ភ្នំពេញ៖ នា​ពេល​ថ្មី​នេះ​ អតីត​តារា​ចម្រៀង​ស្រី​កំពូល​នៅ​ទ្រនំ​ថោន មាស សុខសោភា ស្រាប់​តែ​ចេញ​បទ​ចម្រៀង​ថ្មី​ មាន​​ចំណង​ជើង​ថា ​«ស្រណោះ​ដៃប្តី​»​ នៅ​ក្នុង​ប៉ុស្តិ៍​ Camtrax ដែល​ជា​​​​​ផលិតកម្ម​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​​របស់​តារា​ចម្រៀង​ស្រី​សំឡេង​រៃ​កណ្តឹង​រូប​នេះ ក្រោយ​ពី​បាន​​​​សម្រេច​​​ដើរ​ចេញ​ពី​​ទ្រនំ​ចាស់​ ដែល​ធ្លាប់​ជ្រក​​កោន​ជាង​​ ៩ ឆ្នាំ​មក​នោះ​។​

បទ​​ចម្រៀង​ថ្មី​បែប​មនោសញ្ចេតនា​ លន្លង់​លន្លោច​ ដែល​​និពន្ធ​​ទំនុក​ច្រៀង​ដោយ​លោក​​ ងួន សុបិន​ អតីត​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​​​នៅ​​ផលិតកម្ម​​ថោន​ផង​ដែរ​​ ដោយ​មាន​ចំណង​ជើង​ថា «​ស្រណោះ​ដៃ​ប្តី​»​ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​យ៉ាង​ច្រើន​​ បាន​​​ចូល​​ទៅ​ចុច Like​ ​& Comment ​ដោយ​គ្រាន់​តែ​​​បាន​​​​បញ្ចូល​ក្នុង​​​បណ្តាញ​​សង្គម​យូធូប​​​ប៉ុន្មាន​ថ្ងៃ​មក​​​នោះ​។

អ្នក​គាំទ្រ​​ខ្លះ ​​បាន​​លើក​ឡើង​ថា៖ «ពីរោះ ​អត្ថន័យ ​កប់ស៊េរី​ កម្សត់​ខ្លោចផ្សា ​ផ្អែមល្ហែម​ បំពេ​អារម្មណ៍​ ពាក្យ​​សម្តី​​ទៅ​កាន់​បុរស​​ម្នាក់ ដែល​ធ្លាប់​ថ្នម​បី គឺ​​ប្តី​ហ្នឹង​ហើយ ដៃ​ហ្នឹង​​ទៅ​ថ្នម​ស្រី​ថ្មី​ហើយ​​ពេល​នេះ​។ អត្ថន័យ​ចាក់​ដោត​ដល់​បេះដូង ​ពី​អ្នក​និពន្ធ​លោក ងួន ​សុបិន ​បង្ហើរ​សំនៀង​ដោយ​​អ្នកនាង ​មាស សុខ​សោភា ជា​​​កុល​ធីតា​ខ្មែរ​ដ៏​ឆ្នើម។ ​នេះ​បាន​ចំ​ជា​ធនធាន​មនុស្ស ល្អ​កម្រ​​រក​បាន​ពិតៗ! បង​មាន​សម្ថភាព ច្រៀង​បាន​គ្រប់​យ៉ាង​ មាន​ផលិតកម្ម​ផ្ទាល់​ខ្លួន​ មាន​ភាព​ឯករាជ្យ​ ប្រឹងប្រែង​ផលិត​ចម្រៀង​​ឲ្យ​មាន​គុណភាព​ទៅ​បង​ ហើយ​​ធ្វើ​ខនសឺត​ផ្ទាល់​ខ្លួន ដូចជា​តារា​​បរទេស​ទៅ​​បង​​ភា!​ តារាស្រី​តែ​ម្នាក់​ ដែល​ខ្ញុំ​ស្ដាប់​បទ​​​បង!»។​

