ខេត្តសុកត្រាង: មហោស្រពតន្ត្រី និងរបាំខ្មែរដំបូងបំផុតនៅឆ្នាំ ២០១៩ ត្រូវបានប្រារព្ធធ្វើនៅទីក្រុងសុកត្រា ខេត្តសុកត្រាង នៃតំបន់ដីសណ្ដទន្លេមេគង្គ ភាគខាងត្បូងវៀតណាម។
កម្មវិធីមហោស្រពនេះគឺជាផ្នែកមួយនៃសកម្មភាពលើកស្ទួយវប្បធម៌ និងដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរដែលនឹងមកដល់នៅថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា។
មហោស្រពនេះបានទាក់ទាញសិល្បករ សិល្បការិនីចាស់ក្មេងចំនួនប្រមាណ ៣០០ នាក់ដែលសុទ្ធសឹងតែជាក្រុមសម្ដែងសិល្បៈមកពីបណ្ដាខេត្តនានានៅប្រទេសវៀតណាម។
ក្រុមសិល្បៈបានផ្ដល់នូវទស្សនីយភាពសម្ដែងក្នុងទម្រង់ប្លែកៗពីគ្នាសរុបចំនួន ១២៥ ដោយក្នុងនោះមានការសម្ដែងវប្បធម៌ ការបង្ហាញតន្ត្រីបុរាណប្រពៃណី និងការសម្ដែងលក្ខណៈកីឡាជាដើម។
អ្នកចូលរួមមហោស្រពក៏ត្រូវបានអញ្ជើញឲ្យឡើងរាំជាមួយសិល្បករក្មេងៗ ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការតុបតែងកាយបែបជនជាតិដើមដើម្បីស្វែងយល់ពីឫសគល់នៃវប្បធម៌ និងសិល្បៈខ្មែរ។
មហោស្រពនេះក៏មានការសម្ដែងពិសេសពីក្រុមល្ខោនបាសាក់ទម្រង់ប្លែកដែលត្រូវបានបង្កើតឡើងដោយប្រជាជនខ្មែរនៅប្រទេសវៀតណាមហៅថា Du Ke។
ទម្រង់ល្ខោនបាសាក់នេះមានប្រភពកកើតខេត្តនៅត្រាវិញក្នុងអំឡុងឆ្នាំ ១៩២០ ដោយសារតែកសិករនៅទីនោះនិយមចូលចិត្តការច្រៀង។ ទម្រង់សិល្បៈនេះត្រូវបានសារព័ត៌មានវៀតណាមចុះផ្សាយថា ជាភាពច្នៃប្រឌិតដ៏មានប្រជាប្រិយភាពរបស់ប្រជាជនខ្មែរនៅទីនោះ។
ការសម្ដែងល្ខោនបាសាក់ត្រូវបានធ្វើឡើងដោយក្រុមល្ខោនល្បីល្បាញមកពីខេត្តត្រាវិញដែលជាទឹកដីកំណើតនៃទម្រង់សិល្បៈនេះតែម្ដង។
លោក ង្វៀង វ៉ានប៉ុង នាយកស្ថានីយទូរទស្សន៍ខេត្តសុកត្រាង និងជាសមាជិកជាន់ខ្ពស់នៃគណៈកម្មការរៀបចំកម្មវិធីមហោស្រពតន្ត្រី និងរបាំខ្មែរនៅទីនោះ បានឲ្យដឹងថា៖ «ដោយគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរ សិល្បករសិល្បការិនីយើងបានច្រៀង រាំ និងសម្ដែងយ៉ាងរស់រវើកលើឆាកដែលឆ្លុះបញ្ចាំងពីសាសនា ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ»។
លោកបានលើកឡើងទៀតថា៖ «តាមរយៈមហោស្រពនេះយើងសង្ឃឹមថា ក្មេងៗជំនាន់ក្រោយនឹងអាចសិក្សាស្វែងយល់ពីសិល្បៈប្រពៃណី និងវប្បធម៌ដើមកំណើតរបស់ខ្លួនក៏ដូចជាចាប់យកនូវមេរៀនល្អៗដ៏មានប្រយោជន៍ក្នុងជីវិត ដូចជាជំរុញការស្រឡាញ់រាប់អានគ្នា»។
ខេត្តសុកត្រាងមានជនជាតិខ្មែរជាង ៣៩៧០០០ នាក់ដែលស្មើនឹងប្រមាណ ៣០ ភាគរយនៃចំនួនពលរដ្ឋសរុប។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះសហគមន៍ខ្មែររស់នៅខេត្តសុកត្រាងត្រូវបានសម្គាល់ឃើញពីការរីកចម្រើននៃជីវភាពរស់នៅរបស់ពួកគេ។
មហោស្រពតន្ត្រី និងរបាំខ្មែរឆ្នាំ ២០១៩ ត្រូវបានបញ្ចប់កាលពីថ្ងៃទី ៩ ខែមេសាកន្លងទៅថ្មីៗនេះ៕ VNS/Asia News Network