ក្រុងសៀមរាបៈ កាលពី​មុន​ឆ្នាំ​ ២០១៤ ដោយសារ​ភាពតានតឹង និង​ធុញថប់​នឹង​ការងារ​នានា​ដែល​ធ្លាប់​ធ្វើ​ដូចជា អ្នករត់​តុ​ក្នុង​ភោជនីយដ្ឋាន ជា​គណនេយ្យករ និង​អ្នកគ្រប់គ្រង​គេ ហើយ​ក៏​ចាប់ផ្តើម​ឆ្លៀត​ពេល​ធ្វើ​ជា​គ្រូបង្រៀន​សិល្បៈ​គំនូរ​បណ្តើរៗ​មក និង​មាន​ជំនក់​ចិត្តខ្លាំង​បន្ត​ការងារ​ផ្នែក​នេះ​រហូត​ដល់​ក្លាយ​ជា​អ្នកគ្រប់គ្រង​គម្រោង​ម្នាក់​នៅ​អង្គការ​ពន្លឺ​ធម្មជាតិ​នៃ​កម្ពុជា នៅក្នុង​ខេត្ត​សៀមរាប​។

វិចិត្រករ សរ សុផានី វ័យ ៣០ ​ឆ្នាំ​ ​ក៏​មាន​ប្អូនស្រី​កូនភ្លោះ​ជា​សិល្បការិនី​ចម្លាក់​ម្នាក់​ដែរ​ឈ្មោះ សរ សុផានីន មាន​ឪពុកម្តាយ​គឺជា​កសិករ​កំពុង​តែ​រស់នៅ​ខេត្ត​សៀមរាប និង​បងប្រុស ២ នាក់​។ សុផានី និង​ សុផានីន ដែល​ជា​កូនភ្លោះ​ស្រី មាន​ចំណូលចិត្ត​ដូច​គ្នា​សឹងតែ ៩០ ​ភាគរយ​ឯណោះ បើ​តាម​ការអះអាង​ប្រាប់​ពី​វិចិត្រករ​ស្រី សរ សុផានី​។ កញ្ញា សរ សុផានី ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​បៀលប្រាយ និង​បាន​រៀន​សិល្បៈ​គំនូរ​ចន្លោះ​ពី​ឆ្នាំ​ ២០០៩-២០១៤ នៅ​អង្គការ​ពន្លឺ​ធម្មជាតិ​នៃ​កម្ពុជា (Colors of Cambodia) និង​បច្ចុប្បន្ន​ក្លាយ​ជា​អ្នកគ្រប់គ្រង​ផ្នែក​គម្រោង​លើ​ជំនាញ​វិចិត្រកម្ម​សហសម័យ​។

វិចិត្រករ​ស្រី​ដែល​ចូលចិត្ត​ទាំង​គំនូរ និង​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ សរ សុផានី ប្រាប់​ឲ្យ​ដឹង​ថា​៖ «​ពេល​អ្នកគ្រប់គ្រង​គម្រោង​ចាស់​នៅ​អង្គការ​នេះ​គឺ​លោក ស៊ិន រឿង បាន​ឈប់ និង​ដោយសារ​មាន​ការជំរុញ​ពី​ក្រុម​គ្រូៗ​នៅ​សាលាសិល្បៈ​ផង​នោះ នាង​ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​ជំនួស​តំណែង​នោះ​នៅ​ឆ្នាំ​ ២០១៤ និង​បន្ត​រហូត​ដល់​សព្វថ្ងៃ​។ ឯការ​ហាត់គុន​ល្បុក្កតោ​វិញ​ខ្ញុំ​ឆ្លៀត​ហាត់​តាំងពី​ឆ្នាំ​ ២០១៥ ​មក​រហូត​ដល់​ឥឡូវ ទទួល​បាន​ក្រមា​ពណ៌​ត្នោត​ហើយ​ដែរ​។ ខ្ញុំ​ទៅ​ហាត់​ជា​រៀងរាល់​ចុងសប្តាហ៍ ១ ​ថ្ងៃ ២ ​ម៉ោង​»​។

បន្ទប់​គូរគំនូរ​របស់​វិចិត្រករ​ស្រី​ជា​កូនភ្លោះ សរ សុផានី និង​ សុផានីន​។ រូបថត សហការី

