ភ្នំពេញៈ ក្នុង​ជីវិត​នេះ​គ្មាន​អ្វី​ស្ថិតស្ថេរ​ទេ ធំ​ក៏​អាច​ក្លាយ​ជា​តូច មាន​ក៏​អាច​ក្លាយ​ជា​ក្រ រឹងមាំ​ក៏​អាច​ប្រែ​ជា​ទ្រុឌទ្រោម​។ គ្មាន​នរណា​រស់​បាន​អមតៈ​នោះ​ទេ ដូច្នេះ​ត្រូវ​តែ​ចាំ​ទុក​ថា «​កុំ​ភ្លេចខ្លួន កុំ​ឈ្លក់​វង្វេង ខ្លួនឯង​» ហើយ​រឹតតែ​សំខាន់ គឺ​ហាម​ប្រមាថ​ជាមួយ​ជីវិត​តទៅ​ទៀត​។ បើ​ទោះបី​មិន​ទំនេរ​យ៉ាង​ណា​ក៏​ត្រូវ​មើលថែ​ខ្លួនឯង​ឲ្យ​ល្អ​។

កុំ​គិត​ថា​យើង​រឹងមាំ គ្មាន​ថ្ងៃ​ឈឺ​ថ្កាត់​ដោយសារ​អាយុ​នៅ​តិច​ត្បិត​រណ្ដៅ​បញ្ចុះសព​មិន​មែន​មាន​សម្រាប់​តែ​មនុស្ស​ចាស់​នោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​មនុស្ស​ស្លាប់​ទូទៅ​។ កុំ​គិត​ថា​ខ្ញុំ​មាន​ហើយ​ចាយលុយ​ដូចជា​ក្រដាស​ព្រោះ​ថា​ថ្ងៃ​ណា​មួយ​លុយ​តែ ១ ម៉ឺន​រៀល​អាច​មាន​តម្លៃ​ខ្លាំង​ណាស់​នៅពេល​អ្នក​ធ្លាក់​ខ្លួន​មែនទែន​។

បើ​តាម​ការបរិយាយ​ពី​គេហទំព័រ ៥០០០ ឆ្នាំ​បាន​ឲ្យ​ដឹង​ពី​ប្រការ ៧ យ៉ាង​ដែល​មនុស្ស​​ទូទៅ គប្បី​តោង​យក​ការគួរ​ពិចារណា​។ ខណៈ​ប្រការ​ទាំងនោះ​ត្រូវ​បាន​បកស្រាយ​ដូច្នេះ​ថា​៖ «​ប្រការ​ទី​ ១ គឺ​មាន​រឿង​ ៣​ ​យ៉ាង​ដែល​មនុស្ស​គួរ​បំភ្លេច​​គឺ​រឿង​អាយុ រឿង​ដែល​កន្លងហួស និង​រឿង​ដែល​នាំទុក្ខ​ដល់​អ្នកដទៃ​។ ប្រការ​ទី​ ២ មាន​ចំណុច​ ៤ យ៉ាង​ត្រូវ​មាន​គឺ​ត្រូវ​មាន​មនុស្ស​ដែល​ស្រឡាញ់​ដោយ​ចិត្ត មាន​មិត្ត​ដែល​យល់​ចិត្ត​មាន​ការងារ​ធ្វើ និង​មាន​​ផ្ទះសំបែង​សមរម្យ​។ ចំណែក​ប្រការ​ទី​ ៣ ចំណុច ៦ យ៉ាង​ដែល​មិន​គួរ​ធ្វើ​គឺ​ឃ្លាន​ហើយ​តែ​មិន​ញ៉ាំ ស្រេក​ទឹកតែ​មិន​ផឹក ងងុយ​ហើយ​តែ​មិន​ព្រម​គេង ហត់​ហើយ​មិន​ព្រម​ទៅ​សម្រាក ឈឺ​ហើយ​តែ​មិន​ព្យាបាល និង​ចាស់​ហើយ​ទើប​បាន​ស្តាយក្រោយ​។ ចំពោះ​ប្រការ​ទី​ ៤ មាន​ចំណុច ៧ ​យ៉ាង​ដែល​មាន​តម្លៃ​ខ្ពង់ខ្ពស់​ជាង​លុយ​គឺ​ការ​ដែល​បាន​កើត​ជា​មនុស្ស ការ​បាន​យល់​ពី​សាសនា ការ​មាន​កល្យាណមិត្ត​ល្អ ការ​មាន​​ភាព​សុចរិត​ជា​និស្ស័យ ការ​មាន​ចិត្ត​មិន​ឫស្យា ការ​មាន​ពេលវេលា​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ និង​ការដែល​ចេះ​ស្គាល់​ពាក្យ​មួយ​ថា «​គ្រប់គ្រាន់​»​។

រីឯ​ប្រការ​ទី​ ៥ ទី​ ៦ និង​ទី​ ៧ នៃ​ប្រការ​គួរ​ពិចារណា​នោះ​ក៏​បាន​បកស្រាយ​ឲ្យ​ដឹង​បន្ថែម​ដែរ​ថា​៖ «​ប្រការ​ទី​ ៥ ចំណុច​ ២ ​យ៉ាង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​គឺ​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត​។ ប្រការ​ទី​ ៦ មនុស្ស​មាន​ទុក្ខ​​ ៣​​ យ៉ាង​គឺ​លះបង់​មិន​បាន​ចាញ់​គេ​មិន​បាន និង​លែង​អ្វី​មួយ​មិន​បាន​ទេ​។ ខណៈ​ប្រការ​ទី​ ៧ នោះ​គឺ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ មាន​ទ្រព្យសម្បត្តិ​មាន​តម្លៃ ៦ យ៉ាង​គឺ​មាន​រាងកាយ មាន​ចំណេះដឹង មាន​ក្តីស្រមៃ មាន​ទស្សន​គតិ ភាពជឿជាក់ និង​ភាពក្លាហាន​»៕