ក្រុង​តូក្យូ៖ ពិព័រណ៍​សិល្បៈ​ដែល​ត្រូវ​បាន​ផ្អាក​ដោយសារ​​រូប​ចម្លាក់​ស្ត្រី​កូរ៉េ​ខាង​ត្បូង​ជា​ទាសករ​ផ្លូវ​ភេទ​សម័យ​សង្គ្រាម​នោះ ពេល​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ហើយ។

ពិព័រណ៍ The Aichi Triennale ឆ្នាំ ២០១៩ ដែល​មាន​រូប​ចម្លាក់​នារី​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​កូរ៉េ ​អង្គុយ​លើ​កៅអី​ឈើ​នោះ ត្រូវ​បាន​បិទ​កាល​ពី​ដើម​ខែ​សីហា ក្រោយ​​ពី​បើក​សម្ពោធ​​បាន​ត្រឹម​តែ ៣ ថ្ងៃ។

ពិព័រណ៍​ត្រូវ​បាន​ប្រកាស​ឲ្យ​បើក​ស្វាគមន៍​ភ្ញៀវ​ឡើង​វិញ ជាមួយ​នឹង​រូប​ចម្លាក់​ទាសករ​ផ្លូវ​ភេទ ក្រោម​ការ​ពន្យល់​ពី​មគ្គុទេសក៍ និង​អ្នក​ជំនាញ​កម្មវិធី​សិក្សា​ដើម្បី​ឲ្យ​អ្នក​មក​ទស្សនា​បាន​ស្វែង​យល់។

សេចក្ដី​សម្រេច​បើក​ពិព័រណ៍​នេះ​ឡើង​វិញ ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​នៅ​សល់​តែ​ ១ សប្ដាហ៍​ទៀត កម្មវិធី​តាំង​បង្ហាញ​នឹង​​ដល់​កាល​បរិច្ឆេទ​បិទ។

Hideaki Omura អភិបាល​ក្រុង​​ Aichi បាន​ថ្លែង​ថា៖ «​វា​ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​មែន​ ដែល​ការ​តាំង​បង្ហាញ​ស្នាដៃ​​​សិល្បៈ​នេះ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ធំ។ ខ្ញុំ​ចង់​ឲ្យ​ពិព័រណ៍​នេះ​បញ្ចប់​ទៅ​ និង​ប្រែ​ក្លាយ​ជា​ទិវា​សិល្បៈ​ដ៏​ធំ​មួយ​នៅ​ជប៉ុន»។

យោង​តាម​ប្រវត្តិវិទូ​ជា​ច្រើន មាន​ស្ត្រី ២០ ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​​មក​ពី​កូរ៉េ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ផ្ទះ​បន​បម្រើ​ទាហាន​ជប៉ុន ​អំឡុង​​សម័យ​សង្គ្រាម៕ AFP/HR