ភ្នំពេញៈ ក្រោយ​ឆ្លងកាត់​ដំណាក់កាល​ស្ទើរ​អស់​ជីវិត​លើ​គ្រែពេទ្យ តារា​សម្តែង​ថ្ពាល់​ខួច កញ្ញា ពេជ្រ ចរណៃ ដែល​អាស្រ័យ​សទ្ធា​សប្បុរស​ជន បាន​ថវិកា​វះ​កាត់​ជំងឺ​បេះដូង​ប្រហោង​បាន​ជោគ​ជ័យ​អស់​រយៈពេល​ច្រើន​ខែ​មក ពេល​នេះ​ស្រី​ស្រស់​ចេះ​ក្បាច់​គុន​ល្បុក្កតោ​ដ៏​ចំណាប់ បាន​សង្វាត​ក្ដាប់​បាន​ឱកាស​ថត​កុន​បាន ៣ រឿង​ជាប់ៗ​គ្នា។ ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ទាំង ៣ រឿង​នោះ​ដែរ ពេជ្រ ចរណៃ បាន​គ្រង​តំណែង​ជា​តួឯក​បាន ២ រឿង ប៉ុន្តែ​នាង​នៅ​តែ​ត្អូញ​ត្អែរ​ខ្លាច​រក​លុយ​មិន​ទាន់​ទៅ​ព្យាបាល​ជំងឺ​បន្ត​ទៀត ព្រោះ​សុខភាព​រាងកាយ​មិន​ទាន់​ជា​សះ​ស្បើយ​មួយ​រយ​ភាគរយ​នៅ​ឡើយ​ទេ។

នរណា​ក៏​ដឹង​ដែរ​ថា តារា​សម្តែង​តួ​ក្បាច់គុន​ល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ មុននេះ​គឺ​ស្ថិតក្នុង​ភាព​អស់​សង្ឃឹម ខណៈ​ប្រាណ​ដ៏​ក្មេង​ខ្ចី​ក៏​ញាំញី​ដោយ​ជំងឺ​ដាច់​សរសៃ​ប្រឹស​បេះដូង និង​ភាព​ទី​ទាល់​ក្រ ក៏​ស្ថិត​នៅ​លើ​មាត់​ជ្រោះ​មរណៈ។

ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​អស់​សង្ឃឹម នាង​ក៏​ត្រូវបាន​ជួយ​សង្គ្រោះ​ភ្លាមៗ ពី​អតីត​តារា​សម្តែង​ជើង​ចាស់​លោក ខៃ ប្រសិទ្ធ ដោយ​លោក​បាន​ចាយ​លុយ​អស់​ជិត ២ ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ជីវិត​កញ្ញា ពេជ្រ ចរណៃ ពី​មច្ចុរាជ​មក​វិញ។

ក្រៅពី​សស្រាក់សស្រាំ​នឹង​អាជីព​សម្ដែង និង​សកម្មភាព​មនុស្សធម៌​ចុះជួយ​ជន​ទុរគត តារា​ស្រី​សម្តី​ផ្អែម​រូប​នេះ ក៏មាន​ភាគហ៊ុន ៣០ ភាគរយ ក្នុង​អាជីវកម្ម​លក់​ដីឡូត៍​យីហោ «មហា​លាភ អចល​នទ្រព្យ» ទៀត​ផង។

ចំពោះ​ការងារ​សិល្បៈ​ឃើញថា កញ្ញា ពេជ្រ ចរណៃ ទទួលបាន​ការគាំទ្រ ហើយ​មាន​ប្រជាប្រិយ​ភាព​គួរ​ឲ្យ​កត់​សម្គាល់។

