ភ្នំពេញៈ នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ដែលជាថ្ងៃទិវានៃក្តីស្រឡាញ់នោះក៏ស្រាប់តែស្រីស្រស់រូបស្អាត រាងខ្ពស់ស្រឡះកញ្ញា ផាន់ផាត់ណា លេចមុខនៅក្នុងពិធីក្រុងពាលីចេញថតកុនភាគថ្មីរឿង «រៃប្តូរទ្រនំ» ដោយឆក់បានតំណែងជាតួឯកស្រីដែលត្រូវជួបជាមួយនឹងតួប្រុសរូបសង្ហាលោក សេង មង្គល ផងដែរ។
កញ្ញា ផាន់ ផាត់ណា ឆក់បានលាភធំក្នុងតំណែងជាតួឯកស្រីក្នុងកុនខ្នាតធំគឺបានថតកុនជាមួយនឹងតួប្រុសចិនក្នុងរឿង «ពន្លកស្នេហ៍រីកលើដីកម្ពុជា» របស់ផលិតកម្មព្រីនស៍នាពេលបើកសម្ពោធសណ្ឋាគារព្រីនស៍ថាម ដែលបើកដំណើរការថតខ្សែភាពយន្តតាំងពីដើមខែកញ្ញា ឆ្នាំ ២០១៨ កន្លងមកនោះបានឲ្យដឹងពីចំណាប់អារម្មណ៍នាពេលទទួលយកការសម្តែងជាតួឯកក្នុងកុនថ្មីរឿង «រៃប្តូរទ្រនំ» របស់ប៉ុស្តិ៍ទូរទស្សន៍លេខ ៥ ផងដែរក្រោយពីនាងធ្លាប់បានបដិសេធជាច្រើនដងមកនោះ។
តារាសម្តែងស្រី និងម៉ូដែលមានរាងស្ល៊ីមស្រស់សោភា កញ្ញា ផាន់ ផាត់ណា ក៏ធ្លាប់ជាស្រីស្អាតតំណាងប្រទេសកម្ពុជានៅក្នុងកម្មវិធី Asean Transportation & Logistics Award 2015 មហាជនស្គាល់នៅក្នុងកុនរឿង «ស្រទន់មន្តស្នេហ៍» កុនរឿង «មន្តស្នេហ៍កូនថៅកែត្បូង» និងកុនភាគជាច្រើនទៀតចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ CTN ប៉ុស្តិ៍លេខ ៥ និងប៉ុស្តិ៍ PNN បង្ហើបថា៖ «នាងខ្ញុំត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ ខាងផលិតករថៃទាក់ទងឲ្យសម្ដែងជាតួឯកច្រើនរឿងមកហើយ ប៉ុន្តែដោយសារតែរវល់ច្រើនទើបនាងខ្ញុំមិនសូវជាមានមុខសម្ដែងក្នុងស្ថាប័នធំមួយនេះ»។
ខណៈទទួលការសម្ដែងក៏បានតំណែងតួឯកស្រីក្នុងរឿង «រៃប្ដូរទ្រនំ» ដែលតម្រូវឲ្យនាងសម្ដែងជាតួនារីរបាំនាងបន្តថា៖ «នាងខ្ញុំពិតជាសប្បាយចិត្តណាស់ដែលខ្លួនត្រូវគេឲ្យសម្ដែងជាតួរបាំឈ្មោះ «នីកា» ដោយសារត្រូវសម្ដែងជានារីស្រស់ស្អាត ហើយមានជំនាញចេះរបាំ និងមានការលះបង់ខ្ពស់ ដើម្បីឪពុក និងប្អូនស្រី»។
កញ្ញា ផាន់ ផាត់ណា ដែលទើបតែបានរអ៊ូតាមបណ្តាញសង្គមថា អត់ទាន់មានបុរសជាគូគ្រងពិតនៅឡើយនោះក៏បន្តថា៖ «ខ្សែភាពយន្តនេះ គឺនាងខ្ញុំនឹងជួបផលវិបាកច្រើន ជាពិសេសគឺការរាំរបាំដែលតម្រូវឲ្យនាងត្រូវតែហ្វឹកហាត់ឲ្យបានស្ទាត់នៅមុនពេលសម្ដែងធ្វើជាអ្នករាំរបាំមួយឈុតៗ។
ទោះជាយ៉ាងណារឿង «រៃប្តូរទ្រនំ» នេះនាងខ្ញុំនឹងប្រឹងសម្ដែងឲ្យអស់ពីសមត្ថភាពខ្លួនដោយសារតែខ្ញុំក៏ត្រូវការឲ្យខាងក្រុមផលិតករចាប់អារម្មណ៍ចំពោះការសម្ដែងរបស់ខ្ញុំដែរ ដើម្បីទាក់ទាញបានតំណែងតួឯកនៅលើកក្រោយៗ បន្ទាប់ពីភាពយន្តនេះ»។
ភាពយន្តរឿង «រៃប្តូរទ្រនំ» នេះនឹងចាប់ផ្តើមថតនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខដែលមានជាង ៣០ ភាគ ខណៈឯតួសម្តែងមានលោក សេង មង្គល កញ្ញា ផាន់ ផាត់ណា លោក អៀង ចេនឡា លោក ពិសិដ្ឋ កញ្ញា សុម៉ា ឡាឡែន កញ្ញា នីតា វរវង្ស កញ្ញា ផាណាម៉ុច កញ្ញា ប៊ែលឡា លោក គីម យុន, ញឹម សុខា, ឆ័យលី ដាឡែន ភីយ៉ាដា លោក ស្អាង ដួងចិត្ត និងតារាល្បីៗមួយចំនួនទៀតផងដែរ៕