ក្រុងវ៉ាស៊ីនតោន: កូនសត្វតុក្កតាពណ៌លឿងគួរឲ្យស្រឡាញ់ Pokemon មានអាយុជាង ២ ទសវត្សរ៍ហើយ ប៉ុន្តែប្រជាប្រិយភាពរបស់វានៅតែបន្តសាយភាយពាសពេញពិភពលោក ជាមួយអ្នកគាំទ្រចាស់ក្មេង។
មនុស្សជាង ៧ ៥០០ នាក់ មកពី ៤៩ ប្រទេស បានមកចូលរួមព្រឹត្តិការណ៍ប្រកួតហ្គេម Pokemon នៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្ដាហ៍ មុន ដោយអ្នកចូលរួមភាគច្រើនស្ថិតក្នុងវ័យខ្ទង់ ២០ ឆ្នាំប្លាយ។
នាង អាមេនដា ហ្គេនខល ដែលពាក់មួករូបសត្វ Pokemon មកពីក្រុងភីតស៍ប៊ើក បានបន្លឺសំឡេងឡើងថា៖ «ខ្ញុំអាយុ ២៤ ឆ្នាំ តែខ្ញុំនៅតែជក់លេងហ្គេម Pokemon ខ្ញុំស្រឡាញ់វាតាំងពីខ្ញុំនៅកូនក្មេង»។
វាច្បាស់ណាស់ថាមូលហេតុអ្វី បានជា កូនតុក្កតា Pokemon ទាក់ទាញទាំងមនុស្សចាស់ និងកូនក្មេង ដោយសារតែវាផ្ដល់នូវអារម្មណ៍ពិសេសពីអតីតកាល និងភាពដ៏គួរឲ្យស្រឡាញ់របស់វាតែម្ដង។
ចាប់តាំងពីសម្ពោធនៅប្រទេស ជប៉ុន ក្នុងឆ្នាំ ១៩៩៦ Pokemon ទើបតែល្បីនៅសហរដ្ឋអាមេរិកអំឡុងដើមឆ្នាំ ២០០០ នោះទេ។
ប្រជាប្រិយភាពនៃកូនតុក្កតានេះបានសាយភាយសម្បើមជាមួយការផលិតហ្គេមកាន់តែទំនើប តុក្កតា ផលិតផលប្រើប្រាស់ និងខ្សែភាពយន្ត ទើបតែចាក់បញ្ចាំងថ្មីៗនេះផងដែរ។
ដោយឡែកសម្រាប់អ្នកមកប្រកួតហ្គេម Pokemon ចុងសប្ដាហ៍នេះ រង្វាន់ក៏មិនតិចដែរ ដោយគ្រាន់តែហ្គេមសន្លឹកក្រដាស Pokemon មានរង្វាន់ដល់ទៅ ២៥ ០០០ ដុល្លារអាមេរិក។ នៅមានរង្វាន់ធំដទៃទៀតដូចជា អាហារូបករណ៍តម្លៃខ្ទង់ម៉ឺនដុល្លារ និងកញ្ចប់ទេសចរណ៍។
អ្នកនាំពាក្យកម្មវិធី Elvin Gee បានលើកឡើងថា៖ «កម្មវិធីនេះគឺមានរង្វាន់ផ្ដោតសំខាន់លើមនុស្សវ័យក្រោម ១៨ ឆ្នាំតែម្ដង»៕ AFP