ក្រុងបាងកក: ការិយាល័យ​នគរបាល​ទូទាំង​ប្រទេស​ថៃ​បាន​បញ្ជូន​មន្ដ្រី​សម្បូរ​ខ្លាញ់​បំផុត​របស់​ខ្លួន​ទៅកាន់​ជំរំ​ហ្វឹកហ្វឺន​សម្រក​ទម្ងន់​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​ហៅថា «​ការកម្ចាត់​ខ្លាញ់​ក្បាលពោះ​»​។

យោងតាម​វេបសាយ WorldofBuzz ក្រោយពី​ទទួល​ជោគជ័យ​ក្នុង​យុទ្ធនាការ ២ សប្ដាហ៍​មន្ដ្រី​នគរបាល​ធាត់ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នគរបាល​ក្នុង​ទីក្រុង ផាកឆុង ដើម្បី​ហ្វឹកហ្វឺន​សម្រក​ក្បាលពោះ​។ ការិយាល័យ​នីមួយៗ​មាន​មន្ដ្រី​ធាត់​លើស​ទម្ងន់​ពី ២ ទៅ ៣ នាក់​ទៅ​កាន់​មជ្ឈមណ្ឌល​ជា​ទី​ដែល​ពួកគេ​ត្រូវ​ហាត់ប្រាណ ជិះកង់ និង​ធ្វើ​សកម្មភាព​ចម្រើន​សុខភាព​ទទួលទាន​អាហារ​សម្បូរ​ប្រូតេអ៊ីន ដើម្បី​ទប់ស្កាត់​ការឡើង​ទម្ងន់​ខ្លួន​។ កម្មវិធី​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ចាប់ផ្ដើម​ទទួល​បាន​ចំណាប់​អារម្មណ៍​ក្រោយ​ពី​រូបថត​មន្ដ្រី​ធាត់ៗ​ចូលរួម​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​ត្រូវ​បាន​បង្ហោះ​ពេញ​អនឡាញ​។

ពលបាលត្រី សនផេត ចាន់តារ៉ាក ជា​អ្នក​អនុវត្ដ​លើ​របប​អាហារ​ក្នុង​កម្មវិធី​ថ្មី​នេះ​បាន​ថ្លែង​ថា​៖ «​មាន​បញ្ហា​ច្រើនណាស់ បើ​អស់​លោក​ជា​ប៉ូលិស​ធាត់​។ អស់​លោក​ធ្វើ​ការងារ​យឺត និង​រត់​ស្ពឹក​។ មិន​អាច​ទទួល​យក​បាន​ទេ បើ​អស់​លោក​បំពេញ​កិច្ចការ​ចាប់​ឧក្រិដ្ឋជន ដោយសារ​តែ​អស់​លោក​ត្រូវតែ​រហ័សរហួន​»​។

មន្ដ្រី​នគរបាល​ថៃ​ប្រមាណ ២០០ នាក់​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​កម្ចាត់​ខ្លាញ់​ក្បាលពោះ ហើយ​លទ្ធផល​បាន​លើក​ទឹកចិត្ដ​ឲ្យ​អាជ្ញាធរ​បន្ដ​អនុវត្ដ​កម្មវិធី​ទៅ​មុខ​ទៀត​។ យោង​តាម​របាយការណ៍​មួយ នគរបាល​ទម្ងន់​រហូត​ដល់ ២០០ ​គីឡូក្រាម​អាច​សម្រក​ទម្ងន់​បាន ៦០ ​គីឡូក្រាម ខណៈ​អ្នក​ទម្ងន់​ត្រឹម ៨០ អាច​សម្រក​បាន ២០ ​គីឡូក្រាម​៕ HR