ក្រុង​ឌូបៃ៖ ហានហ្សេប យ៉ាស៊ីន ជា​អ្នក​គ្រប់គ្រង​ផ្សារ​ទំនើប​ប៉ាគីស្ថាន​ឌូបៃ​ បាន​អង្គុយ​ក្នុង​រថយន្ដ​ស្ព័រ Lamborghini Huracan ចត​នៅ​ក្រៅ​ផ្សារ​ទំនើប​មុន​ពេល​ដឹក​ជញ្ជូន​ស្វាយ​ក្នុង​ប្រទេស​ឈូង​សមុទ្រ​ពែរ្ស៍​មួយ​នេះ​។

លោក យ៉ាស៊ីន បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​នៃ​សេចក្ដី​ស្រឡាញ់​ក្នុង​​តំបន់​ឈូង​សមុទ្រ ដោយ​ការ​ជិះ​ក្នុង​កំពូល​រថយន្ដ​​ពេល​ដឹក​ជញ្ជូន​ទំនិញ​ស្មើ​នឹង​ទឹក​ប្រាក់​ ១០០ ឌីហាម (២៧ ដុល្លារ​) សម្រាប់​ស្វាយ​ប៉ាគីស្ថាន​ជាង​កន្លះ​ឡូ​។

ស្វាយ​ប៉ាគីស្ថាន​ពេញ​និយម​ខ្លាំង​​ទូទាំង​ពិភព​លោក ហើយ​ផ្លែ​ឈើ​ចម្រុះ​​ប្លែក​ៗ​មិន​ចាំ​បាច់​មាន​យុទ្ធនាការ​​ផ្សព្វផ្សាយ​ទាក់ទាញ​អតិថិជន​អ្វី​ឡើយ​។ យ៉ាង​ណាមិញ «​ស្វាយ​ក្នុង​កំពូល​រថយន្ដ Lamborghini» ដឹក​ជញ្ជូន​ដោយ​ផ្សារ​ទំនើប​ប៉ាគីស្ថាន​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​ទីក្រុង​ឌូបៃ​ និង​បាន​បង្កើន​ការ​លក់​ទ្វេ​ដង​តាំង​ពី​ដំណើរការ​ពាក់​កណ្ដាល​ខែ​មិថុនា​។

លោក យ៉ាស៊ីន បាន​ប្រាប់ Khaleej Times ​​​ថា​៖ «​គ្មាន​​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជុំវិញ​យុទ្ធនាការ​នេះ​ឡើយ​។ ខ្ញុំ​ចង់​ផ្សព្វផ្សាយ​សារ​នៃ​សុភមង្គល និង​សេចក្ដី​ស្រឡាញ់​ ហើយ​ការ​ឆ្លើយ​តប​ពិត​ជា​មាន​ច្រើន​»។

លោក​បាន​និយាយ​ថា ការ​លក់​ស្វាយ​​​បាន​កើន​ឡើង​ជាង ១០០ ភាគរយ​ ហើយ​អតិថិជន​ភាគ​ច្រើន​បាន​​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី «​ស្វាយ​ក្នុង​កំពូល​រថយន្ដ Lamborghini» ដោយ​​ត្រូវ​​រង់ចាំ​យ៉ាង​តិច​ ១ សប្ដាហ៍​។

លោក យ៉ានស៊ីន ដឹកជញ្ជូនស្វាយដោយប្រើ​ Lamborghini។ រូបថត AFP

លោក​បាន​បន្ថែម​ថា សេវាកម្ម​ដឹក​ជញ្ជូន​​តាម​រថយន្ដ​វ៉ែន​ធម្មតា​ក៏​នៅ​តែ​ដំណើរការ តែ​អតិថិជន​ចង់​ទទួល​ការ​កុម្ម៉ង់​តាម​​​កំពូល​រថយន្ដ​ស្ព័រ​វិញ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ធ្លាប់​លក់​ស្វាយ​ ៤០ ប្រអប់​រៀង​រាល់​ថ្ងៃ មុន​​ពេល​បើក​យុទ្ធនាការ​។ ពេល​នេះ​យើង​បាន​បង្កើន​ការ​លក់​ដល់ ៩៥ ប្រអប់ ​នូវ​ប្រភេទ​ស្វាយ​ផ្សេងៗ។

ប្រជាប្រិយភាព​នៃ​សេវាកម្ម​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ លោក យ៉ាស៊ីន ​​ឲ្យ​ដឹង​ថា លោក​បាន​ និង​កំពុង​ដឹក​ជញ្ជូន​ស្វាយ​ ១២ ជើង​ក្នុង ​១ ​សប្ដាហ៍​ដោយ​ប្រើ​រថយន្ដ Lamborghini​។

លោក​បាន​អះអាង​ថា​៖ «​យុទ្ធនាការ​នេះ​បាន​ទទួល​ប្រជាប្រិយភាព​តាំង​ពី​វីដេអូ​ដឹក​ជញ្ជូន​ស្វាយ​តាម Lamborghini ទៅ​កាន់​អតិថិជន​ជាច្រើន​ និង​លក់​ដាច់​ខ្លាំង​»៕ AFP/HR