ភ្នំពេញ៖ បណ្តុំនៃគំនូរបែបសហសម័យដែលន័យស្តីពី «កាយវិការ និងចលនា» នៃនាដការបស់ខ្មែរ ដែលមានខ្នាតខុសគ្នាចំនួន ៤០ ផ្ទាំង នឹងត្រូវដាក់តាំងបង្ហាញនៅឯវិចិត្រសាលសិល្បៈនៃវិទ្យាស្ថានបារាំងរយៈពេល ១ ខែ ចាប់ផ្តើមបើកសម្ពោធនាល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ នេះបន្តទៅដល់ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០។
ស្នាដៃគំនូរសហសម័យជាការផ្តោតសំខាន់ទៅលើកាយវិការ និងចលនារបស់អ្នករបាំបុរាណទាំងនេះ គឺសា្នដៃរបស់វិចិត្រករជើងចាស់លោក សួស្តិ៍ សុដាវី។ លោកគឺជាវិចិត្រករឆ្នើមម្នាក់ ធ្លាប់ជាប់ជាតំណាងឲ្យវិចិត្រករកម្ពុជា ៣ រូប ដែលទទួលបានពានរង្វាន់ពីកម្មវិធី The CMLTV Contemporary Art-Awards 2016 រៀបចំលើកដំបូងនៅថៃ មានសមាជិកអាស៊ាន ៥ ប្រទេសចូលរួម គឺកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម និងក្រុមវិចិត្រករជាតំណាងឲ្យប្រទេសចំនួន ១៥ ទៀត ដោយលោក សួស្តិ៍ សុដាវី បានពានរង្វាន់ Venerable Artist Award ចំណែកឯលោក ឈឺម សុធី បានពានរង្វាន់ Honored Artist Award ខណៈកញ្ញា ឆន ឌីណា ទទួលបានពានរង្វាន់ Young Artist Award។
ពាក់ព័ន្ធនឹងការបង្កើតស្នាដៃគំនូរសហសម័យ ជារឿយៗអ្នកទស្សនាបានសង្កេតឃើញថា វិចិត្រករវ័យជាង ៦០ ឆ្នាំ លោក សួស្តិ៍ សុដាវី ចូលចិត្តផ្តោតខ្លាំងទៅលើការគូររូបជា កាយវិការ និងចលនារបស់អ្នករបាំបុរាណនានា ជាពិសេសនោះគឺរបាំព្រះរាជទ្រព្យតែម្តង។
លោក សួស្តិ៍ សុដាវី បកស្រាយបញ្ជាក់ថា៖ «ដោយសារតែរូបខ្ញុំចូលចិត្តទៅលើចំណុចពិសេសនៃរបាំបុរាណមួយតាំងពីដើមមក គឺរបាំព្រះរាជ្យទ្រព្យរបស់ខ្មែរយើង ដែលបានប្រើកាយវិការដៃ ជាពិសេសម្រាមដៃ និងដងខ្លួនបត់បែនរបស់អ្នករាំតែម្តង។ នៅក្នុងកាយវិការទាំងនោះ គឺសុទ្ធតែមានអត្ថន័យឆ្លុះបញ្ចាំងពីការរៀបរាប់ទៅលើអ្វីមួយ ជាពិសេសនោះ ស្តីពីដំណាក់កាលនានានៃផ្កា។ ស្របនឹងខ្ញុំមានចំណូលចិត្តលើរបាំប្រភេទនេះផងនោះ ទើបនាំឲ្យខ្ញុំយកចិត្តទុកដាក់ទៅលើចំណុចពិសេសតែម្តង សម្រាប់សមាសភាពពិសេសនៃការបង្កើតស្នាដៃគំនូរនេះ»។
ចំពោះស្នាដៃគំនូររបាំសហសម័យចំនួន ៤០ ផ្ទាំង ដែលនឹងត្រូវដាក់តាំងបង្ហាញចាប់ពីល្ងាចនេះ នឹងបន្តទៅដល់ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ នៅវិចិត្រសាលសិល្បៈរបស់វិទ្យាស្ថានបារាំងនោះ ក៏បានតម្រូវឲ្យវិចិត្រករ សួស្តិ៍ សុដាវី ប្រើប្រាស់ពេលវេលាប្រមាណជិត ៤ ខែ ទើបរួចរាល់អាចយកទៅដាក់តាំងចែកជូនមហាជនចូលទស្សនា ខណៈមានតម្លៃខុសៗគ្នាទៅតាមខ្នាតនៃគំនូរ។
លោក សួស្តិ៍ សុដាវី វិចិត្រករជើងចាស់មានបទពិសោធច្រើនឆ្នាំ និងធ្លាប់បានបង្កើតស្នាដៃដាក់តាំងទាំងនៅក្នុងប្រទេស និងក្រៅប្រទេសរាប់ដងមិនឈ្នះរូបនេះ បញ្ជាក់ថា៖ «គំនូរទាំង ៤០ ផ្ទាំង នេះ ខ្ញុំបានប្រើពេលជិត ៤ ខែ ទើបគូររួចរាល់ ដែលមានច្រើនខ្នាត ឬទំហំដូចជាទំហំខ្នាតតូច ៦០ សង់ទីម៉ែត្រ ឬ ៧០ សង់ទីម៉ែត្រ ខណៈខ្នាតធំវិញមាន ១ ម៉ែត្រ ឬ ២ ម៉ែត្រ។ ចំពោះតម្លៃគំនូរវិញ មានតម្លៃ ១ ផ្ទាំង ទាបបំផុត ១ ៥០០ ដុល្លារ រហូតដល់ខ្ពស់បំផុត ១ ផ្ទាំង ៩ ៥០០ ដុល្លារ»៕