ក្រុងរ៉ាស អាល់ ខាយម៉ាស៖ មុនពេលក្លាយជាអាណាចក្រប្រេង ដ៏ស្ដុកសម្ភក្នុងពិភពលោក ប្រទេស អេមីរ៉ាតអារ៉ាប់រួម ធ្លាប់អាស្រ័យផលពីប្រពៃណីប្រមាញ់គជ់ដ៏រស់រវើក។
បច្ចុប្បន្នទោះបីជាការជ្រមុជទឹករាវរកគជ់ធម្មជាតិ លែងជារឿងចាំបាច់នៅយុគសម័យដែលមានការចិញ្ចឹមគ្រំដើម្បីប្រមូលផលយកគ្រាប់គជ់ លោក អាប់ឌុលឡាស់ អាល់ ស៊ូវ៉ាយឌី នៅតែបន្តការងារប្រពៃណីប្រចាំគ្រួសារលោក ក្នុងនាមជាអ្នកស្នងកេរដំណែលវប្បធម៌ និងប្រវត្តិសាស្ត្រ អេមីរ៉ាតអារ៉ាប់រួម។
អ្នកប្រមាញ់គជ់ធម្មជាតិ វ័យ ៤៥ ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំរស់នៅជាមួយជីតា និងធំធាត់ជាមួយប្រពៃណីជ្រមុជទឹករាវគ្រំ រកគ្រាប់គជ់ ព្រោះខ្ញុំចូលចិត្តការផ្សងព្រេង»។
ការប្រមាញ់គជ់ធ្លាប់រួមចំណែកធំដល់សេដ្ឋកិច្ចប្រទេស អេមីរ៉ាត ប៉ុន្តែឧស្សាហកម្មកម្មនេះបានដួលរលំនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ក្រោយពីកសិដ្ឋានចិញ្ចឹមគ្រំយកគជ់នៅជប៉ុនរីកចម្រើន ស្របនឹងវិបត្តិជម្លោះមហាអំណាចក្នុងពិភពលោក។
ចំណោមគ្រំដែលត្រូវបានចិញ្ចឹមក្នុងទ្រុងប៉ប្រះទឹក ៦០ ភាគរយ មានផ្ទុកគ្រាប់គជ់ ខណៈការប្រមាញ់គ្រំធម្មជាតិរកគ្រាប់គជ់ពិតជាកម្រ ដោយក្នុងចំណោមគ្រំ ១០០ ក្បាល មានតែ ១ ទេដែលផ្ទុកគ្រាប់គជ់។
សព្វថ្ងៃនេះមិនមានអ្នកណាប្រកបរបរជ្រមុជទឹករកគ្រាប់គជ់មកជួញដូរលក់ទៀតទេ ក្រៅពីមនុស្សមួយក្រុមតូចដូចជាលោក ស៊ូវ៉ាយឌី ដោយលោកអះអាងថា ការធ្វើនេះគឺចេញពីក្ដីស្រឡាញ់ និងចេតនាចង់បង្ហាញភ្ញៀវទេសចរពីប្រពៃណីប្រមាញ់គជ់របស់ពលរដ្ឋអេមីរ៉ាតពីអតីតកាល។
ទោះជាលោកដាក់លក់គជ់ដែលប្រមាញ់បានទៅឲ្យអ្នកច្នៃអលង្ការក្នុង និងក្រៅស្រុកក៏ពិតមែន ប៉ុន្តែអ្នកជ្រមុជទឹកតជំនាន់រូបនេះ បានអះអាងថា លោកធ្វើកិច្ចការនេះមិនមែនដើម្បីប្រាក់តែមួយមុខនោះទេ។
គ្រាប់គជ់ត្រូវបានផ្ដល់តម្លៃទៅតាមទំហំ រូបរាង និងពណ៌របស់វាមានតាំងពីស ពណ៌ប្រផេះ លឿង ខៀវ ស្វាយ ភាពរលោង និងគុណភាពនៃការប្រដេញពណ៌របស់វា។
យោងតាមលោក ស៊ូវ៉ាយឌី គជ់របស់លោកអាចមានតម្លៃចន្លោះពី ២០០ ដល់ ៥០ ម៉ឺនដឺហាម (៥៥ ដល់ ១៣ ៦១២ ដុល្លារអាមេរិក)។ គជ់រាងមូលទំនងជាលក់បានថ្លៃជាងគេ ប៉ុន្តែរាងផ្លែសារីរាងពងក្រពើ និងរាងប្លែកៗដទៃទៀត ក៏ទទួលបានការពេញនិយមណាស់ដែរ។
អ្នកជ្រមុជទឹករាវគ្រំរកគជ់ធម្មជាតិរូបនេះសង្ឃឹមថា លោកនឹងបន្តធ្វើឲ្យប្រពៃណីរាវគជ់រស់រវើកតាមរយៈការផ្សព្វផ្សាយបង្ហាញដល់ភ្ញៀវទេសចរដែលមកកាន់កសិដ្ឋានលោក។
លោកបាននិយាយថា៖ «ពេលភ្ញៀវមកលេងប្រទេសយើងពួកគេចង់ឃើញអ្វីដែលពិសេស អ្វីដែលកន្លែងដទៃទៀតគ្មាន។ ការជ្រមុជទឹករកគជ់ គឺជាវប្បធម៌ដ៏ទាក់ទាញពីដូនតាយើង ហើយវាក៏ប៉ះពាល់តិចតួចបំផុតដល់បរិស្ថានធម្មជាតិដែរ»។
លោក ស៊ូវ៉ាយឌី បន្លឺឡើងថា៖ «នេះមើលនែ! យើងអាចជ្រមុជចូលទឹក និងហើបចេញពីទឹកយ៉ាងស្ងប់ស្ងាត់បំផុត អត់មានអ្វីរំខានដល់សត្វអូដ្ឋ និងបក្សីហ្វ្លេមីងហ្គោ នៅក្បែរយើងឡើយ»៕ AFP/HR