ក្រុង​ហាណូយ : ដោយសារ​តែ​ក្ដី​ប្រច័ណ្ឌ ភរិយា​ហ៊ាន​ចាប់​សម្រាត​សម្លៀក​បំពាក់​ស្រី​កំណាន់​ប្ដី​ រួច​ស្រោច​ទឹក​ត្រី​ និង​​ម្ទេស​ហ្មត់​លើ​រាងកាយ​អាក្រាត​។

នាង ហ្គៀង ជុន អាយុ ៣០ ឆ្នាំ កំពុង​ធ្វើ​ការ​ក្នុង​បន្ទប់​​ស្ប៉ា​ក្រុង​ថាញ់​ហាវ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​អង្គារ វេលា​ម៉ោង ១០ យប់​ ពេល​កំហឹង​ប្រពន្ធ​​​ក្លាយ​ជា​កំរោល​ចូល​ និង​ចោទ​ប្រកាន់​នាង​ពី​បទ​សាហាយ​ស្មន់​ជាមួយ​ប្ដី​ខ្លួន​។

ស្ដ្រី​រៀប​ការ​ត្រូវ​គេ​ជឿ​ថា បាន​បោច​សក់​​នាង ជុន​ ទាញ​ទៅ​លើ​ដង​ផ្លូវ​ រួច​ចាប់​សម្រាត​សម្លៀក​បំពាក់​ និង​ស្រោច​ទឹក​ត្រី​។ យោងតាម​សាក្សី ដាវីដ ផាម​ នាង​ត្រូវបាន​រោយ​ម្ទេស​ហ្មត់​លើ​រាងកាយ​អាក្រាត​ថែម​ទៀត​។ ហេតុ​ការណ៍​នេះ ត្រូវបាន​លោក ដាវីដ ផាម ថត​ ហើយ​ពេល​នេះ ប៉ូលិស​កំពុង​ស៊ើប​អង្កេត​។

លោក ផាម បាន​និយាយ​ថា​៖ «​ពួកគេ​ព្រួត​គ្នា​ជេ​នាង​។ ប្រពន្ធ​រូប​នោះ និយាយ​ថា នាង​បាន​រៀប​ការ​ជាមួយ​ប្ដី ១០ ឆ្នាំ ហើយ​ម្ចាស់​ហាង​ស្ប៉ា​នេះ​បាន​បំផ្លាញ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​»។

លោក​បន្ដ​ថា​៖ «​មាន​ស្ដ្រី​មួយ​ក្រុម​នាំ​គ្នា​ចាប់​ហែក​ខោ​អាវ​ និង​ទះ​កំភ្លៀង​នាង​ នៅ​កណ្ដាល​ផ្លូវ​តែ​ម្ដង​។ ជន​រង​គ្រោះ​អត់​ហ៊ាន​ត​ដៃ​អ្វី​ទេ ដោយ​គ្រាន់​តែ​ឱន​​ក្រាប​​លើ​ដី​។ ខ្ញុំ​គិត​ថា នាង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយសារ​តែ​ក្រហល់​ក្រហាយ​ម្ទេស​»។

ស្នង​ការ​ប៉ូលិស​ក្រុង​ថាញ់​ហាវ លោក ឡាម សុនវ៉ាដ បាន​ប្រាប់​បណ្ដាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ថា​ ក្រុម​មន្ដ្រី​លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​នៅ​ម៉ោង ១០ យប់​អំពី​នារី​ម្នាក់​រង​ការ​វាយ​ប្រហារ​កណ្ដាល​ផ្លូវ​។

លោក​និយាយ​ថា៖ «​ពេល​ក្រុម​យើង​ទៅ​ដល់​កន្លែង​កើត​ហេតុ​ គ្រប់​ភាគី​បាន​ចាក​ចេញ​អស់​។ ជន​បង្ក​ត្រូវបាន​ស្គាល់​អត្ដ​សញ្ញាណ​»៕ HR

ប្រភព odditycentral.com