ភ្នំពេញៈ ជីវិតរបស់មនុស្សម្នាក់ៗរមែងជួបប្រទះសេចក្តីក្តៅក្រហាយ ខ្វាយខ្វល់នៅក្នុងចិត្ត ដ៏សន្ធឹកសន្ធាប់រាប់ដងមិនអស់ ជាច្រើនបែបច្រើនយ៉ាង ខណៈភាពក្តៅក្រហាយទាំងអស់នោះ គឺមានឫសគល់កើតចេញមកពីសេចក្តីប្រកាន់នៃខ្លួនឯងរួមមកជាមួយផងដែរ។
សេចក្តីខាងក្រោមនេះលោកអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្សនឹងបរិយាយពីសេចក្តីប្រកាន់ ដែលនឹងនាំឲ្យកើតមានសេចក្តីទុក្ខសោក និងក្តៅក្រហាយដល់មនុស្សលោក។ លោកអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស បានពន្យល់ពីអត្ថន័យនៃសេចក្តីប្រកាន់ថា៖ «សេចក្តីប្រកាន់ដែលពោលមកនេះ គឺការដែលមនុស្សយើងទៅចាប់យកមកហួងហែងនូវអ្វីណាមួយ រហូតទាល់តែខ្លាំងហួសដូចជា ចាប់យកមនុស្សទាំងឡាយណា ឬរបស់ទាំងឡាយណា ការងារទាំងឡាយណា ឋានៈទាំងឡាយណា ទាំងការចេះដឹងទាំងឡាយដល់គំនិតរបស់ខ្លួនជាដើម។ ទាំងអស់នេះ ជាការហួងហែងប្រកាន់មាំខ្លាំងពេកទៅគឺនៅក្នុងសេចក្តីប្រកាន់ថាជារបស់យើង។ សេចក្តីប្រកាន់ដូចនេះឯងជាហេតុជាដើមចមនៃសេចក្តីក្តៅក្រហាយនិងទុក្ខសោកក្រៀមក្រំ ដែលតែងតែមានក្នុងមនុស្សម្នាក់។ សេចក្តីប្រកាន់នៅក្នុងអ្វីណាមួយក៏នឹងទុក្ខសោកក្តុកក្តួលនៅក្នុងអ្វីនោះមិនខានឡើយ»។
លោកអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស បានបន្តទៀតថា៖ «ប្រសិនបើមិនមានការប្រកាន់នៅក្នុងអ្វីណាទេ ក៏នឹងមិនមានទុក្ខសោក មិនមានកើតចេញនូវភាពក្តុកក្តួល និងមិនមានភាពក្តៅក្រហាយក្នុងអ្វីនោះកើតឡើងបានឡើយ។ ប្រសិនបើកូនត្រូវការឲ្យមានជីវិតរស់នៅ ជាសេចក្តីសុខពិតៗនោះ កូនត្រូវតែព្យាយាមលះលែងចោលនៅក្នុងចិត្តនូវអ្វីៗនោះ ដែលនាំឲ្យថយចុះនូវសេចក្តីប្រកាន់ ឬកូនត្រូវតែចាំទុកនូវពាក្យនេះគឺកុំចង់បានរបស់ដែលអត់មានអី ហើយក៏កុំជាប់ចិត្តទៅនឹងរបស់ដែលមានគ្រប់យ៉ាង ព្រោះថាអ្វីៗគឺសុទ្ធតែកើតមកពីហេតុ អ្វីៗដែលកើតឡើងសុទ្ធតែមានភាពប្រែប្រួលទាំងអស់។ កូនកុំទៅទូលដុំថ្ម កុំទទួលនូវភារៈអ្វីឲ្យធ្ងន់ហួសហេតុពេកអី។ ជាធម្មតានៃភារៈ ដែលរែកទូល គឺវារមែងមានភាពធ្ងន់ និងអស់ការនឿយហត់តទៅទៀតផងដែរ»។
មនុស្សម្នាក់ៗសុទ្ធតែខំស្វែងរកសន្តិភាព និងសុខដុមរមនា ពីព្រោះគេចេះតែខ្វះសេចក្តីសុខនេះនៅក្នុងជីវភាពរស់នៅសព្វថ្ងៃ ដោយមានពេលខ្លះ គេជួបប្រទះនឹងភាពឣន្ទះឣន្ទែង សេចក្តីក្តៅក្រហាយ ភាពមិនស្រុះស្រួលគ្នា។
កាលណាគេរងនូវទុក្ខ គេមិនរក្សាវាទុកសម្រាប់តែខ្លួនឯង ប៉ុណ្ណោះទេ គឺតែងតែចែកវាទៅឲ្យឣ្នកដទៃផងដែរ។ ទុក្ខនេះបានជ្រាបចូលទៅក្នុងបរិយាកាសនៅជុំវិញមនុស្សរងទុក្ខ ហើយមនុស្សគ្រប់គ្នាដែលចូលមកប្រាស្រ័យទាក់ទងនឹងមនុស្សនេះ នឹងប្រែទៅជាក្តៅក្រហាយឣន្ទះឣន្ទែងដែរដែលរបៀបរស់នៅបែបនេះពិតជាមិនត្រឹមត្រូវនោះឡើយ។
អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស បរិយាយបន្ថែមថា៖ «ភារៈដែលចិត្តទទួលរែកពុន ឬប្រកាន់ទុកនេះវាមិនងាយនឹងដាក់ចុះបានដោយងាយឡើយ ដូច្នេះហើយទើបវាធ្វើឲ្យធ្ងន់នៅក្នុងចិត្ត និងក្តៅក្រហាយជានិច្ចកាល។ បើទោះបីថាមានភារៈ ឬទូលរែកអ្វីដោយមិនប្រកាន់ភារៈនោះខ្លាំងពេកទេ ពេលគួរដាក់ក៏ដាក់ ពេលគួរទូលរែកក៏ទូលរែកទៅ ធ្វើបានដូចនេះវាគ្រាន់ធូរទ្រូងខ្លះ អាចមានជីវិតជាសុខតាមសមគួរដែរល្អជាងរែកទូលគ្រប់ពេលវេលា។ ចំពោះសេចក្តីប្រកាន់ក្នុងចិត្ត ដែលជាភារៈធ្ងន់ដូចជាពោលហើយនេះ បើដាក់ចុះបានខ្លះ ក៏នឹងមានសេចក្តីសុខខ្លះ បើដាក់ចុះបានទាំងអស់ក៏នឹងមានសេចក្តីសុខទាំងអស់ នេះជាសច្ចធម៌៕