ចំណែក​អ្នក​ខ្លះ​​ទៀត​វិញ​ថា​៖ «​ខ្ញុំ​ពិត​ជា ​ស្រឡាញ់​បង​ស្រី​ខ្លាំង​ណាស់​ ​បង​ជា​​តារា​ចម្រៀង​​ស្រី​​ម្នាក់​ ដែល​​​​ក្លាហាន​​នៅ​ក្នុង​​វិថី​​សិល្បៈ​​​មួយ​នេះ​​ តារា​​ដែល​​​យក​​ធម្មជាតិ​​ធ្វើ​ជា​មិត្តភក្ដិ​​ ជា​តារា​​ដែល​​មាន​​សំឡេង​​​ផ្អែម​​ តារា​ស្រី​ដែល​​មាន​​បទ​​លំនាំ​​ពី​ដើម​ច្រើន​​ជាង​គេ​​​ក្នុង​​ចំណោម​​​តារា​ស្រី​​ជំនាន់​បង!​ បើ​អ្នក​​ជា​ហ្វេន​​របស់​គាត់​​ គួរ​​​កុំ​យក​គាត់​ប្រៀប​ ទៅ​​នឹង​តារា​​ស្រី​​ផ្សេង​ទៀត​ ​ព្រោះ​ថា ​​បងៗ​​សុទ្ធ​​​តែ​ជា​មិត្ត​រួម​​ជំនាន់​​​អាជីព​​ មាន​ទេពកោសល្យ​​ម្យ៉ាង​ម្នាក់​ គាំទ្រ​​សិល្បករ​ សិល្បការិនី​ខ្មែរ!​»។​

ចំណែក​ឯ​តារា​ចម្រៀង​ស្រី​ ដែល​ចូល​ចិត្ត​តែ​បក​​ស្រាយ​ចម្រៀង​បែប​អូរីជីណល មិន​ច្រៀង​បទ​​ចម្លង​ពី​គេ​អ្នកនាង មាស សុខ​សោភា ក៏​បាន​បង្ហោះ​សារ​បែប​លួង​លោម​អារម្មណ៍​ប្រិយ​មិត្ត​ខ្លួន​​​កាល​ពី​ថ្ងៃ​បង្ហោះ​វីដេអូ​បទ​ថ្មី​ក្នុង​យូធូប​ដំបូង​ថា៖ «​សួស្ដី! ​​បងប្អូន​ទាំង​អស់​គ្នា ​ល្ងាច​នេះ នាង​ខ្ញុំ​នឹង​បង្ហោះ​វីដេអូ​បទ​ចម្រៀង​ថ្មី​របស់​នាង​ខ្ញុំ​សម្រាប់​ជា​កាដូ​​ដល់​បងប្អូន​ទាំង​អស់​គ្នា​​ស្ដាប់​កម្សាន្ត​នា​ថ្ងៃ​ចុង​សប្ដាហ៍។ សូម​បងប្អូន​​ជួយ subscribe YouTube Channel នាង​ខ្ញុំ​តាមរយៈ​ Link ខាង​​​ក្រោម​​ផង​!​»​។​

ទោះ​ជា​យ៉ាង​ណា​ក្តី​រហូត​​មក​ដល់​ពេល​នេះ ​គេ​នៅ​តែ​​មិន​​ទាន់​បាន​ដឹង​ច្បាស់​ទេ​​ថា ទ្រនំ​ថ្មី​របស់​អ្នកនាង​ ​មាស សុខ​សោភា ជា​ផលិតកម្ម​​មួយ​ណា​នោះ​ បើ​ទោះបី​ជា​​គេ​បាន​ដឹង​​តម្រុយ​រួច​ហើយ​ថា​ គោលដៅ​អនាគត​​​ដែល​ជា​ទ្រនំ​​ថ្មី​របស់​អ្នកនាង​អាច​ផលិតកម្ម​ហង្សមាស​នោះ​​ក្តី​ ខណៈ​គេ​ឃើញ​តារា​ចម្រៀង​ស្រី​រូប​នេះ​សុខ​​ចិត្ត​សំងំ​ចេញ​បទ​ចម្រៀង​ថ្មីៗ​របស់​ខ្លួន​ជាមួយ​​នឹង​​​​​ផលិតកម្ម​ខ្លួន​ឯង​ Camtrax ជា​បណ្តើរៗ​សិន​ មិន​ព្រម​​បញ្ជាក់​ពី​​គោល​ដៅ​នៃ​ទ្រនំ​ថ្មី​ខ្លួន​ដដែល​​៕​