វិចិត្រករ​ស្រី សរ សុផានី ក៏​បង្ហើប​ពី​រឿង​ចាប់​យក​អាជីព​នេះ​ដែរ​ថា​៖ «​ជាង​គំនូរ​នៅ​ស្រុក​ខ្មែរ​ត្រូវ​គេ​គិត​ថា ជា​មុខរបរ​មិន​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​ទេ ទោះបី​ជា​ជំនាញ​សិល្បៈ​មួយ​ត្រូវ​បាន​គេ​បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​ក្តី ហើយ​សូម្បីតែ​សិស្ស​ក៏​មិន​ចាប់​អារម្មណ៍​រៀន​ដែរ​។

ដោយសារ​តែ​ចង់​ឲ្យ​មាន​ការផ្លាស់ប្តូរ​វិស័យ​នេះ ជាពិសេស​គឺ​ផ្នត់​គំនិត​របស់​ស្ត្រី​ខ្មែរ​ឲ្យ​ចេះ​យល់​ពី​របត់​ថ្មី​នៃ​ការចាប់​យក​ការងារ​ណា​មួយ​ដែល​ខ្លួន​ស្រឡាញ់ ហើយ​ចាប់ផ្តើម​ចេញ​ពី​យើង​ខ្លួនឯង និង​ធ្វើ​តាម​សមត្ថភាព​។ ចាប់​តាំងពី​ខ្ញុំ​ក្លាយ​ជា​គ្រូបង្រៀន​គំនូរ​មក រឹតតែ​ធ្វើឲ្យ​នាង​ខ្ញុំ​រីករាយ​ចូលចិត្ត​វិស័យ​នេះ​កាន់តែ​ខ្លាំង និង​ចង់​បង្កើត​អ្វី​ឲ្យ​មាន​ភាពលេចធ្លោ​ក្នុង​សង្គម និង​ចង់​ឲ្យ​គេ​ផ្តល់​តម្លៃ​ផង​ដែរ សម្រាប់​អាជីព​វិចិត្រករ​នេះ​»​។

វិចិត្រករ​ស្រី​រូបនេះ​បាន​បន្ថែម​ថា​៖ «​នាង​ខ្ញុំ​ចូល​គូរគំនូរ​សហសម័យ​ដែល​មាន​ភ្ជាប់​ន័យ​វត្ថុ​អ្វី​មួយ និង​ទង្វើ​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង​។ រឿង​ទាំង​នោះ​មាន​ដូចជា​បញ្ហា​ហិង្សា រឿង​ប៉ូលិស​ផាកពិន័យ​ប្រជាជន និង​របរ​ចិញ្ចឹមជីវិត​រស់នៅ​ប្រចាំថ្ងៃ​ជាដើម ដែល​កើត​ចេញ​ពី​ការស្រមើល​ស្រមៃ និង​ការចងចាំ​មក​ច្របាច់​បញ្ចូល​គ្នា​។ ឯ​ហេតុ​យើង​ខ្ញុំ​ហាត់គុន​នោះ​មាន​ ៣ ​ចំណុច​សំខាន់ៗ​ ទី​ ១ ដោយសារ​តែ​យើង​ខ្ញុំ​ជា​មនុស្ស​ស្រី ទី​ ២ យើង​ខ្ញុំ​គឺជា​ខ្មែរ និង​ទី​ ៣ យើង​ចង់​បង្ហាញ​ពី​ក្តីស្រឡាញ់​ខ្លួនឯង​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ដែល​មិន​ចង់​ឮ​ពាក្យ​ជាច្រើន​ដែល​គិត​ថា ស្ត្រី​មាន​ភាពទន់ខ្សោយ​ក្នុង​សង្គម​នោះ​បន្ត​ទៀត​ឡើយ​»​។

កញ្ញា​ សរ សុផានី បច្ចុប្បន្ន​គឺជា​គ្រូបង្រៀន​ផ្នែក​គំនូរ និង​ជា​អ្នកគ្រប់គ្រង​គម្រោង​របស់​អង្គការ​ពន្លឺ​ធម្មជាតិ​នៃ​កម្ពុជា​។ ខណៈ​ប្អូនស្រី​ភ្លោះ​កញ្ញា សរ សុផានីន ធ្លាប់​ជា​អ្នកគ្រប់គ្រង​សិល្បៈ​ចម្លាក់​ថ្ម​ចាប់ពី​ឆ្នាំ ​២០១៥ ដល់​ខែ​មិថុនា ឆ្នាំ​ ២០១៩ នេះ តែ​បច្ចុប្បន្ន​នាង​បាន​ដូរ​ការងារ​ទៅ​ជា​អ្នកជំនួញ និង​ជួយ​មើល​ការខុសត្រូវ​ផ្នែក​ជំនួញ​បងប្រុស​របស់​នាង​វិញ​ម្តង​៕