ក្រុងហូជីមិញ៖ ផ្សារបុរាណរបស់ប្រជាជនកម្ពុជាអាយុកាល ៥០ ឆ្នាំ ឬហៅថា ផ្សារឡេហុងផុង ស្ថិតក្នុងទីក្រុងហូជីមិញ បានទាក់ទាញភ្ញៀវជាច្រើនរៀងរាល់ថ្ងៃ ដោយសារតែរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់។
ផ្សារខ្មែរក្នុងទឹកដីវៀតណាម ស្ថិតនៅកប់ជ្រៅលើវិថីតូចៗឡេហុងផុង ៣៧៤/៥១ ក្នុងខណ្ឌទី ១០។ អ្នកដំណើរអាចរុករកគ្រប់ច្រកល្ហកនៃផ្សារដោយថ្មើរជើង ឬជិះកង់ ម៉ូតូ។ ចំណតទោចក្រយាននៅក្បែររបងផ្សារ។
តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មានអាជីវករលក់ដូរតែ ១០ នាក់ប៉ុណ្ណោះនៅក្នុងផ្សារនេះ តែរហូតដល់ឆ្នាំ ១៩៨៨ ចំនួនអ្នកលក់ដូរបានកើនឡើងជាង ៩០ ផ្ទះ ដោយពួកគេលក់ផ្កា។ ចំនួនអាជីវករបានបន្ដកើនឡើងដល់ជាង ១០០ នាក់នាពេលនេះ។
ផ្សារកម្ពុជាមួយនេះបានពង្រីកខ្លួនលាយឡំជាមួយអាជីវករវៀតណាម តែប្រពៃណីបែបខ្មែរពិតៗនៅតែត្រូវបានអភិរក្សដោយអាជីវករប្រមាណ ១៥ តូបដែលបើកលក់ដូរដោយកូនៗ និងចៅៗនៃក្រុមគ្រួសារខ្មែរ ដែលបានរត់ភៀសខ្លួនកាលពីជាង ៤០ឆ្នាំមុន គឺក្នុងសម័យសង្គ្រាម។
ត្រាន់ ធីហាញ ជាអាជីវករម្នាក់នៅផ្សារឡេហុងផុងបាននិយាយថា រៀងរាល់ខែ អំឡុងពេលព្រះចន្ទពេញវង់ ឬវិស្សមកាលបុណ្យចូលឆ្នាំថ្មី មនុស្សជាច្រើននាំគ្នាមកផ្សារនេះ ដើម្បីទិញផ្កាតម្លៃថោក។
អ្នកដើរផ្សារជាច្រើនក៏អាចស្វែងរកទិញត្រីងៀតបែបខ្មែរ ងៀតគោ ក៏ដូចជា នំបញ្ចុក ស្ដៅ ចេកចៀន បង្អែមគ្រប់មុខបែបខ្មែរនៅផ្សារក្នុងទីក្រុងហូជីមិញនេះផងដែរ។
គុយទាវបែបខ្មែរ គឺជាភាពទាក់ទាញអ្នកដើរផ្សារឲ្យឆៀងចូលភ្លក្សរសជាតិស្នាដៃប្រពៃណីបំផុតមួយ។
វេលាដើរផ្សារសម្រាប់អ្នកមានបំណងចង់ភ្លក្សអាហារខ្មែរដ៏ស័ក្ដិសមបំផុត គឺពីម៉ោង ៦ ដល់ម៉ោង ១០ ព្រឹក៕ VNS/HR