ភ្នំពេញៈ បណ្តំ​រូបថត​ចំនួន ៨២ ​ផ្ទាំង​ដែល​ជា​ស្នាដៃ​របស់​សិស្ស​ថតរូប​នៃ​សាលា​ស្ទូឌីយោ​រូបភាព ( Studio Images) ៦២ ​ផ្ទាំង និង​រូប​ជា​ស្នាដៃ​អ្នក​ជំនាញ​ថតរូប​ជាតិ​បារាំង​លោក ក្លាវឌីជ ស្លុបង់ មាន​ចំនួន ២០ ផ្ទាំង​នឹង​ដាក់​តាំង​បង្ហាញ​នៅ​វិចិត្រសាល​នៃ​វិទ្យាស្ថាន​បារាំង​នៅ​ល្ងាច​ថ្ងៃទី​​ ២៣ ខែ​ឧសភា នេះ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា ឆ្នាំ​ ២០១៩ ក្រោម​ប្រធានបទ «​ស្រមោល និង​ពន្លឺ​» ដែល​អាច​ចូល​ទស្សនា​បាន​ដោយ​សេរី​។

លោក ក្លាវឌីជ ស្លុបង់ គឺ​អ្នក​ថតរូប​ដ៏ជំនាញ​ម្នាក់​នៅក្នុង​ចំណោម​អ្នក​ថតរូប​ល្បីៗ​នៅ​អឺរ៉ុប​ដែល​ក្រុម​អ្នក​ថតរូប​ជំនាន់​ក្រោយ​គួរ​រៀនសូត្រ​ពី​លោក​។ កម្រង​ស្នាដៃ​របស់​លោក​ត្រូវ​បាន​ដាក់តាំង​ជូន​ទស្សនា និង​រក្សាទុក​នៅឯ​សារមន្ទីរ​ធំៗ​ជាច្រើន​ទូទាំង​តំបន់​អឺរ៉ុប និង​អាស៊ី​មាន​ដូចជា​នៅ​មជ្ឈមណ្ឌល Centre Georges Pompidou ក្នុង​​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នៅ​សារមន្ទីរ Millenium Museum for Art នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​សារមន្ទីរ Metropolitan Museum of Photography ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​នៅ​វិចិត្រសាល​នៃ​សាកលវិទ្យាល័យ​ហាវ៉ាដ​ ( Harvard University) សហរដ្ឋអាមេរិក​នៅ​សារមន្ទីរ​ទីក្រុង​ខេមប្រ៊ីជដ៍​ (Cambridge) ប្រទេស​អង់គ្លេស និង​នៅ​សារមន្ទីរ Maison Europeenne de la Photographie នៅ​ទីក្រុង​ប៉ារីស​ជាដើម ព្រម​ទាំង​បាន​ដាក់​តាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ផង​ដែរ ខណៈ​រូបថត​ទាំងនោះ​បាន​ដាក់​ក្នុង​កម្មវិធី Rencontres d''Arles នៅ​ប្រទេស​បារាំង​កម្មវិធី Photo Beijing នៅ​ប្រទេស​ចិន និង​កម្មវិធី Photokina នៅឯ​ប្រទេស​អាល្លឺម៉ង់​។​ល​។

រូបលោក ក្លាវឌីជ ស្លុបង់ បាន​ថត​នៅ​ប្រទេស​ឡេតូនី (Latvia) កាលពី​ឆ្នាំ​ ២០០២ មាន​ឈ្មោះ​ថា East to East ។ រូប Klavdij SLUBAN

