ភ្នំពេញ៖ ខណៈការឃ្លាតឆ្ងាយពីប្រិយមិត្តទៅកាន់ទឹកដីឯនាយសមុទ្រប្រទេស កាណាដា អស់រយៈពេលប្រមាណ ៦ ខែ ដើម្បីលម្ហែកាយ ជាមួយម្ចាស់ចិត្ត និងសម្តែងសិល្បៈក្រៅស្រុករយៈពេលយូរនោះ កំពូលតារាចម្រៀងស្រីទ្រនំផលិតកម្មថោន កញ្ញា មាស សុខសោភា បានវិលមកស្រុកខ្មែរវិញ មិនទាន់ទាំងបានប៉ុន្មានផង នៅចុងខែវិច្ឆិកានេះ នឹងត្រូវចេញទៅចូលរួមកម្មវិធីសិល្បៈ ក្រៅប្រទេសមួយទៀត គឺការប្រគំតន្រ្តីនៅប្រទេស កូរ៉េ។
ពិតជាមោទនភាពសម្រាប់អ្នកសិល្បៈខ្មែរ ដោយតារាចម្រៀងដ៏ល្បីកញ្ញា មាស សុខសោភា នឹងត្រូវក្លាយជាតំណាងកម្ពុជា សម្រាប់ការចូលរួមសម្តែង នៅក្នុងព្រឹត្តិការណ៍សិល្បៈធំមួយឈ្មោះ «ASEAN FANTASIA 2019» នឹងប្រារព្ធធ្វើនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅឯទីក្រុង Changwon ប្រទេស កូរ៉េខាងត្បូង ដោយកម្មវិធីនេះ ឃើញថាមានតំណាងសិល្បករ-សិល្បការិនីនៃប្រទេសអាស៊ាននានាមួយចំនួនទៀតផងដែរ ក្រៅពីកម្ពុជាយើង ដែលនឹងត្រូវជួបជាមួយក្រុមសិល្បករ-សិល្បការិនីកូរ៉េល្បីជាច្រើនជាម្ចាស់ផ្ទះ។
ហើយជាអាទិ៍នោះ ក្រុមសិល្បករ-សិល្បការិនីជាម្ចាស់ផ្ទះនោះរួមមានដូចជាតារាចម្រៀងប្រុស K-Pop ដ៏ល្បីរួមមានដូចជាលោក PSY គឺជាម្ចាស់បទល្បី «Gangnamstyle» បទ «Gentleman» បទ «Hang Over» ពីសំណាក់តារាចម្រៀងស្រីកូរ៉េល្បីៗមានកញ្ញា BOA កញ្ញា Sandara Park ក្រុមចម្រៀងប្រុស NCT127 ជាដើម និងក្រុមតារាប្រុស-ស្រីមកពីប្រទេសអាស៊ានចំនួន ៥ ផងដែរ រួមមានប្រទេស កម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា។
ចំពោះហេតុផលអ្វីបានជាឃើញវត្តមានតែកញ្ញា មាស សុខសោភា និងព័ត៌មានពាក់ព័ន្ធទៅនឹងដំណឹងចេញពីស្រុកខ្មែរពេលណា ហើយការសម្តែងប៉ុន្មានថ្ងៃនោះ មិនត្រូវបានបកស្រាយលម្អិតពីកញ្ញា មាស សុខសោភា ឡើយដោយសារប្រព័ន្ធទូរស័ព្ទតេចូល តែគ្មានអ្នកលើកទទួល ខណៈលោក មាស សុខរតនៈ ក៏បង្ហើបថា គាត់កំពុងចេញដំណើរទៅកាន់ប្រទេស ថៃ ហើយនាពេលនេះ។
ហើយលោក មាស សុខរតនៈ គឺជាអ្នកគ្រប់គ្រងទូទៅនៃផលិតកម្មថោន និងជាបងប្រុសបង្កើតរបស់កញ្ញា មាស សុខសោភា ក៏មិនបានដឹងរឿងនេះដែរ ដោយលោកគ្រាន់តែបានប្រាប់ថា៖ «ខ្ញុំសុំទោសផង! ចំពោះបញ្ហានេះ ខ្ញុំក៏អត់បានដឹងដែរ ព្រោះថាខ្ញុំបានប្រគល់កិច្ចការនេះឲ្យគាត់ [សោភា] ធ្វើការទំនាក់ទំនងដោយខ្លួនឯងតែប៉ុណ្ណោះ ជាមួយកម្មវិធី»។
ចំណែកឯកម្មវិធីប្រគំតន្ត្រី «ASEAN FANTASIA 2019 នេះ នឹងប្រារព្ធធ្វើឡើង ដើម្បីលើកកម្ពស់នៃទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងបណ្តាប្រទេសនានានៃតំបន់អាស៊ាន ហើយអ្វីដែលកាន់តែពិសេសនោះ គឺក្រុមសិល្បករកូរ៉េ និងក្រុមសិល្បករ នៃតំបន់អាស៊ាន នឹងអាចទទួលបាននូវអ្វីជាបទពិសោធថ្មីជាមួយគ្នា និងធ្វើការសម្តែងរួមគ្នាទៀតផងសម្រាប់វិស័យសិល្បៈវប្បធម៌ ក៏ដូចជាទំនាក់ទំនងរវាងប្រទេស និងប្រទេស៕