ក្រុងរ៉ូម: ហ្គីដូ ខាមីយ៉ា អាច​បង្ហាញ​អ្នក​ពី​វិធី​បង្កាត់​ភ្លើង​ដោយ​ប្រើប្រាស់​ដុំ​ថ្ម​ រៀន​រស់​ដោយ​ការ​ទទួល​ទាន​សត្វ​ល្អិត​ និង​សង់​ជម្រក​ក្នុង​ព្រៃ​។

បុរស​អាយុ ៣៧ ឆ្នាំ ដែល​ធ្លាប់​បាន​បង្វឹក​ធ្វើ​ជា​ចុងភៅ​នំ​ ពេល​នេះ​បែរ​ជា​មក​បើក​វគ្គ​បង្រៀន​ «​រៀន​រស់​តាម​បែប​ផែន​មនុស្ស​សម័យ​ដើម​» នៅ​ជ្រលង​ភ្នំ​ប្រទេស ​អ៊ីតាលី​។

នៅ​ដំណើរ​ចុង​សប្ដាហ៍​របស់​លោក អ្នក​អាច​ប្រទះ​ឃើញ​បុរស​រូប​នេះ​ឡើង​ដើម​ឈើ​ និង​ចាប់​ត្រី​ដៃ​ទទេ​ ស្លៀក​រោម​សត្វ​ដណ្ដប់​កាយ កាន់​លំពែង​ថ្ម​ និង​មាន​រូបរាង​ដូច​តួអង្គ​តុក្កតា​រឿង «The Flintstones»។

លោក​​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​សិស្ស-និស្សិត​ពី​ជីវភាព​នៅព្រៃ។ រូបថត AFP

លោក ខាមីយ៉ា ក៏​បាន​បើក​វគ្គ​សិក្សា​​តាម​បែប​ប្រពៃណី​អ្នក​ជនបទ​ធម្មតា​តែ​​ចំណូល​ចិត្ដ​ចំពោះ​យុគសម័យ​​ថ្ម​ បាន​​ធ្វើ​ឲ្យ​លោក​នឹក​ឃើញ​សម័យ​កាល​​​រស់នៅ ​(Neanderthal) តាំង​ពី​​​រាប់​ម៉ឺន​ឆ្នាំ​មុន​។

លោក​បាន​អះអាង​ថា សម័យ​មនុស្ស​ Neanderthal ដែល​រស់នៅ​ចន្លោះ​ពី ៤០ ម៉ឺន​មក ៤ ម៉ឺន​ឆ្នាំ​មុន ​ពិត​ជា​មាន​ភាព​វៃឆ្លាត​ណាស់​។ លោក​បន្ដ​ថា​៖ «​​មនុស្ស​សម័យ​នោះ​រក​ឃើញ​ភ្លើង​ និង​អាច​សម្រប​ខ្លួន​ទៅ​តាម​អាកាស​ធាតុ​ប្រែប្រួល​។ ពួក​គេ​​ជា​អ្នក​បំផ្លាស់​ទី​រស់នៅ​ញឹកញាប់​ទាំង​នៅ​តាម​ល្អាង​នានា​តែ​ក៏​ចេះ​វិធី​សង់​ជម្រក​រស់នៅ​ផង​ដែរ​»។

ចំពោះ​តម្លៃ​ចាប់​ពី ៩០ ទៅ ១១២ ដុល្លារ ​សម្រាប់​ម្នាក់​ក្នុង ​១ រាត្រី វគ្គ​សិក្សា​មូលដ្ឋាន​ រួម​មាន​ការ​ស្នាក់នៅ​ក្នុង​ជម្រក​ជំរំ​បណ្ដោះ​អាសន្ន​ផង​ដែរ​។ លោក ខាមីយ៉ា និយាយ​ថា លោក​ផ្ដល់​វគ្គ​សិក្សា​ពី ២ ទៅ ៣ ម៉ោង ​ចំពោះ​ភ្ញៀវ​ទូទៅ និង​ក្រុម​សិស្ស-និស្សិត​​។

លោក ខាមីយ៉ា ក្នុងសម្លៀកបំពាក់​មនុស្សព្រៃ ប្រើព្រួញ និង​លំពែង​តាមប្រមាញ់សត្វ​​ជា​ចំណីអាហារ​នៅព្រៃភ្នំ។ រូបថត AFP

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បង្ហាញ​ពួក​គេ​ពី​របៀប​រស់នៅ​របស់​មនុស្ស​សម័យ​ដើម ដោយ​ប្រើ​ដុំ​ថ្ម​បង្កាត់​ភ្លើង និង​លំពែង​ថ្ម​សំលៀង​ក្នុង​ការ​ស្វែងរក​ចំណី និង​ចម្អិន​អាហារ»។

លោក​បន្ដ​ថា​៖ «​ចំពោះ​ភ្ញៀវ​ជ្រើសរើស​វគ្គ​ស្រាល​ ខ្ញុំ​ផ្ដល់​បទពិសោធ​រស់នៅ​តាម​បែប​ផែន​មនុស្ស​សម័យ​មុន​ជាមួយ​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់​។ ប៉ុន្ដែ​​​វគ្គ​សិក្សា​កម្រិត​ខ្ពស់ ពួក​គេ​ត្រូវ​ចេះ​ស្វែង​រក​អាហារ​ដោយ​ខ្លួន​ឯង​»។

លោក​និយាយ​ទាំង​ទឹក​មុខ​ញញឹម​ថា​៖ «​វា​ធ្វើ​ឲ្យ​មនុស្ស​យល់​ដឹង​ថា ខួរក្បាល​ប្រើ​ថាមពល​ច្រើន​បំផុត។ តែ​ហ៊ាន​អត់​បាយ ​៣ ថ្ងៃ សូម្បី​តែ​គណនា​លេខ​ស្រួលៗ​ក៏​មិន​ចេញ​ដែរ​»។

លោក​បាន​និយាយ​ថា​៖ «​ប៉ុន្ដែ​យើង​ត្រូវ​ដឹង​ពី​របៀប​សម្រប​ខ្លួន​ទៅ​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ ព្រម​ទាំង ប្រភេទ​អាហារ​ផ្សេងៗ និង​អាច​ផ្លាស់ប្ដូរ​របប​នៃ​ការ​រស់នៅ​»៕ AFP/HR