ភ្នំពេញៈ រយៈពេល ២ ឆ្នាំ ក្រោយពី​បង្កើត​វិចិត្រសាល​ឈ្មោះ Kbach Gallery មក ក៏​ជំរុញ​ឲ្យ​ម្ចាស់​វិចិត្រ​សាល រៀបចំ​ការ​ប្រកួត​ប្រជែង​ទេពកោសល្យ​គំនូរ​លើក​ដំបូង​នៅ​កម្ពុជា ឬ Kbach Artist Competition Launch 2018 ដោយ​ការ​ចាប់​ផ្តើម​បើក​សម្ពោធ និង​ទទួល​បេក្ខភាព​វិចិត្រករ​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ ២០១៨ នេះ​តទៅ។

តូនី ហ្រ្វង់ស៊ីស (Tony Francis) ដែលជា​ម្ចាស់​វិចិត្រសាល Kbach Gallery បង្ហើប​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​រៀបចំ​ការ​ប្រកួត​ប្រជែង​ទេពកោសល្យ​គំនូរ​ជា​លើក​ទី ១ នេះ​ថា៖ «នា​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨ គឺជា​ការ​បង្កើត​នូវ​ពន្លក​នៃ​ក្រុម​សិល្បករ ខ្មែរ​តាមរយៈ​ការ​ប្រកួត​ប្រជែង លើ​ទេពកោសល្យ​មួយ ដែល​ត្រូវ​រចនា​ឡើង​ដើម្បី​អនុវត្តតាម​វិចិត្រ​សាល ដែល​ជា​ការ​កំណត់​អត្តសញ្ញាណ​នៃ​គំនូរ ការ​គាំទ្រ និង​ការ​លើក​ស្ទួយ​ទៅ​ដល់​ក្រុម​វិចិត្រករ​បែប​នៅ​ទីក្រុង។ ការ​ប្រកួត​ប្រជែង​នេះ​នឹង​អញ្ជើញ​ក្រុម​វិចិត្រករ​ខ្មែរ​ឲ្យ​ចូលរួម​រហូត​ទៅ​ដល់​ចំនួន ១០០ រូប ហើយ​ពួកគេ​នឹង​ទទួល​បាន​ផ្ទាំង​ក្រណាត់​ម្នាក់​មួយ​ផ្ទាំង សម្រាប់​គូរ​រូប​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​ពី​កម្មវិធី​សម្ពោធ»។

ម្ចាស់​វិចិត្រសាល Kbach Gallery បន្តថា៖ «ចំពោះ​ការទទួល​បេក្ខភាព​វិចិត្រករ និង​ការ​ប្រគល់​ផ្ទាំង​ក្រណាត់​គូររូប​ដើម្បី​ចូលរួម​នោះ នឹង​បន្ត​រហូត​ដល់​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៨ ឯណោះ។ ក្រោយ​ពី​ទទួល​បាន​បេក្ខភាព​គ្រប់​ចំនួន​ហើយ នឹង​ប្រកួត​ជម្រុះ​យក​បេក្ខភាព​ត្រឹម​តែ ១០ រូប តែ​ប៉ុណ្ណោះ ដើម្បី​បន្ត​យក​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ខែ​ធ្នូ ឆ្នាំ ២០១៨ ខាងមុខ»។

ក្រុម​ក្មេងៗ​កំពុង​ផ្ចង់​អារម្មណ៍មើល​វិចិត្រករ​គូរ​គំនូរ​នៅ​តាមជញ្ជាំង​​​ ដែល​​ក្បូរ​ក្បាច់​យ៉ាងល្អ​។ ហ្វេសប៊ុក​

កម្មវិធី​ប្រកួតប្រជែង​ទេព-កោសល្យ​គំនូរ ដែល​ទទួលយក​បេក្ខភាព​វិចិត្រករ ១០០ រូប ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​ពី​តម្លៃ​ស្នាដៃ​របស់​វិចិត្រករ និង​បន្ថែម​ឲ្យ​មាន​ការងារ​ផ្នែក​សិល្បៈ​គំនូរ​កាន់​តែ​សម្បូរ​បែប​ដល់​ក្រុម​វិចិត្រករ​ជា​ម្ចាស់​ជយលាភី ចុង​ក្រោយ​ចំនួន ៣ រូប​ផង​ដែរ។

លោក​តូនី ហ្រ្វង់ស៊ីស បន្ថែម​ឲ្យ​ដឹង​ថា៖ «លើស​ពី​នេះ​វិចិត្រករ​ជយលាភី​ចំនួន ៣ រូប ដែល​នឹង​ត្រូវ​បាន​យើង​រក​ឃើញ​នា​ពេល​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ខែធ្នូ​ព្រមទាំង​បាន​រង្វាន់​លើក​ទឹកចិត្ត​ជា​ប្រាក់​សុទ្ធ​ទៀត​ផង ខណៈ​ប្រាក់​រង្វាន់​បាន​ចំនួន ១០០០ ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ​យើង នឹង​ចុះ​កិច្ច​សន្យា​ផ្តល់​ការងារ​រយៈពេល ១ ឆ្នាំ សម្រាប់​បេក្ខជន​ជយលាភី​ទៀត​ផង​នៅ​វិចិត្រសាល​របស់​យើង ខណៈ​ស្នាដៃ​របស់​ពួកគេ នឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​នៅ​វិចិត្រសាល Kbach Gallery។

ខណៈ​បណ្តុំ​ស្នាដៃ​របស់​បេ​ក្ខ-ជន​ដែល​ចូលរួម​ចំនួន ១០០ រូបនោះ​នឹង​ត្រូវយក​ដាក់តាំង​នៅឯ​ទីតាំង​ពិព័រណ៍ Factory Phnom Penh ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​អគារ​លេខ ១១៥៩ នៃ​ផ្លូវ​ជាតិ​លេខ ២។ ដោយ​ឡែក ការ​ប្រកួត​ប្រជែង​ទេពកោសល្យ​គំនូរ​នេះ នឹង​បន្ត​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ទៀត​ផង​ដែរ»។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​របស់ Kbach Artist Competition Launch 2018 អាច​ចូល​ទៅ​កាន់​គេហទំព័រ របស់​វិចិត្រសាល https://www.facebook.com/KBachGallery/ ៕