ភ្នំពេញៈ អតីត​តារា​ស្រី​ល្បី​ឈ្មោះ​ជ្រក​ក្រោម​ទ្រនំ​ភ្លេង​រីខត ជា​សមាជិក​ផលិតកម្ម​រស្មី​ហង្សមាស កញ្ញា ប្រេម៉ា ក្រោយពី​បាន​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​មក តារាចម្រៀង​ស្រី​ក្រមិច​ក្រមើម​រូប​នេះ​ហាក់​ដូចជា​ស្ងប់ស្ងាត់​ក្នុង​ការប្រគំ​តន្ត្រី និង​ចេញ​បទចម្រៀង​ថ្មីៗ​ដោយ​ធ្វើឲ្យ​ប្រិយមិត្ត​ទន្ទឹង​វត្តមាន​របស់​នាង​។

តារាស្រី​ដែល​មាន​រូបរាង​តូច​ច្រឡឹង​មុខមាត់​គួរ​ឲ្យ​ស្រឡាញ់​កញ្ញា ប្រេម៉ា បាន​សាង​ឈ្មោះ​ល្បី​ច្រៀង​បទ​ជា​ភាសាបរទេស​បាន​ពីរោះ​។ មួយរយៈ​នេះ​បើ​ទោះបី​ជា​នាង​មិន​បាន​ចេញ​បទ​ថ្មីៗ​បំពេ​អារម្មណ៍​ទស្សនិកជន​ក៏​នាង​នៅតែ​មាន​ការពេញនិយម​ចំពោះ​បទចម្រៀង​ចាស់ៗ​ដែល​ធ្លាប់​បាន​ច្រៀង​កន្លងមក​នៅក្នុង​ផលិតកម្ម​។

ជាមួយ​ការស្ងប់ស្ងាត់​មួយរយៈ តារាស្រី​វ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​រំលេច​បទចម្រៀង​រួម​ជាមួយ​តារាចម្រៀង Original Song លោក អ៊ួង សុរិយា សម្រាប់​ជា​ចំណងដៃ​ក្នុង​ថ្ងៃ ១៤ ខែ​កុម្ភៈ​កន្លង​មក​ផង​ដែរ ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ដែល​មាន​ចំណងជើង​ថា «​ទំនាញ​បេះដូង​»​។

តាមរយៈ​បទចម្រៀង​របស់ ប្រេម៉ា នេះ​ដែរ​ទោះបី​ជា​មិន​ទាន់​បាន​ចេញ​ជា MV ក៏ដោយ ប៉ុន្តែ​គ្រាន់តែ​ចេញ​ភ្លាម​ក៏​មាន​អ្នកលេង​ក្នុង​បណ្តាញ​សង្គម​ជាច្រើន​បាន​ធ្វើការ Like និង Share រាប់​ពាន់​នាក់​ដោយសារ​តែ​អត្ថន័យ​នៃ​បទ «​ទំនាញ​បេះដូង​» ជា​ចំណី​អារម្មណ៍​ដល់​អ្នក​មាន​គូ​នៅ​ក្នុង​ថ្ងៃ ១៤ ខែ​កុម្ភៈ​ពិសេស​ចំពោះ​អ្នក​ទើប​នឹង​សារភាព​ពាក្យ​ស្រឡាញ់​ទៅ​កាន់​ដៃគូ​ផង​ដែរ​។

ជុំវិញ​ការចេញ​ពី​ទ្រនំ​ភ្លេង​រីខត​បក​មក​ធ្វើ​ចម្រៀង Original Song ស្រី​ស្រស់ ប្រេម៉ា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​កាល​ខ្ញុំ​ទើប​តែ​ចប់​កុងត្រា​ក៏​មាន​ផលិតកម្ម​ខ្លះ​គាត់​ទាក់ទង​មក​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ចង់​ចូល​ក្នុង​ផលិតកម្ម​ទេ ចង់​សាក​ធ្វើ​ចម្រៀង Original Song មួយ​រយៈ​សិន​ទោះបី​វា​រាង​ពិបាក​ជាង​ក្នុង​ផលិតកម្ម​មែន តែ​ខ្ញុំ​ចូលចិត្ត​បែប Freedom ច្រើន​ជាង​»​។

កញ្ញា ប្រេម៉ា បាន​ប្រាប់​ពី​បទពិសោធ​ជា​តារាចម្រៀង​ឯករាជ្យ​ថា​៖ «​ចំពោះ​នៅក្នុង​ផលិតកម្ម​វា​មាន​ភាព​ងាយស្រួល​ព្រោះ​មាន​គេ​ធ្វើ​បទចម្រៀង​ឲ្យ​ស្រាប់​យើង​ចាំតែ​ច្រៀង​ទេ ប៉ុន្តែ​បើ​យើង​ធ្វើ​ចម្រៀង​ខ្លួនឯង យើង​ត្រូវ​ធ្វើ​គ្រប់​យ៉ាង​ដោយ​ខ្លួនឯង​ទាំងអស់ តែ​យើង​អាច​តម្រូវ​តាម​ចិត្ត​យើង​ចង់​បាន​គ្រប់​យ៉ាង​ដូច​គ្នា​ដូច​ថា យើង​ចង់​បាន​ម៉េច វា​ចេញ​មក​ដូច​ដែល​យើង​បាន​គិត​»​។

កញ្ញា ប្រេម៉ា បាន​បញ្ជាក់​ថា​រូបនាង​នៅ​តែ​មាន​ទំនុកចិត្ត​ដោយ​ពឹង​លើ​សមត្ថភាព​សំឡេង​របស់​នាង​ក្នុង​ការស្រូប​យក​ប្រជាប្រិយភាព បើ​ទោះ​ជា​មិន​មាន​ទ្រនំ​ផលិតកម្ម​ក្ដី​៕