លោក ឆុន ប៊ុនឈឿន ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​វិទ្យាស្ថាន​បារាំង បង្ហើប​ប្រាប់​ថា​៖ «​លោក ក្លាវឌីជ ស្លុបង់ ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​អ្នក​ថតរូប​ដ៏សំខាន់​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​ថតរូប​ដំណាលៗ​ជំនាន់​លោក​។ ក្រៅពី​ធ្លាប់​បាន​យក​ស្នាដៃ​រូបថត​ទៅ​ដាក់តាំង​ពិព័រណ៍​នៅ​សារមន្ទីរ​ធំៗ និង​មជ្ឈមណ្ឌល​សិល្បៈ​អន្តរជាតិ​នានា​នោះ លោក​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​នៃ​រាជធានី​ភ្នំពេញ​បាន​យក​រូបលោក​មក​ដាក់​តាំងពិព័រណ៍​នៅឯ​វិចិត្រសាល​នៃ​វិទ្យាស្ថាន​បារាំង​ជាមួយ​ស្នាដៃ​របស់​សិស្ស​ថតរូប​ខ្មែរ​ចំនួន ៩ នាក់​នៅ​ថ្ងៃ​នេះ​ផង​ដែរ ហើយ​វត្តមាន​របស់​លោក​នាពេល​នេះ​ក៏​ជា​ការជ្រើសរើស​មួយ​សម្រាប់​ការធ្វើ​ការងារ​ណែនាំ និង​បង្រៀន​អ្នក​ថតរូប​វ័យក្មេង​កម្ពុជា​ដែល​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​សិស្ស មកពី​សាលា​ស្ទូឌីយោ​រូបភាព ( Studio Images) ផង​ដែរ​តាមរយៈ​ការដាក់​ជា​ប្រធានបទ​រួម​ថា គឺ​ «​ស្រមោល និង​ពន្លឺ​» គឺ​ដើម្បី​ឲ្យ​ពួកគេ​អាច​ស្វែងយល់​ពី​ភាពអាថ៌កំបាំង​នៃ​ទីកន្លែង និង​ស្ថានភាព​របស់​រូបថត​។

លោក ឆុន ប៊ុនឈឿន បន្ត​ថា​៖ «​ពេល​លោក ក្លាវឌីជ ស្លុបង់ មក​ដល់​ប្រទេស​កម្ពុជា​លោក​ក៏​បាន​ដឹកនាំ​ការងារ​មួយ​ដែល​មាន​ក្រុមនិស្សិត​ខ្មែរ​ចូលរួម​ធ្វើ​លំហាត់​ដ៏សំខាន់​មួយ​នេះ ដោយ​លោក​បាន​ណែនាំ​ថា​ធ្វើការ​ថតរូប​ប្រៀប​ដូចជា ការ​តាក់តែង​បែប​សំណេរ ពីព្រោះ​ថា​ក្រោយ​ពី​បាន​ឆ្លងកាត់​អស់​រាប់​ទសវត្សរ៍​នៃ​ការថតរូប និង​រូបភាព​រាប់លាន ប៉ុស្តិ៍​ដែល​សាកល្បង​បកស្រាយ​ពី​តថភាព​។ ខណៈ​នៅ​សល់​ពី​តថភាព​ក្រៅពី រូបថត​ផ្ទាល់​វា​ក៏​ជា​ឧបករណ៍​បញ្ចេញ​ឲ្យ​ដឹង​ពី​ខ្លួនឯង​ផង​ដែរ​»​។ និស្សិត​ទាំងអស់​អាច​ជ្រើស​យក​កិច្ចការ​ធ្វើ​ទៅ​តាម​ចំណង់​ចំណូលចិត្ត និង​ឧបនិស្ស័យ​របស់​ខ្លួន​គឺ​ចេះ​រក​វិញ្ញាសា​ណា​មួយ ឬ​ច្រើន​តាមរយៈ​ប្រធានបទ​ទូទៅ​នៃ​ពិព័រណ៍​ដែល​រំលេច​ឲ្យ​ឃើញ​នូវ​ក្ដីស្រមៃ​របស់​ពួកគេ​រៀង​ខ្លួន​។

នាពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​បាល់កង់ សមុទ្រ ខ្មៅ សមុទ្រ​ការ៉ាអ៊ីប ប្រទេស​ចិន និង​ប្រទេស រុស្ស៊ី​ព្រម​ទាំង​តំបន់​ដទៃ​ទៀត​នោះ លោក ក្លាវឌីជ ស្លុបង់ ក៏​បង្កើត​ស្នាដៃ​ដ៏​ផ្ចិតផ្ចង់​មួយ​ចំនួន​ដែល​ដិតដាម​ដោយ​អត្ថន័យ​បែប​អក្សរសិល្ប៍​ និង​កាត់ផ្ដាច់​ចេញ​ពី​បច្ចុប្បន្នភាព​របស់​មនុស្ស​៕