ក្រុង​អាសហ្គាបាត: លោក​ប្រធានាធិបតី​ តួកម៉េនីស្ថាន ហ្គឺបាងហ្គូលី បែឌីមូខាមេដូវ (Gurbanguly Berdymukhamedov) ដែល​ល្បី​ល្បាញ​ចំពោះ​ជំនាញ​ជិះ​សេះ ប្រណាំង​រថយន្ត តន្ត្រី ​និង​ការ​សរសេរតែង​និពន្ធ​​​ដ៏​ប៉ិន​ប្រសប់​ កាល​ពី​ថ្ងៃ​ពុធ លោក​បាន​បង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​ដោយ​បាន​ចូលរួម​ច្រៀង​បទ​ចម្រៀង​ចង្វាក់​រ៉េប និង​លេង​ជល់​កណ្ដាប់​ដៃ​ជាមួយ​ចៅ​ប្រុស​វ័យ​ជំទង់​របស់​លោក​។

ជីតា និង​ចៅ​ប្រុស ​ដែល​គ្រង​ឈុត​កីឡា​ បាន​ច្រៀង​ចម្រៀង​មួយ​បទ​ ដែល​ពួកគេ​បាន​សរសេរ​កោត​សរសើរ​ពី​វិស័យ​កីឡា​ សម្រស់​ធម្មតា​ប្រទេស​វាល​ខ្សាច់​ ដែល​មាន​ប្រជាជន​ ៥ លាន​នាក់​ ហើយ​រីសត​ឆ្នេរ​ដ៏​ធំ​របស់​ខ្លួន​ អាវ៉ាហ្សា លើ​​បឹង​យក្ស Caspian Sea។

ការ​សម្ដែង​របស់​លោក​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​នៃ​ប្រទេស​អតីត​ចំណុះ​សហភាព​សូវៀត និង​ចៅ​ប្រុស​សំណព្វ កេរីមហ្គូលី ត្រូវបាន​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ Altyn Asyr​។

ដំបូង លោក​ប្រធានាធិបតី​ ​រំលេច​ពាក្យ​ពេចន៍​ឃ្លោង​ឃ្លា​​ចុង​ចួន​​ជា​ភាសា​តួកម៉េនីស្ថាន មុន​ពេល​ចៅ​ប្រុស​ កេរីមហ្គូលី បន្ថែម​សំនៀង​រ៉េប​ជា​ភាសា​អង់គ្លេស​ជាប់​រន្ថើន​។

លោក​ប្រធានាធិបតី​​តួកម៉េនីស្ថាន ​និង​ក្រុមគ្រួសារ​លោក កាលពីឆ្នាំ ២០១៧។ រូបថត AFP

យុវជន​រូប​នេះ បាន​ច្រៀង​ឡើង​ថា​៖ «​ជីវិត​ពិត​ជា​​អស្ចារ្យ​ក្នុង​ដែន​ដី​កំណើត​របស់​ខ្ញុំ​ ឱ! តួកម៉េនីស្ថាន​ ដ៏​ស្រស់​បំព្រង​របស់​ខ្ញុំ​»។

អ្នក​ទាំងពីរ​ក្រោយ​មក​បាន​លេង​ជុល​កណ្ដាប់​ដៃ និង​លេង​ស្ទីល​ជា​តារា​រ៉េប​ទាន់​សម័យ​។

សាច់​ញាតិ​របស់​លោក​ប្រធានាធិបតី កម្រ​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ណាស់ ទោះ​កូន​ប្រុស​របស់​លោក ហ្គឺបាងហ្គូលី បែឌីមូខាមេដូវ ឈ្មោះ ស៊ើដារ បម្រើ​ការ​ជា​មេធាវី​ និង​ជា​​អនុរដ្ឋមន្ដ្រី​ការ​បរទេស​យ៉ាង​ណា​ក្ដី​។

យុវជន កេរីមហ្គូលី អាយុ​ចន្លោះពី ១៣ ទៅ ១៤ ឆ្នាំ ដែល​ជា​កូន​ប្រុស​របស់​កូន​ស្រី​លោក​ប្រធានាធិបតី​ គឺជា​បុគ្គល​ពិសេស។

បណ្ដាញ​ផ្សព្វ​ផ្សាយ​រដ្ឋ​ដ៏​រឹត​ត្បិត​នេះ ធ្លាប់​បាន​បង្ហាញ​សកម្មភាព​លោក​ច្រៀង​ចម្រៀង​ជា​ច្រើន​បទ​ជាមួយ​ជីតា​របស់​លោក​ ​ព្រមទាំង​​ធ្លាប់​ចូលរួម​ប្រកួត​ និង​ឈ្នះ​ការ​ប្រកួត​សេះ​ជា​ច្រើន​ដង​ផង​ដែរ​៕ AFP/HR

លោក​ ហ្គឺបាងហ្គូលី បែឌីមូខាមេដូវ មានចំណូលចិត្ត​ជិះ​សេះ។ រូបថត AFP

រូបភាព​ដកស្រង់ពី​វីដេអូ​​ការ​ប្រគំតន្ត្រី និង​ច្រៀង​រ៉េប​ជាមួយ​ចៅប្រុស​ជំទង់។ រូបថត Youtube

ក្រៅពីកីឡា​ជិះសេះ លោក​ ហ្គឺបាងហ្គូលី បែឌីមូខាមេដូវ ក៏​​​ចូលចិត្ត​ចិញ្ចឹម​សត្វ​ឆ្កែ​។ រូបថត AFP

លោក​ប្រធានាធិបតី​មានទេពកោសល្យ​តែងនិពន្ធ និង​តន្ត្រី​ផង​ដែរ។ រូបថត AFP