ភ្នំពេញៈ ថ្មីៗនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង ទៅនឹង​សកម្មភាព​យ៉ាង​រួសរាន់​ពី​សំណាក់​ក្រុម​អតីត​ជា​និស្សិត​វិចិត្រកម្ម នាំ​គ្នា​ទៅ​យក​ស្នាដៃ​របស់​ខ្លួន​ពី​គំនរ​ផ្ទាំង​គំនូរ​ចាស់ៗ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្នុង​នោះ​ក៏មាន​អ្នក​ថតរូប​ឆ្នើម​ជើង​ចាស់​ម្នាក់ ក៏​ប្រញាប់​ទៅ​រក​មើល​ឃើញ​មាន​ស្នាដៃ​មួយ​ផ្ទាំង​នឹង​គេ​ដែរ​បង្ក​ការ​ងឿង​ឆ្ងល់​ពេញ​បណ្តាញ​សង្គម។

នេះ​បើតាម​ការ​ផូ​ស្ត​សារ និង​រូបថត​កាន់​ផ្ទាំងគំនូរ​មួយ​ផ្ទាំង​របស់ខ្លួន​ពី​សំណាក់​លោក ម៉ក់ រ៉េមីស្សា ជា​អ្នក​ថត​ឆ្នើម​របស់​ទីភ្នាក់ងារ​ព័ត៌មាន EPA រយៈពេល ១២ ឆ្នាំ និង​អតីត​អ្នក​ថត​រូប​នៅ​សារ​ព័ត៌មាន​របស់​បារាំង Cambodge Soir ចំនួន ១០ ឆ្នាំ ដែរ​នោះ​បង្ហើរ​សារ​ឡើង​ថា៖ «សូម​ថ្លែង​នូវ​អំណរគុណ ជា​អតិបរមា ជូន​ចំពោះ​លោក​សាស្ត្រា​ចារ្យ និង​ប្អូនៗ​និស្សិត ដែល​បាន​រក្សា​គំនូរ​នេះ​ទុក​ឲ្យ ខ្ញុំ​វិញ!​ស្នាដៃ​គំនូរ​ខ្ញុំ​ដំបូង​បាន​វិល​មក​ផ្ទះ​វិញ​ហើយ​ក្រោយ​ពី​តាំង​នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​មាន​រយៈពេល ២៦ ឆ្នាំ»។

អ្វីដែល​មហាជន និង​មិត្តភក្តិ​មានការ​ងឿងឆ្ងល់ និង​ភ្ញាក់ផ្អើល​ខ្លាំង​នឹង​សារ​នោះ ក៏​នាំគ្នា​ជជែក​សួរ​ដេញ​ដោល​ថា៖ «បើ​តាម​ដឹង​ជាក់​ស្តែង​លោក ម៉ក់ រ៉េមីស្សា មាន​អាជីព​ជា​អ្នក​ថត​តែ​ប៉ុណ្ណោះ ចុះ​ហេតុអ្វី​បាន​ជា​ពេល​នេះ​បែរ​ជា​ឃើញ​គាត់​ប្រកាស​ថា​មាន​ស្នាដៃ​គំនូរ​នឹង​គេ​ដែរ​បែប​នេះ?»។

ផ្ទាំង​គំនូរចាស់ៗរបស់អតីតនិស្សិតវិចិត្រកម្ម​ ដែលត្រូវ​​បាន​រើចេញពី​​ឃ្លាំង​នា​ពេលថ្មីៗ​នេះ។ ហ្វេសប៊ុក​

លោកគ្រូ​បង្រៀន​ផ្នែក​ថតរូប​ដ៏​ល្បី​នៅ​សាលា​ថតរូប​នៃ​វិទ្យាស្ថាន​បារាំង​រូបនេះ ក៏​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ដំណើរការ​ប្រកប​អាជីព​របស់​ខ្លួន​ថា៖ «តាម​ពិត​ទៅ​នោះ កាល​ពី​ដំបូង​ឡើយ ខ្ញុំ​គឺជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ផ្នែក​គំនូរ ហើយ​ក្រោយ​ពេល​រៀន​ចប់​ក៏បាន​ប្រឡូក​វិស័យ​គំនូរ​នេះ​បាន​ប៉ុន្មាន​ឆ្នាំ​ដែរ។ តែ​ក្រោយ​មក​ក៏មាន​ការ​ពេញ​និយម​ខាង​ថត​រូប ក៏បាន​ជំរុញ​ខ្ញុំ​ប្រែ​ក្លាយ​ទៅ​ជា​អ្នក​ថតរូប​វិញ។ កាល​ពី​ដំបូង ខ្ញុំ​ធ្វើការ​ជា​អ្នក​ថតរូប​ទស្សនា​វដ្តី Le Mekong ចន្លោះ​ឆ្នាំ ១៩៩៦-៩៧ ហើយ​ក្រោយ​មក​ខ្ញុំ​ក៏បាន​ទៅ​ធ្វើ​ការ​នៅ​កាសែត​បារាំង​មាន​ឈ្មោះ Cambodge Soir បាន​ចំនួន ១០ ឆ្នាំ និង​ជា​ចុង​ក្រោយ​រហូត​ដល់​ពេល​នេះ​ធ្វើការ​នៅ EPA បើ​គិត​មើល​ទៅ​ដូច​មាន​ពេល​ចំនួន ១២ ឆ្នាំ​ហើយ​ដែរ»។

លោក ម៉ក់ រ៉េមី​ស្សា បន្ត​ឲ្យ​ដឹងថា៖ «គំនូរ​ដែល​បានឃើញ​ក្នុង​រូបនោះ ខ្ញុំ​បាន​គូរ​វា​កាល​នៅ​រៀន​ឆ្នាំ​ទី ២ គឺ​ឆ្នាំ ១៩៩២ ដែល​ជា​គំនូរ​និយាយ​ពី​ទិដ្ឋភាព​នៅ​ឯ​ទន្លេ​បាទី​នៃ​ខេត្ត​តាកែវ ដែល​គិត​ចាប់​ឆ្នាំ​នោះ​មក​ដល់​ពេល​ឥឡូវ​នេះ មាន​ពេល ២៦ ឆ្នាំ​គត់។ ពេល​ឃើញ​គំនូរ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​អនុស្សាវរីយ៍​ចាស់ៗ ជាច្រើន​កាល​នៅ​រៀន​ផ្នែក​វិចិត្រកម្ម ហើយ​ក៏មាន​អារម្មណ៍​គិត​ថា ចង់​ចាប់​ផ្តើម​លើ​វិស័យនេះ​វិញ​ម្តង​ទៀត​ផង​ដែរ ប្រសិន​បើ​ពេលវេលា​សម​គួរ​មាន​នោះ ទោះបី​ជា​ដឹង​ថា កន្លង​មក​ខ្លួនឯង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ច្រើន​លើ​ផ្នែក​ថតរូប​ជាង​គំនូរ​មែន​ក្តី»៕