ភ្នំពេញៈ ថ្មីៗនេះ​ស្រាប់តែ​គេ​ឃើញ​តារា​សម្តែង និង​ម៉ូដែល ដែល​ទើប​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​តារា​ចម្រៀង​អូរីជីណល ស្រី​ស្រស់​សោភា សាច់​សខ្ចី​ល្វក់​ឈ្មោះ​ពិត​ថា ជុំ រចនា​ពេជ្រ ហៅ​កញ្ញា បេប៊ី បាន​ប្រកាស​លក់​ផ្ទះ​មួយ​នៅ​ម្តុំ​ពោធិ​ចិន​តុង បង្ក​ការ​ងឿង​ឆ្ងល់​ពី​មហាជន​សា​ជា​ថ្មី។

រំពេច​នោះ ក៏មាន​មតិ​មហាជន​បាន​លើកឡើងថា៖ «ចាប់​តាំង​ពី​ក្លាយជា​តារា​ចម្រៀង​អូរីជីណល និង​បាន​ឈាន​ជើង​ចូល​មក​ប្រឡូក​វិស័យ​សិល្បៈ​ជាង ២ ឆ្នាំ តារា​ម៉ូដែល និង សម្តែង​ស្រី​រូប​ស្រស់​សោភា បេប៊ី កំពុង​តែ​ពង្រាយ​មន្ត​ស្នេហ៍ និង​ស្រូប​បាន​ទីផ្សារ​លើ​វិថី​សិល្បៈ​ច្រើន​ស្អេក​ស្កះ​ទៅ​ហើយ​នោះ ហេតុអ្វី​នាង​ឆ្លៀត​បើក​របរ​បន្ថែម​ទៀត? ឬមួយ​នាង​ត្រូវការ​ប្រាក់​បន្ទាន់​ដោយ​សារ​តែ​តម្រូវការ​របស់​គ្រួសារ​ទេ​ដឹង?»។

តារា​ម៉ូ​ដែល និង សម្តែង​ស្រស់​សោភា សាច់​ខ្ចី​ល្វក់ កញ្ញា បេប៊ី​ដែល​កំពុង​តែមាន រាសី​ឡើង​ខ្លាំង កាក់​កប​ទាំង​អាជីព​ជា​ពិធី​ការិនី និង ក្លាយជា​តារា​ចម្រៀង-អូរីជីណល ជា​ការ​ពង្រីក​ទីផ្សារ​សិល្បៈ​កាន់​តែ​ធំ​ទូលាយ​អាច​កើប​លុយ​បាន​កាន់​តែ​ច្រើន។ ខណៈ​ពិធី​ការិនី​ប៉ុស្តិ៍ CTN ដែល​មាន​ហុងស៊ុយ​លើ​វិថី​សិល្បៈ និង​ទើប​តែ​បង្ហាញ​ពី​ភាព​មាន​បាន និង​ការ​ហ៊ឺហា​ជិះ​រថយន្ត​ទំនើប​ម៉ាក Range Rover តម្លៃ​ជាង ៥ ម៉ឺន​ដុល្លារ ហើយ​ក៏​ល្បី​ថា ទើប​ទិញ​ផ្ទះ​វីឡា​ដែល​មាន​តម្លៃ​ជាង ២០ ម៉ឺន​ដុល្លារ​ផង​ដែរ​នោះ។

កញ្ញា បេ​ប៊ី ក៏​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការប្រកាស​លក់​ផ្ទះ​នាង​ថា៖ «ព្រោះ​តែ​ចង់​យក​ប្រាក់​ទៅ​បង្កើត​ជា​មុខរបរ​ក្រៅ​សិល្បៈ​តែ​ប៉ុណ្ណោះ។ មិន​មាន​កើត​បញ្ហា ឬ​ជា​វិបត្តិ​គ្រួសារ​អ្វី​នោះ​ទេ។ ម្យ៉ាង​ទៀត​ការ​បង្កើត​មុខរបរ​ក្រៅ​ពី​សិល្បៈ​នេះ ក៏​ជា​រឿង​មួយ​ល្អ សម្រាប់​ខ្លួន​ឯង​ផង​ដែរ ពេល​អស់​ពី​សិល្បៈ»។

យ៉ាងណា​ការបង្កើត​មុខរបរអ្វី ក៏​ស្រី​ស្រស់​សោភា សាច់​សខ្ចី​ល្វក់ កញ្ញា បេ​ប៊ី ហាក់​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ថា នឹង​បើក​មុខរបរ​អ្វី​នៅ​ឡើយ​នោះ​ទេ។ ខណៈ​នាង​គ្រាន់​តែ​បន្ត​ឲ្យ​ដឹង​ពី​ទីតាំង និង​តម្លៃ​ផ្ទះ​ដែល​បាន​ប្រកាស​លក់​នោះ​ថា៖ «ផ្ទះ​នោះ នៅ​ម្តុំ​ពោធិ​ចិនតុង តម្លៃ​លក់​គឺ ៧២ ០០០ ដុល្លារ ដែល​ជា​តម្លៃ​អាច​ចរចា​គ្នា​បាន។ ហើយ​ប្រសិន​បើ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ពី​ផ្ទះ​នោះ​គឺអាច​ទាក់​ទង​មក​កាន់​ទូរស័ព្ទ​ដែល​បាន​ដាក់​ទាំង ២ ខ្សែ នៅ​តាម​ហ្វេសប៊ុក​របស់​នាង​ខ្ញុំ​បាន​ឈ្មោះ​ថា Ah Be Angellas បាន​ដែរ»៕