ភ្នំពេញ៖ យុវជន​ខ្មែរ-អាមេរិក​​ លោក ខេវិន (Kevin Ung) ដែល​មាន​គ្រួសារ​​​​​ភៀស​ខ្លួន​​ពី​របប​ខ្មែរ​ក្រហម​ ត្រូវ​​​​បាន​ជ្រើសរើស​​ពី​បេក្ខជន​រាប់​ពាន់​​នាក់ សម្រាប់​​កម្មវិធី​បណ្ដុះបណ្ដាល​ផលិតកម្ម​វិធី​ទូរទស្សន៍ និង​​ភាពយន្ត​ Star Trek Command Training Program នៃ​មូលនិធិ​ Television Academy ឆ្នាំ ២០២០ ​នៅ​សហរដ្ឋ​អាមេរិក។

ឱកាស​ទទួល​​ការ​បណ្ដុះបណ្ដាល​ដោយ​ជន​ល្បីៗ​ក្នុង​វិស័យ​ផលិតកម្ម​វិធី​ទូរទស្សន៍ និង​ខ្សែ​ភាពយន្ត​​នេះ​ ជា​ការ​បោះ​ជំហាន​កាន់​តែ​កៀក​ឆ្ពោះ​ទៅ​រក​ក្ដី​ស្រមៃ​​​ជា​ផលិតករ​​ហូលីវូដ​ល្បី​ ដែល​​អាច​​ផ្សព្វផ្សាយ​ពី​កម្ពុជា​កាន់​តែ​ច្រើន​​ទៅ​កាន់​ពិភព​លោក​។

បញ្ចប់់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Southern California (USC) លោក ​ខេវិន សព្វ​ថ្ងៃ​​ជា​និស្សិត​​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ផលិត​ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍។

ខណៈ​ពេល​លោក​កំពុង​ស្វះស្វែង​រក​​ឱកាស​ស្រូប​យក​​បទពិសោធ​ឲ្យ​បាន​ជ្រាលជ្រៅ​ពី​វិស័យ​នេះ ខេវិន ក៏​បាន​ដឹង​​​ពី​កម្មវិធី​បណ្ដុះបណ្ដាល និង​កម្មសិក្សា Star Trek Command Training Program នេះ។​

និស្សិត និង​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​​រូប​នេះ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំ​ពិត​ជា​​រំភើប​​​ណាស់ ដែល​​ដឹង​ថា​បុគ្គល​លំដាប់​អ្នក​បោះឆ្នោត​​ឲ្យ​កម្មវិធី​​ពាន​រង្វាន់ Emmy គឺ​ជា​អ្នក​ដែល​ជ្រើសរើស​រូប​ខ្ញុំ​យក​ទៅ​បណ្ដុះបណ្ដាល​អាជីព​ជា​ផលិតករ»។

តួសម្ដែង និង​សហការី ក្នុងសកម្មភាពថត​រឿង​ខ្លី Refrigerate After Opening ឆ្នាំ ២០២០។ រូបថត សហ​ការី

កម្មវិធី​ដែល​ជា​ការ​សហការ​រវាង​​ទូរទស្សន៍ CBS និង​មូលនិធិ Television Academy ផ្ដល់​ឱកាស​ឲ្យ​សិស្ស​​និស្សិត​ទទួល​បាន​បទពិសោធ​ផ្ទាល់​ពី​ដំណើរការ​ផលិត​កម្មវិធី និង​ភាពយន្ត​​តាំង​ពី​ដើម​រហូត​ដល់​ចប់។

ដោយ​ប្រកាន់​ខ្ជាប់​នូវ​គុណតម្លៃ «ភាព​​រួម​បញ្ចូល និង​ភាព​ចម្រុះ» ផលិតករ​ជាន់​ខ្ពស់​នៃ Star Trek និង​ជា​ស្ថាបនិក​កម្មវិធី​ភាពយន្ត​ Secret Hideout លោក អេឡិក ឃើរដ៍ស្ស​មេន (Alex Kurtzman) បាន​​សង្កត់​ធ្ងន់​​ពី​ការ​ទទួល​ស្គាល់​សហគមន៍​​គ្រប់​ជាតិ​សាសន៍​ពណ៌​សម្បុរ​​សម្រាប់​ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ។

