ភ្នំពេញៈ មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា​ លើក​ទី៨ នឹង​ចាប់ផ្តើម​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​ ២១ ដល់​ទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ហើយ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​នៃ​កម្ពុជា-ជប៉ុន (CJCC) ដែល​ជា​ការសហការ​ពី​ស្ថានទូត​ជប៉ុន និង​មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​នៅ​អាស៊ី​។

ជាក់ស្តែង​មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា ​ត្រូវ​បាន​រៀបចំ​ឡើង​រៀងរាល់​ឆ្នាំ​គឺ​ចាប់​តាំងពី​ឆ្នាំ​ ២០១២ មក​ម្ល៉េះ​នៅក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​បុរាណ និង​ទំនើប​នានា​របស់​ជប៉ុន និង​កម្ពុជា​ ក៏​ដូចជា​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ​កាន់តែ​ខ្លាំង​ផង​ដែរ​។

បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ពី​កម្មវិធី​ពិសេស​ត្រួសៗ​មាន​ចំនួន​ ៤ ​ថ្ងៃ​សំខាន់ៗ​នៅ​ឆ្នាំ​នេះ​ផង​ដែរ​ថា​៖ «​ប្រធានបទ​ឆ្នាំ​នេះ​គឺ «Experience Together»​។ មហោស្រព​នឹង​មាន​កម្មវិធី​ជាច្រើន​ទៀត​ដូចជា​ការគូរ​មុខ​បែប​ទម្រង់​សិល្បៈ​លោ្ខន​បាសាក់​សិក្ខាសាលា​ស្តីអំពី​ការអភិរក្ស​នូវ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដោយ​ក្រុម​រដ្ឋាភិបាល​ជប៉ុន​លើ​ការថែរក្សា​តំបន់​អង្គរ សាកល្បង​ស្លៀក «​ក្បិន​» ខ្មែរ និង​សម្លៀកបំពាក់ «​យូកាតា​» របស់​ជប៉ុន​សាកល្បង​ពិធី​លៀង​តែ​បែប​ជប៉ុន «​សាដូ​» ចូលរួម​ស្វែងយល់​សិល្បៈ​បត់ក្រដាស «​អូរីហ្គាមី​» រៀន​របៀប​តុបតែង​ផ្កា «​អ៊ីកេបាណា​» និង​ការសរសេរ​អក្សរ​ផ្ចង់ «​ស្យូដូ​» របស់​ជប៉ុន​ជាដើម​។

តារាចម្រៀង​កិត្តិយស​ឆ្នាំ​មុន​អ្នកនាង មាស សុខសោភា​។ រូបថត រូបថត CJCC Page

បើ​តាមរយៈ​ប្រធានបទ​នេះ​ដែរ​អ្នក​ចូលរួម​ក៏​អាច​សាកល្បង​ធ្វើ​សកម្មភាព​ទាំងអស់​គ្នា​រួម​ជាមួយ​នឹង​ក្រុម​សិល្បករ និង​ក្រុម​អ្នក​រៀបចំ​របស់​យើង​បាន​ដែរ​»​។

ខណៈ​កម្មវិធី​ប្រចាំ​ថ្ងៃ​នីមួយៗ​នៅក្នុង​រយៈពេល​ ៤ ​ថ្ងៃ​នោះ​ក៏​ត្រូវ​បាន​ឲ្យ​ដឹង តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែរ​ថា​៖ «​សម្រាប់​ថ្ងៃទី​ ២១ ខែ​កុម្ភៈ​ចាប់ពី​វេលា​ល្ងាច​ម៉ោង ៦ និង ៣០ ​នាទី​ដល់​ម៉ោង​ ៨ យប់​មាន​កម្មវិធី​បើក​មហោស្រព​ដោយ​មាន​ការសម្តែង​របាំ​ប្រពៃណី​ខ្មែរ​ដែល​ជា​ការសម្តែង​បែប​ប្រពៃណី និង​ទំនើប​របស់​ក្រុម MINYO GIRLS និង​ក្រុម Area Rock Styler និង​ការសម្តែង​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​។ ចំណែក​ថ្ងៃ​ទី​ ២២ ខែ​កុម្ភៈ ចាប់ពី​ម៉ោង ២ ដល់​ម៉ោង ៣ ​រសៀល​កម្មវិធី​សិក្ខាសាលា​តន្ត្រី​បុរាណ​ជប៉ុន JSR និង​ចាប់ពី​ម៉ោង ៦ ដល់​ម៉ោង ៧ ​យប់​ជា​ការសម្តែង​ដោយ​ក្រុម MINYO GIRLS​។ រីឯ​កម្មវិធី​នៅ​ថ្ងៃ​ទី​ ២៣ ខែ​កុម្ភៈ​វេលា​ម៉ោង​ ២ ដល់​ម៉ោង ៣ និង ៣០ នាទី​រសៀល​ការប្រគំ​តន្ត្រី​ក្លាស៊ីក​នៃ​ក្រុម Worldship Orchestra និង​ក្រុម​តន្ត្រី​យុវជន​អង្គរ ខណៈ​ម៉ោង ៦ ដល់​ម៉ោង ៧ យប់​ជា​សិក្ខាសាលា​របាំ​ដោយ​ក្រុម Area Rock Styler​។ សម្រាប់​ថ្ងៃ​ចុងក្រោយ​គឺ​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ វិញ​នោះ​គឺ​ចាប់ពី​ម៉ោង​ ៩ និង ៣០ នាទី ព្រឹក ដក់​ម៉ោង​ ១១ និង​៣០ ព្រឹក​មាន​កម្មវិធី​សាកល្បង​ជាមួយ​កីឡា​យុទ្ធសាស្ត្រ​ជប៉ុន និង​កម្ពុជា​គឺ​កីឡា​ការ៉ាតេដូ អៃគីខេនដូ និង​ក្បាច់គុន​ល្បុក្កតោ​។ ម៉ោង​ ៣ ដល់​ម៉ោង ៤ រសៀល​មាន​កម្មវិធី​តោះ​!​យើង Cosplay Kizuna ឆ្នាំ​ ២០១៩ ខណៈ​ម៉ោង ៥ ល្ងាច ដល់​ម៉ោង ៨ យប់ មាន​ការ​សម្តែង​ពិសេស​របស់​ល្ខោនបាសាក់​នៃ​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត និង​ការសម្តែង​ល្ខោនបាសាក់​រឿង​ព្រះស៊ីសុវណ្ណ​»​។

សម្រាប់​ព័ត៌មាន​លម្អិត​នានា​អាច​ទាក់ទង​ទៅកាន់​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន​បាន​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ ០២៣ ២១៧១៦១ (​លេខ​ភ្ជាប់​បន្ត​ ១១២១) ឬ​ក៏​អាច​ផ្ញើ​សារ​ទៅតាម​អ៊ីមែល info.jpn@pp.mofa.go.jp ខណៈ​ការចង់​ដឹង​ពី​ព័ត៌មាន​ស្តីពី​កម្មវិធី​នៃ​មហោស្រព​គីហ្សូណា​ឆ្នាំ​នេះ​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ ttps://fb.com/KizunaFestival. #KizunaFestival2019៕