ទោះជា​ទីផ្សារ​សិល្បៈ​កាក់កប​មិន​ដាច់​ក៏ដោយ​ក្ដី ក៏​តារា​ស្រី​រូប​ស្រស់​អភ័ព្វ​សាវតារ​ជា​កូនកំព្រា​រូប​នេះ បានបរិយាយ​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ឲ្យ​ដឹង​ថា៖ «រាល់​ថ្ងៃ​ខ្ញុំ​កំពុង​តែ​ថត​រឿង «បេះដូង​តែមួយ» ក្រោយ​ពី​បាន​បញ្ចប់​រឿង «អាគម​ស្បែក​ដាច» ហើយ​ក៏​នឹង​បន្ត​ថត​រឿង​ថ្មី​មួយ​ទៀត​ដែរ​តែ​សុំ​លាក់​ចំណង​ជើង​សិន ព្រោះ​រឿង-នេះ​ដែរ​នៅ​មិន​ទាន់​បាន​ធ្វើ​ក្រុង​ពាលី​ទេ តែ​នឹង​ធ្វើ​នៅ​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ»។

ក្នុង​រឿងនេះ​ដែរ ចរណៃ គ្រាន់តែ​ប្រាប់ថា៖ «រឿងនេះ​មុនដំបូង​ខ្ញុំ​ដើរតួ​ជា​អ្នករបាំ​ទេ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​ក្លាយជា​អ្នក​ចេះ​ក្បាច់​គុន​ល្បុក្កតោ»។

នាង​បន្ត​ប្រាប់​ទាក់ទង​នឹង​សាច់រឿង​ដូច្នេះ​ថា៖ «រឿងនេះ​ក៏​ចង់បង្ហាញ​ពី​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ប្រទេស​យើង ហើយ​ក៏​បាន​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​មនុស្ស​ស្រី​ទន់ភ្លន់​ម្នាក់​ដែល​ធ្លាប់​ជា​នារី​របាំ​មក​ក្លាយ​ជា​អ្នក​ចេះ​ក្បាច់​គុន​ល្បុក្កតោ ជា​ក្បាច់​គុន​បុរាណ ដែល​ជា​មរតក​ដើម»។

តារា​ស្រី​មិន​ល្បី​តែ​ទេពកោសល្យ និង​សម្រស់ តែ​ក៏​ល្បី​ខ្លាំង​រឿង​ចូលចិត្ត​ធ្វើបុណ្យ​ធ្វើ​ទាន​ដល់​ចាស់​ជរា និង​ក្មេងៗ​ដែល​ខ្វះ​សម្ភារ​សិក្សា​រហូត​ដល់​មាន​គេ​លាន់​មាត់​ថា​ជា​តារា​ចិត្ត​បុណ្យ​រូប​នេះ នាង​ក៏​បន្ត​ប្រាប់​មក ភ្នំពេញ ប៉ុស្តិ៍ ទៀត​ថា៖ «ខ្ញុំ​ឈឺ​រយៈពេល​ជាង ១ ឆ្នាំ ហើយ​ក៏​ទទួល​បាន​ការ​វះកាត់​រួច​ហើយ​ដែរ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ទៅ​តាម​ដាន​សុខភាព​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល ១ ខែ​ម្តង រយៈពេល ១២ ខែ តែ​ខ្ញុំ​ទៅ​បាន ៧ ខែ​ហើយ​នៅ​សល់​តែ ៥ ខែ​ទៀត​ប៉ុណ្ណោះ​ខ្ញុំ​នឹង​ជា​ដាច់​ហើយ»។

កញ្ញា ពេជ្រ ចរណៃ បាន​បន្ត​ដោយ​លាយឡំ​នឹង​សំណើចតិចៗក្រោយពី​បាន​សម្រាក​ពី​ការថត​រឿង​ថ្មី (រឿង បេះដូង​តែ​មួយ) នៅ​ពេល​ថ្ងៃ​ត្រង់​ថា៖ «ខំ​ប្រឹង​ថត​កុន​យក​លុយ​ទៅ​មើល​ជំងឺ​នឹង​ណា ព្រោះ​រក​អត់​ទាន់​ទេ​ត្រូវ​ទៅ​តាម​ដាន​សុខភាព​ក្នុង ១ ខែ​ម្តង ហើយ​ទៅ​ម្តងៗ​អស់​ចាប់​ពី ១​,០០០ ទៅ ១,២០០ ដុល្លារ​ឯណោះ»៕