ផលិតករ​ជាន់​ខ្ពស់​ដែល​ធ្លាប់​បង្កើត​​វណ្ណកម្ម​ភាពយន្ត​ហូលីវូដ​ល្បីៗ​រួម​មាន មនុស្ស​ពីងពាង​វគ្គ ២ និង​ The Mummy សម្ដែង​ដោយ​កំពូល​តារា​ហូលីវូដ​​លោក​ ថម គ្រូស នោះ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ តាម​អ៊ីមែល​ថា៖ «​ភាពយន្ត​​​ល្អៗ​ គឺ​ជា​ស្នាដៃ​​ញើស​ឈាម​របស់​ផលិតករ​​ដែល​ផ្សារ​ភ្ជាប់​ជីវិត​ឯកជន​​​​ពួក​គេ​ ទៅ​នឹង​សាច់​រឿង​​ ​រំលេច​ក្នុង​ភាពយន្ត​នោះ»។

ផលិតករ​ជាន់ខ្ពស់ អេឡិក ឃើរដ៍ស្ស​មេន ក្នុង​កម្មវិធី Star Trek ឆ្នាំមុន​។ រូបថត AFP

លោក អេឡិច ឃើរដ៍ស្ស​មេន បាន​​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​ទទួល​បាន​សិក្ខាកាម​មាន​ទេពកោសល្យ​​​ត្រចះត្រចង់​ដូច​ ខេវិន»។

កើត​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ខេវិន​ ​មាន​​ម្ដាយ​ជា​អ្នក​ខេត្ត​បាត់ដំបង និង​ឪពុក​មក​ពី​ខេត្ត​កំពង់ចាម។ ​ក្រុម​គ្រួសារ​​របស់​លោក​បាន​រត់​​ពី​របប​ខ្មែរ​ក្រហម និង​ភៀស​ខ្លួន​​ទៅ​​​អាមេរិក​។

បើក​ទំព័រ​ថ្មី​នៃ​ជីវិត​លើ​ទឹក​ដី​មហាអំណាច ឪពុកម្ដាយ​របស់​លោក​ត្រូវ​ធ្វើ​ការ​ឥត​ស្រាកស្រាន្ត​ ហើយ ខេវិន ត្រូវ​បាន​មើល​ថែ​ដោយ​ជីដូនជីតា​លោក​។

លោក ខេវិន បាន​រំឭក​ពី​ជីវិត​ពី​កុមារភាព​ប្រាប់​ថា៖ «វា​ពិត​ជា​មិន​ងាយ​ស្រួល​​សម្រាប់​ពួក​គាត់ ដែល​មក​​រស់នៅ​ទឹក​ដី​​​មាន​ភាសា និង​វប្បធម៌​ខុស​ស្រឡះ​ពី​ទឹក​ដី​កំណើត​។ ប៉ុន្តែ​ពួក​គាត់​តស៊ូ​រហូត​ដល់​អាច​ចាក់​ឫស​រស់នៅ​​លូត​លាស់​នៅ​ទីនេះ»។

លោក​បាន​លើក​ឡើង​ទៀត​ថា៖ «ជនជាតិ​អាមេរិក​ជា​ច្រើន​ដែល​មិន​​​ស្គាល់​ពី​វប្បធម៌​ខ្មែរ មិន​ដឹង​ពី​ភាព​យង់ឃ្នង​នៃ​របប​ប្រល័យ​ពូជសាសន៍​​នៅ​​កម្ពុជា។ ពួក​គេ​មិន​ដឹង​ពី​ការ​លំបាក និង​ការ​រើសអើង​ពូជ​សាសន៍ ដែល​​ជន​ភៀស​ខ្លួន​ និង​​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ ប្រឈម​​​នោះ​ទេ»។

