ក្រុងប៉េកាំង: បុរាណ​វត្ថុវិទូ​ចិន​ម្នាក់ ដែល​បាន​កំណត់​អត្ដ​សញ្ញាណ​រូប​សំណាក​កង​ទាហាន​ដីឥដ្ឋ​បាត់បង់​ចំនួន ៨០០០ រូប បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លង​ទៅ។ លោក ហ្សាវ បាន​ស្លាប់​ក្នុង​អាយុ ៨២ ឆ្នាំ។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ចិន។

លោក ហ្សា​វ កាង​មីន បាន​ពិនិត្យមើល​បំណែក​រាងកាយ​អ្នក​ចម្បាំង​បុរាណ ក្នុង​ឆ្នាំ ១៩៧៤។ ប្រជា​កសិករ ដែល​រស់​នៅ​ចម្ងាយ​ជាង ៣០ គីឡូ​ម៉ែត្រ​ពី​ទីក្រុង​សៀន កំពុង​ជីក​អណ្ដូង​ទឹក ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​អំបែង​បំណែក​រូប​ចម្លាក់។

បុរាណ​វិទូ ហ្សា​វ បាន​ប្រទះឃើញ​បំណែក​ក្បាល ម្រាមជើង និង​អវយវៈ និង​ជា​អ្នក​ជួសជុល​រូប​សំណាក​ទាំង​នោះ។ លោក​ចាប់ផ្ដើម​ផ្គុំ​ម្ដង​មួយ​ដុំៗ​រហូត​ដល់​ពេញ​រូបរាង។ អ្នក​ចម្បាំង​នីមួយៗ មាន​រូបរាង​ពេញ​លក្ខណៈ ខុស​តែ​មុខមាត់ និង​ទឹកមុខ ព្រមទាំង​ភាព​លម្អិត​ដែល​សូម្បី​តែ​ក្រចក​ដៃ។ ក្រោយៗ​មក ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​ចម្លាក់​ក្រុម​ខ្មាន់​ធ្នូ ទាំង​ឈរ និង​លុត​ជង្គង់ ទ័ព​ថ្មើរ​ជើង កង​អាវ​ក្រោះ និង​រទេះ​ចម្បាំង​មួយ​ឈុត។

រាជា​ធិ​រាជ​ចិន​ដែល​បាន​បង្រួបបង្រួម​ចិន​ក្នុង​សតវត្សរ៍​ទី ៣ មុន​គ្រិស្ដសករាជ ស្ដេច គីន ស៊ីហ៊ួង បាន​បញ្ជា​ឲ្យ​សង់​ចម្លាក់​ទាំង​នេះ​ដើម្បី​ការពារ​ផ្នូរ​សព​របស់​ព្រះអង្គ។ មនុស្ស​ជាង ៧០ ម៉ឺន​នាក់ បាន​កសាង​ចម្លាក់​ទាំង​នេះ​រួច​បញ្ចុះ​ក្នុង​បរិវេណ​ផ្នូរ​តែ​ម្ដង។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​បុរាណ​វិទូ។

យោងតាម UNESCO ទី​កំណាយ​ជិត ៦០០ កន្លែង ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ ត្រូវបាន​កំណត់​គោល​ដៅ ដែល​ស្ថិត​ក្នុង​ទីតាំង​ផ្នូរ​សព​ដ៏ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​ចិន៕HR