ក្រុង​ប៉េកាំង៖ អតិថិជន​ក្នុង​ភោជនីយដ្ឋាន​ចិន​មួយ​កន្លែង​អត់​ខ្វល់​ពី​ភេសជ្ជៈ​មក​ប្រមូល​ផ្ដុំ​គ្នា​ជុំវិញ​សត្វ​ទា​ពណ៌​ស​រោម​ទន់​ ៤ ក្បាល​ ខណៈ​ទូរស័ព្ទ​ត្រៀម​ផ្ដិត​យក​រូបភាព​គ្រប់​ដៃ។ នេះ​ជា​កាហ្វេ​សត្វ​ពេញ​និយម​ថ្មី​មួយ​ទៀត​របស់​ប្រទេស ​​ចិន។

«Hey! We go» ជា​ហាង​កាហ្វេ​នៅ​កណ្ដាល​ក្រុង​ឈិនឌូ កំពុង​ផ្ដល់​សេវាកម្ម​ថ្មី​ផ្គាប់​ចិត្ដ​អ្នក​និយម​បង្អួត​គ្នា​លើ​បណ្ដាញ​សង្គម​។ សត្វ​ទា​ ៤ ក្បាល ​​​នាំចូល​ពី​អឺរ៉ុប​អាច​លក់​​តម្លៃ​ ១ ៤០០ ដុល្លារ​មួយ​ក្បាល​។

ប៉ុន្ដែ​តារា​ប្រចាំ​ហាង​កាហ្វេ​ទាំង ៤ មិន​មែន​សម្រាប់​ដាក់​លក់​ឡើយ តែ​ទុក​ឲ្យ​ពួក​វា​ដើរ​សួរ​សុខ​ទុក្ខ​ភ្ញៀវ​ពី​តុ​មួយ​ចូល ​តុ​មួយ​។ ក្នុង​តម្លៃ ៧៨ យន់ (៤៥ ០០០ រៀល​) ភ្ញៀវ​អាច​ចំណាយ​ពេល​ដល់ ៩០ នាទី ​នៅ​ជាមួយ​ទា ដែល​ហាក់​មិន​ក្រែង​ញញើត​ក្នុង​ការ​បង្អួត​រាង​ចំពោះ​មុខ​កាមេរ៉ា​ជាមួយ​អ្នក​សែលហ្វ៊ី​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ។

និស្សិត​សាកលវិទ្យាល័យ​ម្នាក់ ​​បាន​​ប្រញាប់​មក​ហាង​កាហ្វេ​ភ្លាម ពេល​បាន​អាន​ព័ត៌មាន​លើ​អនឡាញ​។

បក្សី​ដែល​សាំង​នឹង​មនុស្សនេះ ជា​តារា​ប្រចាំហាង​កាហ្វេ។ រូបថត AFP

កញ្ញា​បាន​ឲ្យ​ដឹង​ថា​៖ «​ពួក​វា​ពិត​ជា​រីករាយ​ណាស់​ និង​ស្ដាប់​បង្គាប់​យើង​ទៀត​ ដោយ​មិន​ដូច​ជា​សត្វ​ទា​ហែល​ទឹក​ដែល​​អត់​ចេះ​ស្ដាប់​អី​នោះ​ទេ​»។

លោក លូ យ៉ាវឈី អាយុ ២៦ ឆ្នាំ ជា​សហស្ថាបនិក​ហាង​កាហ្វេ​ទា​ដ៏​ពេញ​និយម​ជាមួយ​សមាជិក ៣ នាក់​ទៀត និង​បាន​និយាយ​ថា គំនិត​បង្កើត​ហាង​កាហ្វេ​ទា​រោម​ស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ ពេល​យុវជន​រូប​នេះ​ទើប​ទទួល​បាន​សត្វ​ទាំង​នេះ​មក​ចិញ្ចឹម​​។

លោក​​បញ្ជាក់​ថា​៖ «​មនុស្ស​គ្រប់​រូប​ចូលចិត្ដ​សត្វ​ទា​»។

ពេល​នេះ​ភ្ញៀវ​ក៏​អាច​លេង​​ជាមួយ​សមាជិក​ទើប​មក​ដល់​ថ្មី​ៗ នោះ​គឺ​កូន​​ជ្រូក​បរទេស​​ឃ្យូតៗ​ ​២ ក្បាល​​​ជា​តារា​ប្រចាំ​ហាង​ផង​ដែរ៕ AFP/HR

យុវតី​ចិន​នាំគ្នា​ថត​សែលហ្វ៊ី ជាមួយ​កូនជ្រូក​ដ៏ឃ្យូត ដែល​ជាសមាជិកចំណូលថ្មីនៃហាងកាហ្វេ។ រូបថត AFP