ក្រុង​ឡុង​ដ៍: ក្នុង​គម្រោង​មនុស្សធម៌​តែម្នាក់ឯង ម៉េ​ហ្គេ​ន ជា​ព្រះ​ជាយា​ទើប​រៀប​អភិសេក​ថ្មោង​ថ្មី ជាមួយ​ព្រះអង្គ​ម្ចាស់ ហារី បាន​ចេញ​លក់​សៀវភៅ​មុខម្ហូប​នា​សប្ដាហ៍​នេះ បំណង​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ ដោយ​អគ្គិភ័យ​ឆេះ​អគារ Grenfell Tower។

សៀវភៅ​រូបមន្ដ​ម្ហូប​ក្រោម​ចំណងជើង​ថា «ទាំងអស់គ្នា៖ សៀវភៅ​សហគមន៍​យើង» ផលិត​ឡើង​ដោយ​ស្នាដៃ​ស្ដ្រី ដែល​រង​គ្រោះ​ព្រោះ​ឧប្បត្ដិ​ហេតុ​នេះ។

អគ្គិភ័យ​កាលពី​ខែកក្កដា ឆ្នាំ២០១៧ នៅ​ប្លុក​អគារ​ជាន់​ទី ២៤ បានសម្លាប់​មនុស្ស ៧១ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​ខ្វះ​ទីជម្រក។ ស្ដ្រី​មក​ពី​សហគមន៍​រង​គ្រោះ​នេះ បាន​ប្រើ​ផ្ទះបាយ​មួយ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​មូស្លីម​ដើម្បី​ចម្អិន​ម្ហូប​ឲ្យ​ក្រុម​គ្រួសារ។

អតីត​តារាភាពយន្ដ​អាមេរិក ដែល​បាន​ឡើង​ទ្រនំ​មាស​រូបនេះ បានធ្វើ​ដំណើរ​ទៅកាន់​ផ្ទះបាយ​នោះ​ជា​ច្រើន​លើក​ច្រើន​សា និង​បាន​ជួយ​ចង​ក្រង​សៀវភៅ​ម្ហូប​ចេញ​ជា​រូបរាង ព្រមទាំង​បាន​ផលិត​វីដេអូ​ស្ដីពី​គំនិត​ផ្ដួចផ្ដើម​ផង​ដែរ។

សៀវភៅ​មុខម្ហូប​នេះ ក៏បាន​បង្ហាញ​នូវ​ម្ហូប​ចំនួន​ជាង ៥០ មុខ​មកពី​ទូទាំង​តំបន់​អឺរ៉ុប មជ្ឈិមបូព៌ា អាហ្រ្វិក​ខាងជើង និង​មេឌីទែរ៉ាណេ​ខាង​កើត​ផង​ដែរ៕