ភ្នំពេញ៖ បណ្តុំស្នាដៃសិល្បៈបែបសហសម័យរបស់និស្សិតចំនួន ៨ រូប និងអង្គ ដែលជាការបញ្ចប់ថ្នាក់សិក្សារបស់និស្សិតផ្នែកសិល្បៈសហសម័យជំនាន់ទី៣ ក្រោមប្រធានបទ «បំណះ» នឹងបើកពិព័រណ៍នៅគម្រោងវិចិត្រសាល ស-ស នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ ខាងមុខនេះ។
អ្នកស្រី គួន ឌីណា ជាអ្នកសម្របសម្រួលគម្រោងកម្មវិធីនៃវិចិត្រសាលស-ស បានឱ្យដឹងពីការតាំងពិព័រណ៍បញ្ចប់ស្នាដៃសិល្បៈសហសម័យនេះថា៖ «ពិព័រណ៍ក្រោមប្រធានបទ «បំណះ» គឺជាពិព័រណ៍បង្ហាញពីស្នាដៃថ្មីៗរបស់សិល្បករចំនួន ៨ រូប(ស្រី ២ ប្រុស ៥ រូប និងព្រះសង្ឃ ១ អង្គ) ដែលទើបបានបញ្ចប់ការសិក្សា ថ្នាក់សិល្បៈ សហសម័យនៅគម្រោងសិល្បៈស-ស នៅដំណាច់នៃឆ្នាំ ២០២០។
ពិព័រណ៍នេះ គឺជាលទ្ធផលពីកម្មវិធីសិក្សារយៈពេល ៦ ខែ ដែលសិស្សទាំងអស់បានសិក្សា និងពិភាក្សានៅក្នុងថ្នាក់ធ្វើទស្សនកិច្ច និងជួបសិល្បករនៅស្ទូឌីយោមួយចំនួន និងបង្កើតស្នាដៃសិល្បៈថ្មី។ សិស្សទាំង ៨ រូប នៃថ្នាក់នេះ សុទ្ធសឹងមានប្រវត្តិសិក្សា និងវិជ្ជាជីវៈ ចម្រុះ ហើយពួកគេបានបង្កើតស្នាដៃសិល្បៈថ្មីៗ ដែលមានទម្រង់ ផ្សេងៗពីគ្នា មានតាំងពីគំនូរ ចម្លាក់ បច្ចេកទេសចម្រុះ ជាស្នាដៃដំឡើង សម្តែង និងវីដេអូជាដើម។ ពួកគេពិនិត្យ និងសួរសំណួរលើប្រធានបទជាច្រើនដូចជា ការអប់រំ បរិស្ថាន (ការប្រែប្រួលអាកាសធាតុ) សាសនា ការចងចាំ សិទ្ធិមនុស្ស ស្ថានភាពកូវីដ បច្ចេកវិទ្យា និងសេដ្ឋកិច្ច»។
អ្នកសម្របសម្រួលគម្រោងកម្មវិធីនៃវិចិត្រសាល ស-ស រូបនេះបានបន្តថា៖ «ពិព័រណ៍នេះ នឹងបើកសម្ពោធ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ ដែលត្រូវដាក់តាំងរយៈពេល ៣ សប្តាហ៍ គឺបន្តដល់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១។ ចំពោះអំពីសិល្បករទាំង ៨ រូប នោះរួមមាន កញ្ញា កែវ ស្រីភ័ក្ត្រ លោក គួច គិមជួ លោក ជា ច័ន្ទសុកសម្បតិ្ត លោក ផែ ភារម្យ លោក ភី ផន កញ្ញា សួ អ៊ីលីហ្សា លោក សួង ភភ្តី លោក អ៊ឹង ប៉លីន ខណៈគ្រូបង្រៀន និងវាគ្មិនកិត្តិយសរួមមាន លោក ពេជ្រ សុភាព លោក លាង ស៊ីកន លោក សួង សុខរ៉ លោក សាន ផល្លា លោក វុធ លីណូ និង រ៉ជឺ នែលសិន។
គួរបញ្ជាក់ថា ថ្នាក់សិល្បៈសហសម័យគឺជាផ្នែកមួយនៃកម្មវិធីអប់រំរបស់គម្រោងសិល្បៈស-ស ក្នុងគោលបំណងគាំទ្រដល់សិល្បករវ័យក្មេងដើម្បីអភិវឌ្ឍការងារសិល្បៈដែលកំពុងតែចាប់ផ្តើម និងកសាងចំណេះដឹងសំខាន់។ ថ្នាក់នេះ រួមមានជំនួបពិភាក្សាប្រចាំសប្តាហ៍រយៈពេល ៣ ខែ បន្ទាប់មកអ្នកចូលរួមទាំងអស់ត្រូវចំណាយពេល ៣ ខែទៀតសម្រាប់បង្កើតស្នាដៃសិល្បៈថ្មី។ នៅក្នុងថ្នាក់មួយនេះ សិស្សនិស្សិតបានពិភាក្សាទៅលើប្រធានបទផ្សេងៗជាច្រើនដូចជា ប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ វប្ប-ធម៌ នយោបាយ ទស្សនវិជ្ជា និងភូមិសាស្ត្រជាដើម ដែលមានការសម្របសម្រួលដោយសហស្ថាបនិកគម្រោងសិល្បៈ ស-ស គឺសិល្បករ ខ្វៃ សំណាង ព្រមទាំងគ្រូបង្រៀន និងវាគ្មិនកិត្តិយសជាច្រើន៕