ភ្នំពេញ៖ ថ្មីៗ​នេះ ក៏​ស្រាប់​តែ​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្តី​​តាម​បណ្តាញ​សង្គម ​ជុំវិញ​រឿង​ចោទ​ប្រកាន់​ទៅ​លើ​​តារា​សម្តែង​ស្រី ដែល​មហាជន​ស្គាល់ ឬ​បាន​​ដាក់​រហស្សនាម​ថា «រាជិនី​ក្រមា» កញ្ញា មាន សូនីតា ដោយក​ញ្ញា​បាន​​រក​ឃើញ​​នូវ​ប្រភព​ចោទ​ប្រកាន់​​​ទម្លាយ​​​សារ​​​ចេញ​ពី​ហ្វេសប៊ុក​​ឈ្មោះ​ Confessions​ ដែល​បាន​អះអាង​ថា ជា​ប្រពន្ធ​​ដើម​​ស្រប​ច្បាប់​របស់​បុរស​ឈ្មោះ​ ​បេន។​

ក្រោយ​ពី​មាន​សារ​ទម្លាយ​ពី​គណនី​ខាង​លើ​​នេះ​មក ​រឿង​រ៉ាវ​​ក៏​កាន់​តែ​វែង​ឆ្ងាយ​រហូត​លេច​ឮ​ទៅ​​ដល់​​តារា​សម្តែង និង​ម៉ូដែល​​ រាង​ខ្ពស់​ស្រឡះ មាន​ធ្មេញ​​​ច្រពើស​កញ្ញា មាន សូនីតា ទំនង​ជា​​​​ទ្រាំ​លែង​បាន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នោះ​ហើយ​កញ្ញា​ក៏​បាន​​ចេញ​សារ​ដ៏​វែង​អន្លាយ​មួយ​ពន្លះ​អ្នក​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​មក​លើ​ខ្លួន​មួយ​រំពេច។

តារា​ស្រី​ស្រស់​កញ្ញា មាន សូនីតា ក៏​បាន​​​តប​សារ​​​វិញ​ថា៖ «​ជូន​​ចំពោះ​អ្នក​ក្លាហាន ​វិភាគ​សង្គម ​ហ្វេសប៊ុក ​facebook ​ទាំង​ឡាយ! ខ្ញុំ​បាន​​​​ទទួល​សារ​ និង​ការ​ទាក់ទង​ពី​មិត្តភក្តិ អ្នក​គាំទ្រ​ច្រើន​មែន​ទែន ប្រាប់​ខ្ញុំ​ពី​រឿង ដែល​អ្នក​ក្លាហាន​វិភាគ​សង្គម​ហ្វេសប៊ុក ​កំពុង​ជ្រួល​ច្របល់​លើ​ហ្វេសប៊ុក​ថ្ងៃ​នេះ។​

រួច​ខ្ញុំ​ក៏​ចូល​មើល​​​ផេក Confessions ដែល​ជា​កន្លែង​ដើម​ហេតុ។ ​មិន​គួរ​ឲ្យ​ជឿ​ថា សង្គម​យើង​ ប្រជាជន​យើង (ចំពោះ​តែ​មនុស្ស​ប្រភេទ​​​ហ្នឹង) ​មិន​មាន​ការ​គិត​ទាល់​តែ​សោះ លឿន​​ហួស​ការ​ស្មាន! ​​មិន​​ចប់​ត្រឹម​​ហ្នឹង​ទេ អ្នក​ទាំង​នោះ​​ បាន​សរសេរ comment​ ​មក​លើ​រូបភាព​​ដែល​​​នាង​ខ្ញុំ​បាន​បង្ហោះ​ ពេល​​​ថ្ងៃ​ត្រង់​នេះ​ទៀត ​ហើយ​​កំពុង​តែ​ចូល​ទៅ​​លុកលុយ​​​​នៅ​ការ​ផុស​​ចាស់ៗ​​​​របស់​ខ្ញុំ​ថែម​ទៀត ​សុទ្ធ​​តែ​ថា​ «រក​ឃើញ​ហើយ​ ​នេះ​មែន​ទែន​ហើយ​អញ​ថា​មែន ​មី​ពួក​តារា​តែ​​អ៊ីចឹង ខ្វះ​ប្តី​មែន បាន​យក​​​របស់​គេ» ​ច្រើន​មហា​ច្រើន! ប្លែក​ចម្លែក​ភ្នែក ​សឹង​តែ​មិន​ជឿ​ថា អ្នក​​ហ៊ាន​​ពេក!»។​

អ្វី​​ដែល​​មហាជន​ចាប់​​អារម្មណ៍​ខ្លាំង​​ ​គឺ​​រឿង​គេ​ចោទ​ប្រកាន់​ថា​​ ​នាង​មាន​​ស្នេហា​ប៉ះ​ចំ​ប្តី​គេ នោះ​ក៏​ត្រូវ​បាន​ ​កញ្ញា មាន សូនីតា ​បាន​បក​​​ស្រាយ​នៅ​​​​ក្នុង​សារ​​​ដ៏​​​វែង​​អន្លាយ​​នោះ​ផង​ដែរ​​ អាច​ចាត់​ទុក​ថា​ ជា​ការ​ជម្រះ​មន្ទិល​មហាជន​ថា​៖​ «អូ!​ មួយ​ទៀត! ​ចំពោះ​​សំណួរ​​មួយ​ទៀត សួរ​ខ្ញុំ​ថា​​ យក​របស់​គេ​ហើយ បាន​មិន​​ដែល​​​​​បង្ហាញ​​មុខ​ដៃ​គូស្នេហា​សោះ។ ​ខ្ញុំ​ចង់​​​​​ប្រាប់​ថា ​ខ្ញុំ​ជា​បុគ្គល​​សាធារណៈ ​(Public Figure) មែន ​ជា​តារា​សម្តែង​​មែន តែ​​​​​​ខ្ញុំ​​មិន​សម្តែង​​ជាមួយ​​​ជីវិត​ពិត​របស់​ខ្ញុំ​ទេ ​(សុំ​និយាយ​​​ម្តង​ទៀត)​ ជីវិត​ស្នេហា​របស់​ខ្ញុំ គឺ​ជា​ជីវិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ​និង​ដៃគូ​ខ្ញុំ។​

២ នាក់​ខ្ញុំ​ស្រឡាញ់​គ្នា ​មិន​ចាំបាច់​ត្រូវ​តែ​បង្ហោះ ​ដើរ​ប្រាប់​គេ​ឯង​នោះ​​​​ទេ ​បាន​គេ​ថា​យើង​ស្រឡាញ់​គ្នា ឬ​ក៏​​​ដើម្បី​បង្ហាញ​​ថា ​នាង​ខ្ញុំ​​​ពិត​​ជា​មិន​យក​​​របស់​​គេ​មែន​។ ​ខ្ញុំ​មាន​សិទ្ធិ​ លើ​ការ​សម្រេច​ចិត្ត​​របស់​ខ្ញុំ ​តែ​ខ្ញុំ​មិន​បាន ​និង​​​​​​មិន​បំផ្លាញ ​រំលោភ​សិទ្ធិ​បុគ្គល​ណា​មួយ​​ឡើយ​​»៕​