ភ្នំពេញៈ មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​មាន​ចំនួន ១០ ​ថ្ងៃ​រៀបចំ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​នឹង​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​មួយ​ចូលរួម​ផ្តល់​កម្លាំងចិត្ត​ដល់​សិល្បករ​ដែល​បាន​ចូលរួម​ចំណែក​ទៅ​ដល់​សិល្បៈ​នៅ​កម្ពុជា ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត​។

ការបង្កើត​នូវ​គម្រោង​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​វិស័យ​សិល្បៈ និង​វប្បធម៌​ក្នុង​ឆ្នាំ​ ២០១៩ គឺជា​ខួប ៤០ ឆ្នាំ​ដែល​កម្ពុជា​បាន​រួច​ផុត​ពី​របប​ខ្មែរក្រហម និង​ជា​ខួប ២០ ​ឆ្នាំ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ដែល​បាន​ចាប់ផ្តើម​នូវ​បេសកកម្ម​ធ្វើឲ្យ​សិល្បៈ​វប្បធម៌​កម្ពុជា​ជាច្រើន​ទម្រង់​រស់​ឡើង​វិញ​ដោយ​ចាប់ពី​ថ្ងៃ​ទី​ ១៤ ដល់​ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​ភ្នំពេញ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ (CLA) បង្ហើប​ឲ្យ​ដឹងថា​៖ «​ពិតណាស់ សមិទ្ធផល​សិល្បៈ​ដែល​កម្ពុជា​មាន​នៅក្នុង​ថ្ងៃ​នេះ​គឺ​មិន​អាច​កើតឡើង​បាន​ទេ ប្រសិន​បើ​គ្មាន​ក្តីស្រឡាញ់​ដែល​ផុស​ចេញ​ពី​បេះដូង ការលះបង់​ដ៏ធំធេង​ក្នុង​ការថែរក្សា អភិរក្ស និង​អភិវឌ្ឍ​របស់​ព្រឹទ្ធាចារ្យ​សិល្បៈ និង​សិល្បករ​កម្ពុជា​គ្រប់​ទម្រង់​។ ដូច្នេះ​មហោស្រព​នេះ​រៀបចំ​ឡើង​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​វីរសិល្បករ​របស់​យើង​។

ក្រុមការងារ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​នាពេល​បញ្ជ្រាប​ពី​ទម្រង់​សិល្បៈ​នានា​ដល់​យុវជន​។ រូបថត អង្គការ​ CLA

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បន្ត​ឲ្យ​ដឹង​ថា​៖ «​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​ ១៤ ដល់​ ២៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ មហោស្រព​នេះ​មាន​គោលបំណង​ធំៗ​ពីរ​គឺ​ទី​ ១ រំឭក​ខួប​ ២០ ​ឆ្នាំ​របស់​សិល្បៈ​ខ្មែរ​អមតៈ និង​ខួប ៤០ ​ឆ្នាំ​នៃ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម សម្ដែង​ការដឹងគុណ និង​ការសាទរ​ចំពោះ​សមិទ្ធផល​របស់​សិល្បករ​ទាំង​​ ៣ ​ជំនាន់​ចំពោះ​ការងារ​របស់​ពួកគេ​នៅក្នុង​ការថែរក្សា​ធ្វើឲ្យ​សិល្បៈ​មាន​ជីវិត​រស់​ឡើងវិញ និង​ទី ២ មហោស្រព​នេះ​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មកលើ​តួនាទី និង​ឥទ្ធិពល​នៃ​សិល្បៈ​មកលើ​កម្ពុជា​នៅ​រយៈពេល​ ៤០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​»​។

ក្រៅពី​នេះ​ក៏​មាន​ការរៀបចំ​នូវ​ទស្សនីយភាព​សម្ដែង​ដ៏អស្ចារ្យ​នានា​ផង​ដែរ រួមមាន​ដូចជា​ការសម្ដែង​ដោយ​សិល្បករ ៣ ​ជំនាន់​ដែល​នឹង​មាន​កម្មវិធី​ប្រគំ​តន្ត្រី របាំ ល្ខោន និង​កម្មវិធី​ជាច្រើន​ផ្សេង​ទៀត​។ លើស​ពី​នេះ​ក៏​មាន​សិក្ខាសាលា​សកម្មភាព​សិល្បៈ កិច្ចពិភាក្សា និង​ពិព័រណ៍​ស្នាដៃ ការសម្ដែង​តន្ត្រី​វង់​ធំ​បង្សុកូល ការ​រំឭក​ដល់​កម្ពុជា​ជា​ស្នាដៃ​រួមគ្នា​រវាង​លោក បណ្ឌិត ប៉ាន់ រិទ្ធី និង​លោក​បណ្ឌិត​សាស្ត្រាចារ្យ ហ៊ឹម សុភី​។

ប្រសិន​បើ​លោកអ្នក​ចាប់​អារម្មណ៍​ក្នុង​ការចូលរួម​ទស្សនា​កម្មវិធី​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ខែ​វិច្ឆិកា​នា​ចុង​ឆ្នាំ​ ២០១៩ និង​ចង់​ទទួល​បាន​ព័ត៌មាន​ថ្មី​បំផុត​ពី​កម្មវិធី​នោះ​អាច​ចូល​មើល​ទៅ​តាម https://www.facebook.com/Cambodianlivingarts/ របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​សូមជួយ​ចែករំលែក​បន្ត​ទៅ​ឲ្យ​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់​លោក​អ្នក​បាន​ដឹង​ពី​ដំណឹង​នេះ​ផង​៕