ក្រុង​ហ្ស៊ីងជូ៖ ពិធី​បុណ្យ​នៅ​តៃវ៉ាន់ ដែល​សត្វ​ជ្រូក​ធំៗ​ត្រូវ​បាន​កាប់​សាច់​តាំង​បង្ហាញ ​ឆ្នាំ​នេះ​​បាន​ទាក់ទាញ​មនុស្ស​ម្នា​តិចតួច​មក​ចូលរួម ខណៈ​ដែល​ក្រុម​អ្នក​តស៊ូ​មតិ​ការពារ​សិទ្ធិ​សត្វ​​បាន​បញ្ជ្រាប​ផ្នត់​គំនិត​​ពី​ការ​គោរព​សត្វ ​បន្សាប​​ប្រពៃណី​ដ៏​ចម្រូង​ចម្រាស​នេះ។

ពិធី​បុណ្យ​ប្រពៃណី​​ប្រចាំ​ឆ្នាំ​ ត្រូវ​​បាន​ប្រារព្ធ​ឡើង​ដោយ​សហគមន៍​​នៅ​កោះ Hakka ដែល​​មាន​ចំនួន​​ស្មើ​នឹង ១៥ ភាគរយ ​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​តៃវ៉ាន់។ ​ការ​អនុវត្ត​ប្រពៃណី​​នេះ​​ត្រូវ​បាន​ក្លាយ​ពី​ ​១ ​ជំនាន់ ទៅ ​១ ជំនាន់។

ក្រុម​គ្រួសារ​នៅ​សហគមន៍​កោះ Hakka មាន​ទម្លាប់​ប្រកួត​​គ្នា​កាប់​ជ្រូក​ខ្នាត​ធំ​ និង​​ដាក់​តាំង​បង្ហាញ​ការ​ប្រកួត​គ្នា​ ដោយ​​អ្នក​ឈ្នះ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​ពាន​រង្វាន់​​​។

នៅ​ក្នុង​ពិធី​បុណ្យ​​កាប់​ជ្រូក​បូជា​តាម​ប្រពៃណី​នេះ តន្ត្រី​បុរាណ​ត្រូវ​បាន​ប្រគំ​​ដោយ​សំឡេង​​គោះគង និង​ផ្លុំ​ស្នែង​។

ទិដ្ឋភាព​ក្នុង​​ពិធីបុណ្យ​កាប់ជ្រូក​បូជា​តាមប្រពៃណី​សហគមន៍​នៅកោះតៃវ៉ាន់​។ រូបថត AFP

ឆ្នាំ​នេះ​ពិធីបុណ្យ​កាប់​ជ្រូក​បូជា​​ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ចន្ទ ដោយ​មាន​សត្វ​ជ្រូក​ខ្នាត​ធំ ១៨ ក្បាល ត្រូវ​បាន​កាប់​ និង​ដឹក​​ទៅ​កាន់​អារាម​ Hsinpu Yimin ភាគ​ខាង​ជើង​​កោះ។

សត្វ​​ជ្រូក​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​​គេ​ និង​ត្រូវ​បាន​កាប់​សាច់​ក្នុង​​ពិធី​បុណ្យ​ឆ្នាំ​នេះ មាន​ទម្ងន់​ដល់​ទៅ ៨៦០ គីឡូក្រាម ស្មើ​នឹង ​៣ ​ដង​នៃ​ទម្ងន់​ជ្រូក​ទូទៅ។

ជ្រូក​ដែល​កាប់​សាច់​រួច​ត្រូវ​បាន​ព្យួរ​ក្បាល​ចុះ​ក្រោម ដោយ​​មាត់​វា​មាន​ញាត់​ផ្លែ​ម្នាស់ ដើម្បី​​​តាំង​បង្ហាញ​​ដល់​អ្នក​ចូលរួម។

ក្រោយ​បញ្ចប់​ពិធី​បុណ្យ ជ្រូក​ងាប់​ត្រូវ​បាន​ម្ចាស់​វា​នាំ​ត្រឡប់​ទៅ​​ផ្ទះ​វិញ ដើម្បី​កាប់​សាច់​ចែក​ញាតិ​មិត្ត និង​អ្នក​ជិត​ខាង។

លោក សឹង ចេយុន ដែល​បាន​ចូលរួម​ប្រកួត​​​កាប់​ជ្រូក​ឆ្នាំ​នេះ​បាន​ចំណាយ​ពេល ៣ ឆ្នាំ ប៉ូវ​សត្វ​ជ្រូក​ដែល​ខ្លួន​ចិញ្ចឹម រហូត​ដល់​មាន​ទម្ងន់ ៤០០ គីឡូក្រាម។

អ្នកចូលរួម​ពាក់ម៉ាស់ និងមាន​ចំនួនតិច​ជាងមុនច្រើន។ រូបថត AFP

ការ​កាប់​ជ្រូក​ដ៏​ធាត់ ​១ ​ក្បាល​​ ​ដើម្បី​បូជា​​នេះ ជា​​កិច្ច​បំពេញ​បំណង​លោក​យាយ​វ័យ ៨៦ ​ឆ្នាំ​របស់​លោក។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា៖ «ក្នុង​នាម​ជា​​សហគមន៍​កោះ Hakka ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​ជនជាតិ​យើង​មាន​វប្បធម៌​ដ៏​សម្បូរ​បែប​នេះ ហើយ​វា​ពិត​ជា​មាន​តម្លៃ​ក្នុង​ការ​ថែរក្សា​បន្ត​ទៅ​ទៀត»។

លោក​បាន​លើក​ឡើង​ថា៖ «អ្វី​​ដែល​ជា​ក្ដី​បារម្ភ​របស់​ក្រុម​តស៊ូ​មតិ​ការពារ​សិទ្ធិ​សត្វ​នោះ ពិត​ជា​មិន​សម​ស្រប​សោះ»។

លោក​បញ្ជាក់​ទៀត​ថា៖ «វា​មិនមែន​ជា​អំពើ​ព្រៃផ្សៃ​អី​លើ​សត្វ ដូច​ពាក្យ​ចចាម​អារ៉ាម​ដែល​ផ្សព្វផ្សាយ​ឥត​ការ​ពិត​នោះ​ឡើយ»៕ AFP