ក្រុងញូវដែលី៖ បុរស​ឥណ្ឌា​ម្នាក់​បាន​និយាយ​ថា លោក​ចំណាយ​ប្រាក់​ប្រមាណ ៤ ពាន់​ដុល្លារ​ ទិញ​ម៉ាស់​មាស​ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​កូរ៉ូណា​ដែល​កំពុង​ញាំញី​ប្រទេស​របស់​លោក។

អ្នក​ជំនួញ​ សាន់កា គួរហាដេ មក​ពី​ភាគ​ខាង​លិច​ក្រុង​ពូន បាន​និយាយ​ថា របាំង​ការពារ​មាត់ និង​ច្រមុះ​មាន​ទម្ងន់ ៦០ ក្រាម​ និង​ធ្វើ​ឲ្យ​ជាង​ទង​ចំណាយ​ពេល​ផលិត ៨ ថ្ងៃ​។

លោក សាកា បាន​ប្រាប់ AFP ថា៖ «​វាជា​ម៉ាស់​ស្ដើង​ និង​មាន​រន្ធ​តូចៗ​សម្រាប់​ឲ្យ​ខ្ញុំ​ដក​ដង្ហើម​។ ខ្ញុំ​មិន​ច្បាស់​ថា តើ​វា​មាន​ប្រសិទ្ធភាព​ការពារ​ខ្ញុំ​ពី​ជំងឺ​កូវីដ ១៩ បាន​កម្រិត​ណា​នោះ​ទេ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​រិះ​រក​វិធី​ការពារ​ខ្លួន​បែប​ប្លែក​ប៉ុណ្ណោះ​»។

ពេល​ចេញ​ក្រៅ បុរស​អាយុ ៤៩ ឆ្នាំ បាន​និយាយ​ថា លោក​ពេញ​ចិត្ដ​ខ្លួន​ឯង​ ដែល​ពាក់​ម៉ាស់​មាស​ដ៏​ឆ្អិនឆ្អៅ​​ទម្ងន់ ១ គីឡូ​ក្រាម​នេះ រួម​ទាំង កងដៃ ខ្សែក និង​ចិញ្ចៀន​ពាក់​លើ​ម្រាម​នីមួយៗ​នៃ​ដៃ​ស្ដាំ​។

លោក គួរហាដេ ដែល​មាន​ក្រុមហ៊ុន​សង់​ឃ្លាំង បាន​បន្ថែមថា លោក​មាន​គំនិត​បង្កើត​ម៉ាស់​មាស​ក្រោយ​ពី​ឃើញ​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​អំពី​បុរស​ម្នាក់​ពាក់​ម៉ាស់​ផលិត​ពី​ប្រាក់​។

លោក​និយាយ​ថា​៖ «​មនុស្ស​ម្នា​នាំ​គ្នា​សុំ​ខ្ញុំ​ថត​សែលហ្វ៊ី។ ពួក​គេ​មាន​ការ​​ពេញ​ចិត្ដ នៅ​ពេល​ឃើញ​ខ្ញុំ​ពាក់​ម៉ាស់​មាស​ដើរ​តាម​ផ្សារ​»។

ប្រទេស​​ឥណ្ឌា​ បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ពាក់​ម៉ាស់​រាល់​ការ​ចេញ​ក្រៅ​ផ្ទះ​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​ទូទាំង​ប្រទេស​ ដែល​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​​ប្រមាណ​ ៦៥​ ម៉ឺន​ករណី និង​​មាន​ចំនួន​ស្លាប់​​ជាង ១៨ ៦០០ នាក់​៕ AFP/HR