ក្រុងតូក្យូ: មន្ដ្រី​ក្រុង​ជប៉ុន​ម្នាក់​ត្រូវបាន​ស្ដីបន្ទោស និង​ពិន័យ​ចំពោះ​ទង្វើ​ចេញ​ពី​ការងារ​មុន​ម៉ោង​ញឹក​ញយ ទោះបី​ជា​វា​ត្រឹម​តែ ៣ នាទី​ដើម្បី​ទៅ​ទិញ​អាហារ​ថ្ងៃត្រង់​ក៏ដោយ។

មន្ដ្រី​ដែល​ធ្វើការ​នៅ​ការិយាល័យ​បណ្ដាញទឹក​ក្នុង​ទីក្រុង​កូ​បេ​ភាគ​ខាងកើត ផ្ដើម​សម្រាក​ម៉ោង​បាយ​មុន​ពេល​កំណត់ ២៦ ដង​រយៈពេល ៧ ខែ។

អ្នកនាំពាក្យ​ប្រាប់ AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ការ​សម្រាក​ថ្ងៃត្រង់​ពី​ម៉ោង ១២ ដល់​ម៉ោង ១ រសៀល។ លោក​ចេញ​ពី​តុ​ការងារ​មុន​កំណត់»។

មន្ដ្រី​អាយុ ៦៤ ឆ្នាំ ត្រូវបាន​កាត់​ប្រាក់ខែ​កន្លះ​ថ្ងៃជា​ការពិន័យ ហើយ​បានធ្វើការ​សុំទោស​ចៅ​ហ្វាយ​នាយ​ក្នុង​សន្និសីទ​កាសែត ។ មន្ដ្រី​ការិយាល័យ​បាន​ឱន​ក្បាល​ថ្លែង​ពាក្យ​សុំទោស​ថា៖ «ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ដែល​កើត​មាន​រឿង​រ៉ាវ​ដ៏​ឆ្គាំ​ឆ្គង​នេះ។ យើង​ខ្ញុំ​សូម​អភ័យ​ទោស»។

បុគ្គល​ចំណាស់​រូបនោះ បំពាន​ច្បាប់​សេវាសាធារណៈ​ដោយ​អះអាង​ថា​មន្ដ្រី​ត្រូវ​ផ្ដោត​លើ​ការងារ​ជា​ចម្បង។ នេះ​បើ​យោង​តាម​មន្ដ្រី​ការិយាល័យ។

ព័ត៌មាន​នេះ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​លើ​បណ្ដាញ​សង្គម ដោយ​មតិ​ជាច្រើន​បាន​ថ្លែង​ការពារ​មន្ដ្រី​នោះ។ អ្នក​ប្រើប្រាស់ Twitter បាន​សរសេរ​ថា៖ «ដូច​ជ្រុល​ពេក។ ចុះ​ឆ្លៀត​ពេល​ពី​ការងារ​ទៅ​អង្គុយ​ជក់​បារី​នោះ?»។

ម្នាក់ទៀត​បន្ដថា៖ «លេងសើច​មែន? តើ​វា​មានន័យថា យើង​មិនអាច​ទៅ​បន្ទប់ទឹក​ពេល​ធ្វើការ​មែន​ទេ?»។

ក្រុង​កូ​បេ ធ្លាប់បាន​បញ្ឈរជើង​មន្ដ្រី​ម្នាក់​កាលពី​ខែកុម្ភៈ​រយៈពេល ១ ខែ​ក្រោយពី​បុគ្គល​រូបនោះ​បាន​ចាក​ចេញ​ពី​ការិយាល័យ​ញឹក​ញយ​ទៅ​ទិញ​បាយ​ប្រអប់​អំឡុង​ពេល​ធ្វើការ។

មន្ដ្រី​រូបនោះ​អវត្ដមាន​សរុប ៥៥ ម៉ោង​លើ​រយៈពេល ៦ ខែ។ នេះ​បើ​យោង​តាម​មន្ដ្រី​ក្រុង៕