ខេត្តរតនគិរី៖ ប្តីប្រពន្ធដ៏កម្សត់ ជាកូនកំព្រាទាំង ២ នាក់ ប្តីជាជនជាតិដើមភាគតិចកាវេត និងប្រពន្ធជាជនជាតិទំពួន ដែលរស់នៅភូមិកាជាន់ ឃុំ និងស្រុកអូរជុំ ខេត្តរតនគិរី កំពុងតែរស់នៅក្នុងស្ថានភាពលំបាកជាមួយកូនតូចៗ ២ នាក់ ខណៈប្តីលោក ហឺត អេ ទើបតែរងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកបាក់ជើង គេចខ្លួនបាត់ពេលយប់ ខណៈលោកវិលត្រឡប់មកពីធ្វើការស៊ីឈ្នួលនៅចម្ការគេ កាលពីខែ មីនា ឆ្នាំ ២០១៩ កន្លងមក។
ដូច្នេះភារកិច្ចរកប្រាក់ចិញ្ចឹមកូនៗទាំង ២ និងថ្លៃព្យាបាលជំងឺប្តី ដែលកំពុងតែរងភាពពិការជើងស្តាំម្ខាងនោះត្រូវធ្លាក់ទៅស្រ្តីជាប្រពន្ធ គឺអ្នកស្រី ពត ស្រីរាប ត្រូវដើរជីកចង្រិត នៅតាមដីចម្ការក្នុងស្រុកកំណើត ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ បច្ចុប្បន្នប្តីប្រពន្ធ និងកូនៗ ដោយកូនបងអាយុ ៧ ឆ្នាំ និងកូនប្អូនអាយុ ២ ឆ្នាំ ៧ ខែ ត្រូវទុកឲ្យប្តីពិការជើងជាអ្នកមើលថែកូននៅខ្ទមកម្សត់ប្រក់តង់ នៅលើដីទំហំទទឹង ៤ ម៉ែត្រ និងបណ្តោយ ៤ ម៉ែត្រ។
លោក ហឺត អេ ជាប្តីស្រ្តីប្រកបរបរដើរជីកចង្រិតលក់ បង្ហើបឲ្យដឹងតាមទូរស័ព្ទថា៖ «ចាប់តាំងពីខែ ៣ ឆ្នាំ ២០១៩ នេះមក ប្រពន្ធខ្ញុំគាត់ត្រូវទទួលបន្ទុករកប្រាក់ចិញ្ចឹមកូនទាំង ២ និងថ្លៃទិញថ្នាំសង្កូវព្យាបាលជំងឺខ្ញុំ ដែលដាច់ជើងស្តាំម្ខាង ដោយសារត្រូវឡានបុកទាំងយប់ពេលខ្ញុំជិះម៉ូតូពីចម្ការ ដែលខ្ញុំស៊ីឈ្នួលគេ។
រាល់ថ្ងៃប្រពន្ធខ្ញុំ ដើរជីកចង្រិតតាមដីចម្ការស្វាយចន្ទី សណ្តែក ឬដំឡូង របស់គេ ដោយមួយថ្ងៃអាចរកបានប្រហែលជា ១០០ ចង្រិត យកទៅលក់ឲ្យគេបន្ត គឺចង្រិត ១០ ក្បាល តម្លៃ ៣ ៥០០ រៀល។ រាល់ថ្ងៃអាចលក់បានលុយចន្លោះពី ២-៣ ម៉ឺនរៀល។ ប្រសិនបើថ្ងៃណាលក់បាន ២ ម៉ឺនរៀល គឺយើងនឹងត្រូវចំណាយទិញគ្រឿងស៊ីចុកអស់ចំនួន ១៥ ០០០រៀល គឺនៅសល់តែ ៥ ០០០ រៀលប៉ុណ្ណោះ»។
ដោយក្តីអាណិតប្រពន្ធ ដែលទទួលបន្ទុករកប្រាក់ចិញ្ចឹមគ្រួសារទាំងលំបាកបែបនេះ ខណៈខ្លួនក៏ពិការជើងទៀតនោះ ទើបលោក ហឺត អេ មានក្តីប្រាថ្នាចង់បានជើងសិប្បនិម្មិត ដើម្បីពាក់ដើរបាន និងអាចជួយធ្វើការងារចិញ្ចឹមកូនទាំង ២ ជាមួយប្រពន្ធ។
លោកលើកឡើងទាំងសម្តីម៉ាត់ៗបែបសំនៀងជនជាតិដើមថា៖ «ពិតជាចង់បានជើងសិប្បនិម្មិត ដែលអាចឲ្យខ្ញុំដើរបាន ដើម្បីវិលទៅធ្វើការងារវិញជាមួយប្រពន្ធ ហើយជាពិសេសនោះក៏ចង់បានផ្ទះតូចមួយនឹងគេផងដែរ ព្រោះថាសព្វថ្ងៃយើង និងកូនរស់នៅក្នុងតង់ទទឹង ៤ ម៉ែត្រ និងបណ្តោយ ៤ ម៉ែត្រ ខណៈយើងក៏អាចសុំដីពីអាជ្ញាធរភូមិឃុំសង់ផ្ទះបានដែរ»។
លោក ហឺត អេ ក៏បានប្រាប់ឲ្យដឹងពីមុខរបរពីមុនរងគ្រោះពិការជើងដែរថា គឺប្រកបការងារស៊ីឈ្នួលកាត់ស្មៅ និងបាញ់ថ្នាំស្វាយចន្ទី សណ្តែក និងដំឡូងមី ឲ្យគេទាំងប្តីប្រពន្ធ និងវេចស្ពាយកូនទាំង ២ ទៅផងដែរ ដោយទទួលប្រាក់ឈ្នួល ១ ថ្ងៃ (ធ្វើការប្រហែល ៣-៤ ម៉ោង) ទទួលបានតម្លៃឈ្នួល ៣ ម៉ឺនរៀល។ សប្បុរសជនអាចទាក់ទងលោក ហឺត អេ តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៩ ៧៣ ១០៧៕