ភ្នំពេញៈ តារាស្រីសាច់សខ្ចីកំពុងលេចធ្លោមាននិស្ស័យគ្រប់ទម្រង់សិល្បៈកញ្ញា បេប៊ី ក្រោយពីចាប់អាជីពជាតារាចម្រៀង Original មួយរយៈខ្លីក៏ចាប់បានឱកាសហក់ចូលទៅទ្រនំផលិតកម្មថោនបង្កើនភាពល្បីលើវិថីសិល្បៈកាន់តែខ្លាំងឡើងនឹងកំពុងត្រៀមបទចម្រៀងថ្មីៗបំពេអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រខ្លួនភ្លាមៗដែរ។
តារាចម្រៀងស្រីជាចំណូលថ្មីទ្រនំថោនដែលវិវឌ្ឍខ្លួនពីតំណែងជាពិធីការិនី មានភាពក្រមិចក្រមើម និងជាតារាសម្តែងរូបនេះទទួលបានការគាំទ្រច្រើនពីប្រិយមិត្តដោយមានអំណោយផលសម្រស់ផូរផង់រួមទាំងសមត្ថភាពរាំបទញាក់ស័ក្តិសមទៅនឹងទឹកដមសំឡេង។
ពិធីការិនី និងជាសមាជិកថ្មីទ្រនំថោនកញ្ញា បេប៊ី ប្រាប់ភ្នំពេញប៉ុស្តិ៍ពីមូលហេតុ ដែលលះបង់ពីអាជីពជាតារាចម្រៀង Original ទៅជាតារាចម្រៀងមានទ្រនំជ្រកដូចគេឯងថា៖ «កាលដែលខ្ញុំសម្រេចចិត្តចូលក្នុងផលិតកម្ម ថោនដោយសារតែថោនគឺជាផលិតកម្មមួយដែលបងប្អូនទទួលស្គាល់ច្រើន និង ជាផលិតកម្មធំមួយហើយអ្នកធ្វើការផលិតកម្មនេះទៀតពួកគាត់សុទ្ធតែជាមនុស្សល្អៗ»។
ស្រីស្រស់សាច់សខ្ចីរាងខ្ពស់ ឈ្មោះ ពិត ជុំ រចនាពេជ្រ ហៅ បេប៊ី ក៏បានបង្ហើបថាខ្លួនបានចូលក្នុងផលិតកម្មថោន ព្រោះតែខាងផលិតកម្មមើលឃើញពីសម្ទុះក្នុងបទចម្រៀង «អំណាចលុយ» និងមើលឃើញពីសមត្ថភាពរបស់នាង ទើបផលិតកម្មទាក់ទង និងចរចាចុះកុងត្រាចូលជាសមាជិកថ្មីរបស់ផលិតកម្ម។
ដោយមើលឃើញថាផលិតកម្មថោនក៏មានការផលិតរឿងច្រើន ទើបស្រីស្រស់រូបនេះដូចជាមិនខ្លាចបាត់បង់អាជីពសម្តែងឡើយដោយតារាស្រីរូបនេះបញ្ជាក់ថា ៖ «ចំពោះការចុះកុងត្រាធ្វើជាតារាចម្រៀងក្នុងផលិតកម្មថោន មិនមានបញ្ហាដល់ការងារជាពិធីការិនីនៅទូរទស្សន៍ស៊ីធីអិននោះទេ ដោយសារបានចរចាគ្នារួចហើយ ពីបញ្ហានេះ។ ប៉ុន្តែបើទាក់ទងទៅលើការសម្តែងវិញខ្ញុំមិនហ៊ានសម្រេចចិត្តនោះទេ លុះត្រាតែខាងផលិតកម្មអនុញ្ញាត» ។
កញ្ញា បេប៊ី ក៏បានបន្ថែមឲ្យដឹងពីការត្រៀមខ្លួនចេញបទចម្រៀងថ្មីនៅផលិតកម្មថ្មី ដើម្បីបំពេអារម្មណ៍ប្រិយមិត្តខ្លួនផងដែរថា៖ «ចាប់តាំងពីនាងខ្ញុំចូលថោនបានជាង ១ ខែមក ខ្ញុំបានថតចម្រៀងចំនួន ៤ បទហើយ។ នាងខ្ញុំក៏មិនសូវជាច្បាស់ដែរថាមានបទចម្រៀងញាក់ ៣ បទ ឬ ២ បទនោះទេ ព្រោះថារាល់ថ្ងៃគឺនាងខ្ញុំរៀនម្តង ១ បទហើយដឹងត្រឹមតែថា មានចម្រៀងទាំងបទញាក់ និងមានទាំងបទ Slow ចំនួន ៤ បទ។
នាងខ្ញុំក៏ត្រៀមចម្រៀង ២ បទទៀតដែរសម្រាប់ចេញនាឱកាសនៃថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែររបស់យើងខាងមុខនេះតែម្តង»៕