​ដូនតា​លោក​ ដែល​ធ្វើ​ការ​រៀង​រាល់​ថ្ងៃ​ជាមួយ​កូន​ស្រី អេម៉ានូអេឡា អាយុ ៥១ ឆ្នាំ និង​បុគ្គលិក ៩ នាក់​ទៀត​នៅ «Bracciani Piume​» ជា​ជំនួញ​ដែល​រក​ចំណូល​ ២,២ លាន​ដុល្លារ​ក្នុង​ការ​លក់ ​១ ​ឆ្នាំៗ​។

មុខ​ជំនួញ​តាំង​ពី​ឆ្នាំ​ ១៨៨៣ ពេល​ជីតា​របស់​លោក ប្រាសស្យានី ចាប់​ផ្ដើម​នាំចូល​​សម្លៀក​បំពាក់​ប្រណីតៗ​ពី​ក្រុង​ប៉ារីស រួច​បន្ទាប់​មក រោម​បក្សី​ដែល​លោក​បាន​លក់​ឲ្យ​​អ្នក​លក់​មួក​ស្រីៗ​​ អ្នក​ផលិត​ស្បែក​ជើង និង​ហាង​កាត់​សម្លៀក​បំពាក់​​ទូទាំង​អ៊ីតាលី។

នៅ​រោងសិប្បកម្ម​លោក ម៉ាស៊ីន​​បាន​ត្បាញ​រោម​បក្សី​ជា​ក្រណាត់​ ដែល​នឹង​​ភ្ជាប់​ជាមួយ​អាវ​ក្រៅ​ប្រណីត​ត្រៀម​​លក់​នៅ​រុស្ស៊ី ជប៉ុន និង​ចិន​។

បុរស​អុីតាលី​អាយុ​ ៨៩ ឆ្នាំ ឲ្យ​ចំណី​​សត្វ​ទា នៅ​ផ្ទះ​របស់លោក​ចម្ងាយ ៣០ គីឡូម៉ែត្រខាង​លិច​ក្រុង​មីឡាន។ រូបថត AFP

លោក​បាន​និយាយ​ថា បញ្ហា​សព្វ​ថ្ងៃ​គឺ​លំបាក​ស្វែងរក​រោម​បក្សី​ប្រកប​ដោយ​គុណភាព​ ខណៈ​កសិដ្ឋាន​រោងចក្រ​មាន​ន័យ​ថា បក្សី​ត្រូវ​បាន​សម្លាប់​មុន​ពេល​រោម​របស់​វា​លូត​លាស់​សម​ស្រប​អាយុ​កាល​សម្រាប់​​បោច​។ បក្សី​​ប្រើ​ពេល​អភិវឌ្ឍ​រោម​​ឲ្យ​ល្អ​នៅ​​រយៈពេល​ ២ ឆ្នាំ ខណៈ​សត្វ​អូទ្រីស​ត្រូវ​បាន​កាត់​រោម​​ពេល​ពួក​វា​នៅ​រស់​។ ​

ក្នុង​នាម​ជា​អ្នក​សិល្បៈ លោក ប្រាសស្យានី ក៏​ជា​អ្នក​ច្នៃ​បង្កើត ដោយ​បាន​ឌីហ្សាញ​វត្ថុ​ជា​ច្រើន ឬ​ម៉ាស៊ីន​កែច្នៃ​រោមបក្សី​ និង​បាន​អភិវឌ្ឍ​ការ​ជ្រលក់​ពណ៌​ជាង ២ ០០០ ប្រភេទ​ ដោយសារ​តែ​រោម​បក្សី​ទាំង​អស់​មិន​សុទ្ធ​តែ​ត្រូវ​ជ្រលក់​ពណ៌​ដូចៗ​គ្នា​ឡើយ​៕ AFP/HR