ខេវិន កំពុង​ថត​ឈុត​ឆាក​នៃ​​ខ្សែភាពយន្ត​ខ្លី​រឿង 33 ឆ្នាំ ២០២០។ រូបថត សហ​ការី

បទពិសោធ​ដែល​ក្រុម​គ្រួសារ​ ខេវិន បាន​ឆ្លង​កាត់​ត្រូវ​បាន​​ផលិតករ​ជាន់​ខ្ពស់​នៅ​ហូលីវូដ អេឡិក ឃើរដ៍ស្សមេន ចាត់​ទុក​ថា ជា​អ្វី​ដែល​ធ្វើ​ឲ្យ​​ ខេវិន មាន​ភាព​ពិសេស​​ខុស​​គេ។

លោក​​លើក​ឡើង​ថា៖ «ការ​ឈឺ​ចាប់​ដែល​ក្រុម​គ្រួសារ​របស់​​ ខេវិន បាន​​ហែល​ឆ្លង​នឹង​ជំរុញ​ឲ្យ​​​ ខេវិន ក្លាយ​​ជា​ផលិតករ​ភាពយន្ត​ដ៏​អស្ចារ្យ ឬ​​ជា​អ្នក​ដឹកនាំ​​ដ៏​ល្អ​មួយ​នា​ថ្ងៃ​អនាគត»។

ទោះបី​ជា​កំពុង​សិក្សា​តែ​ ខេវិន ​បាន​ចូលរួម​​​ផលិត​​ភាពយន្ត​​​ខ្លី​ដូចជា​រឿង Refrigerate After Opening រឿង An Eye និង​រឿង​ Hometown។

ខណៈ​ពេល​ក្រេប​ជញ្ជក់​ចំណេះដឹង​​ពី​កម្មវិធី​បណ្ដុះបណ្ដាល​រយៈពេល ២ ខែ តាមរយៈ​ជំនួប​អនឡាញ​ជំនួស​ឲ្យ​​ការ​ចុះ​ស្ទូឌីយោ​ផ្ទាល់​ ជាមួយ​អ្នក​ជំនាញ​​​​ល្បីៗ​គ្រប់​ផ្នែក​ក្នុង​វិស័យ​​ទូរទស្សន៍ និង​ភាពយន្ត ខេវិន គ្រោង​នឹង​សរសេរ​កម្មវិធី និង​ដឹកនាំ​​​ថត​បន្ថែម​ទៀត។ ជា​ពិសេស​លោក​​ក៏​ទន្ទឹង​រង់ចាំ​ឱកាស​​ផលិតកុន​នៅ​កម្ពុជា​ផង​ដែរ។

ផលិតករ​​ដែល​ដិតដាម​នូវ​វប្បធម៌​ខ្មែរ​ជាប់​​ជានិច្ច​​រូប​នេះ លើក​ឡើង​ថា៖ «ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ទទួល​ឱកាស​ និង​​អភ័យ​ឯកសិទ្ធិ​ក្នុង​ការ​រំលេច​​ពី​កម្ពុជា​កាន់​តែ​ជ្រាលជ្រៅ​នៅ​ហូលីវូដ»។

លោក​បន្ត​ទៀត​ថា៖ «ក្ដី​សុបិន​ខ្ញុំ​ ​គឺ​ការ​បើក​សាលា​កុន​នៅ​កម្ពុជា ដើម្បី​​​បណ្ដុះបណ្ដាល​ពន្លក​​ជំនាន់​​ក្រោយ​។ ក្ដី​សង្ឃឹម​​ខ្ញុំ​គឺ​អនាគត​​នៃ​វិស័យ​ទូរស្សន៍ និង​ភាពយន្ត​ពិត​ជា​មាន​ការ​បញ្ចូល​​គ្រប់​ជាតិ​សាសន៍​ពណ៌​សម្បុរ​ ​ទាំង​ក្នុង និង​ក្រៅ​អេក្រង់​នោះ​ទេ ហើយ​នឹង​មាន​វត្តមាន​​ខ្មែរ​កាន់​តែ​ច្រើន​លើ​ឆាក​​ពិភព​លោក»៕